Liverpool បានយកឈ្នះ Arsenal ដោយការវាយបកក្នុងលទ្ធផល ៣-១ ក្នុងជំនួបក្របខណ្ឌ Premier League នៅរាត្រីថ្ងៃទី២៨ ខែកញ្ញា។ ជ័យជម្នះនេះ ធ្វើឲ្យម្ចាស់ការពារតំណែងជើងឯក អាចរក្សាកំណត់ត្រាមិនចាញ់សោះនៅ Anfield ចំនួន៥លើកជាប់ៗគ្នាក្នុងជំនួបជាមួយកាំភ្លើងធំ។
ខ្សែប្រយុទ្ធ Alexandre Lacazette បានជួយឲ្យក្រុមភ្ញៀវ Arsenal នាំមុខ១គ្រាប់មុន ប៉ុន្តែការសម្រេចទីរបស់ Sadio Mane, Andy Robertson និង Diogo Jota បានជួយឲ្យម្ចាស់ផ្ទះ Liverpool ទទួលបាន៣ពិន្ទុបន្ថែមទៀត សម្រាប់ការប្រកួតសប្តាហ៍ទី៣នៅរដូវកាល២០២០-២១នេះ។
ជ័យជម្នះនេះ បានជួយឲ្យក្រុមលោក Jurgen Klopp រក្សាកំណត់ត្រាមិនចាញ់ក្នុងដីទល់ Arsenal ចំនួន៥រដូវកាលជាប់គ្នា ចាប់តាំងពីអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ឡើងទៅដឹកនាំក្នុងឆ្នាំ២០១៥មក។
ដើមឡើយគេគិតថាលោក Mikel Arteta នឹងក្លាយជាអ្នកចាត់ការក្រុម Arsenal ដំបូងបង្អស់ដែលអាចផ្តួល Liverpool នៅ Anfield ប៉ុន្តែអ្វីៗមិនសមបំណងឡើយ។
លទ្ធផលការប្រកួត៣លើកឈ្នះទាំង៣លើក Liverpool ក្នុងនាមក្រុមការពារតំណែងជើងឯក ទទួលបាន៩ពិន្ទុពេញឈរនៅលេខរៀងទី២ក្នុងតារាងលីគកំពូលអង់គ្លេសតាមពីក្រោយក្រុមកំពូលតារាង Leicester City ដែលមាន៩ពិន្ទុ តែមានសំណល់គ្រាប់សុទ្ធល្អជាង។ Arsenal ដែលឈ្នះ២ប្រកួតដំបូង ឈរនៅលេខរៀងទី៥ មាន៦ពិន្ទុ។
កំណត់ត្រាលោក Klopp ក្នុងការរក្សាកំណត់ត្រាមិនចាញ់ Arsenal នៅ Anfield ក្នុងជំនួបក្នុងលីគទាំង៥លើក៖
- ៤-៣-២០១៧ Liverpool ៣-១ Arsenal
- ២៧-៨-២០១៧ Liverpool ៤-០ Arsenal
- ២៩-១២-២០១៨ Liverpool ៥-១ Arsenal
- ២៤-៨-២០១៩ Liverpool ៣-១ Arsenal
- ២៨-៩-២០២០ Liverpool ៣-១ Arsenal