ជាតិ
សង្គមជាតិ
អភិបាលក្រុងភ្នំពេញ៖ គម្រោងលុបស្រះជាង១០ហិកតានៅហ្គ្រេនភ្នំពេញ មិនមែនជាទ្រព្យសម្បត្តិសាធារណៈឡើយ លោក ឃួង ស្រេង
× ភ្នំពេញ៖ គម្រោងអភិវឌ្ឍថ្មីដោយលុបស្រះទឹកដែលមានទំហំជាង១០ហិកតា(បណ្តាយ៤២៣ម៉ែត្រ,ទទឹង២៤៥ម៉ែត្រ)របស់ក្រុមហ៊ុនជីបម៉ុង នៅទីក្រុងរណបហ្គ្រេនភ្នំពេញនោះ គឺមិនមែនជាទ្រព្យសម្បត្តិសាធារណៈឡើយ។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។
ឆ្លើយតបតំណាងពលរដ្ឋ១៤០គ្រួសារ នាំគ្នាតវ៉ានឹងគម្រោងលុបស្រះទឹកនេះ លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញពុំមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ ក្នុងការអន្តរាគមន៍រក្សា និងទប់ស្កាត់ការលុបស្រះទឹកនេះ ពីក្រុមហ៊ុនជីប ម៉ុង បានឡើយ។ លោក បន្តថា បើរដ្ឋបាលរាជធានីភ្នំពេញអន្តរាគមន៍រក្សា និងទប់ស្កាត់ការលុបស្រះទឹកខាងលើនេះ វានឹងក្លាយជាទង្វើរំលោភមាត្រា៨៥ និងមាត្រា៨៨នៃច្បាប់ភូមិបាល។
លិខិតមួយច្បាប់របស់សាលារាជធានីភ្នំពេញ ជូនទៅតំណាងពលរដ្ឋទាំង១៤០គ្រួសាររស់នៅក្នុងបុរីទីក្រុងរណបអន្តរជាតិហ្គ្រេនភ្នំពេញ កាលពីថ្ងៃទី២៨កញ្ញាម្សិលមិញ ដោយសង្កត់ធ្ងន់ថា ស្រះទឹកដែលមានទំហំជាង១០ហិកតានេះ គឺមានប័ណ្ណសម្គាល់សិទ្ធកាន់កាប់អចលនវត្ថុលេខ ភ.ព ១២៥៩៨ ចុះថ្ងៃទី២៥សីហា ឆ្នាំ២០០៩របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយាដីរាជធានីភ្នំពេញ ដែលជាកម្មសិទ្ធិរបស់លោក លាង ឃុន និងលោក លាង ម៉េង បានទិញពីក្រុមហ៊ុនវ៉ាយ អិល ភីគ្រុប។ មានន័យថា ទីតាំងស្រះនោះ ស្ថិតនៅក្នុងសិទ្ធិកាន់កាប់ឯកជនត្រឹមត្រូវរបស់ក្រុមហ៊ុន ជីប ម៉ុង។
រូបប្លង់មេដើម(ចាស់) នៃការអភិវឌ្ឍបុរីហ្គ្រេនភ្នំពេញនៅទីក្រុងរណប។
កាលពីថ្ងៃទី២៦កញ្ញា តំណាងពលរដ្ឋទាំង១៤០គ្រួសារ រស់នៅក្នុងទីក្រុងរណបហ្គ្រេនភ្នំពេញ បាននាំគ្នាតវ៉ាជំទាស់ចំពោះគម្រោងលុបស្រះទឹក(បឹង)ក្នុងសហគមន៍ ដោយក្រុមហ៊ុន ជីប ម៉ុង លែន នេះ។ ពលរដ្ឋទាំងនោះ បានជួបជុំគ្នា ក្នុងបុរីទីក្រុងរណបអន្តរជាតិហ្គ្រេនភ្នំពេញ ដោយមានកាន់បដាធំៗ ដើម្បីបញ្ជាក់ពីគោលជំហរក្នុងការប្រឆាំងដាច់ខាតចំពោះគម្រោងលុបបឹងនេះ។
ក្នុងបដាប្រឆាំងចំពោះគម្រោងលុបបឹងនេះ មានសរសេរដូច្នេះថា៖«គាំទ្រការអភិវឌ្ឍ ដោយរក្សាស្រះទឹក និងទីលានវាយកូនហ្គោលតាមប្លងមេ ដែលមានផ្សព្វផ្សាយលក់របស់ក្រុមហ៊ុន YLP និង CIPUTRA។ ក្រុមហ៊ុន ជីប ម៉ុង ត្រូវរក្សាស្រះទឹកដូចប្លង់មេមុនឆ្នាំ២០១៩»។
សារព័ត៌មានថ្មីៗ មិនទាន់អាចទាក់ទងខាងក្រុមហ៊ុន ជីប ម៉ុង លែន ដើម្បីសុំការអត្ថាធិប្បាយលើករណីនេះឡើយ៕
Tag:
អភិវឌ្ឍ
ក្រុងរណប
ហ្គ្រេនភ្នំពេញ
លោក ឃួង ស្រេង
© រក្សាសិទ្ធិដោយ thmeythmey.com