កុំ​រំលង​! គន្លឹះ​ងាយៗ​ទប់ស្កាត់​ជំងឺ​រលាក​ខ្នែងពោះវៀន​
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
កុំ​រំលង​! គន្លឹះ​ងាយៗ​ទប់ស្កាត់​ជំងឺ​រលាក​ខ្នែងពោះវៀន​
29, Sep 2020 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ចង់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន​មិន​ពិបាក​ឡើយ​! គួរ​ធ្វើ​បែបណា​ខ្លះទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន ៖

 
១. ព្យាយាម​ទទួលទាន​ផ្លែឈើ​
 
​របប​អាហារ​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ គឺ​ល្អ​ណាស់​ក្នុងការ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន​។ ជាតិ​ស​សៃ​ជួយ​កម្ចាត់​ជាតិពុល​និង​កាកសំណល់​ដែល​បណ្ដាលឱ្យ​ខ្នែងពោះវៀន​ស្ទះ​ជា​លទ្ធផល​នៃ​ការ​ហើម​និង​ឆ្លង​មេរោគ​។ ការ​ទទួលទាន​ផ្លែឈើ​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​បង្កើន​បរិមាណ​ជាតិ​ស​សៃ ជាតិ​រ៉ែ វីតាមីន និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​រាងកាយ​ត្រូវការ​ប្រចាំថ្ងៃ​។​
 
២. រួមបញ្ចូល​បន្លែ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​
 
​ក៏​ដូចនឹង​ផ្លែឈើ​ដែរ បន្លែ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​ដែល​ជួយ​ធានាបាន​ថា​ប្រព័ន្ធ​រំលាយ​អាហារ​របស់​អ្នក​ស្ថិតក្នុង​ស្ថានភាព​ល្អប្រសើ​រ​។ ក្រៅពី​បន្លែ​បៃតង​អ្នក​ក៏​ព្យាយាម​ទទួលទាន​បន្លែ​ប្រភេទ cruciferous រួមមាន​ស្ពៃក្ដោប ផ្កា​ខាត់ណា និង​ប្រូ​ខូ​លី​ជាដើម​ផងដែរ​។​
 
៣. អាហារ​ដែលមាន​ប្រសិទ្ធភាព​ប្រឆាំង​ការ​រលាក​
 
​អ្នក​ក៏​គួរ​រួម​អាហារ​ដែលមាន​ប្រសិទ្ធភាព​ប្រឆាំង​ការ​រលាក​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ផងដែរ​ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន​។ អាហារ​ទាំងនោះ​រួមបញ្ចូល​ទាំង​ត្រី​សម្បូរ​ខ្លាញ់ ប្រេង​អូ​លីវ រមៀត ខ្ញី ខ្ទឹមស ខ្ទឹមបារាំង ខ្ទឹមក្រហម និង​តែ​បៃតង​។​
 
៤. ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ជាប្រចាំ​
 
​ក្រៅពី​រួមបញ្ចូល​អាហារ​សម្បូរ​ជាតិ​ស​សៃ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ហើយ​នោះ អ្នក​ក៏​ចាំបាច់​ត្រូវ​ទទួលទាន​ទឹក​ឱ្យបាន​ច្រើន​គ្រប់គ្រាន់​ផងដែរ​ដើម្បី​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​។ ដូច្នេះ​ដើម្បី​អាច​ចៀសផុត​បញ្ហា​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន ក៏ដូចជា​អាកា​រៈ​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​អ្នក​គួរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យបាន​ប្រមាណ ២ លីត្រ​ក្នុង​មួយថ្ងៃ​។​
 
៥. កាត់បន្ថយ​ភាព​ស្ត្រេ​ស​
 
​ក៏​ព្រោះតែ​ជំងឺ​រលាក​ខ្នែងពោះវៀន​ជា​ទម្រង់​នៃ​ការឆ្លង​មេរោគ​មួយ ដូច្នេះ​ការរក្សា​ឱ្យបាន​នូវ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ដែល​រឹងមាំ គឺ​ចាំបាច់​ណាស់​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នេះ​។ មួយ​ក្នុងចំណោម​មូលហេតុ​ផ្សេងទៀត​ដែល​អាច​បណ្ដាលឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​ចុះខ្សោយ​នោះ គឺ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​កម្រិត​ស្ត្រេ​ស​ឡើង​ខ្ពស់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​គ្រប់គ្រង​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍​របស់​អ្នក​។​
 
៦. ទទួលទាន​អាហារ​សម្បូរ​ទៅដោយ​វីតាមីន C
 
​វិធី​ដ៏​ប្រសើរ​បំផុត​មួយ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​រលាក​ខ្នែងពោះវៀន គឺ​ការរួមបញ្ចូល​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន C ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
​រួមផ្សំ​នឹង​របប​អាហារ​សុខភាព​ល្អ ការឈប់​ជក់បារី ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម និង​គេង​ឱ្យបាន​គ្រប់គ្រាន់​ពី ៧ ទៅ ៩ ម៉ោង​រាល់​យប់នោះ​អ្នកនឹង​មិន​ងាយ​កើត​ជំងឺ​រលាក​ខ្នែងពោះវៀន​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com