អន្តរជាតិ
លោក ច​ន​សុន សន្យា​បង្កើន​ដី​អភិរក្ស​ឲ្យ​បាន​៣០​ភាគរយ​នៃ​ផ្ទៃដី​សរុប​ចក្រភព​អង់គ្លេស​នៅ​ឆ្នាំ​២០៣០
29, Sep 2020 , 1:59 pm        
រូបភាព
រូបភាព RSBP
រូបភាព RSBP
ដោយ៖​កង ម៉េង​ហុង
​នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស បូរី​ស ច​ន​សុន បាន​សន្យា​បង្កើន​ទំហំ​ដី​អភិរក្ស​ឲ្យ​ដល់​៣០​ភាគរយ​នៃ​នៃ​ផ្ទៃដី​សរុប​របស់​ចក្រភព​អង់គ្លេស​។ ដើម្បី​អនុវត្តតាម​ការប្ដេជ្ញាចិត្ត​ដែលមាន​គោលដៅ​គាំទ្រ​ដល់​ការ​ងើបឡើង​នៃ​ធម្មជាតិ តំបន់​ជនបទ​របស់​ប្រទេស​អង់គ្លេស​ចំនួន​បួន​សែន​នាក់​ហិកតា នឹងត្រូវ​ដាក់​ឲ្យ​ក្រោម​ការការពារ ស្រប​ពេលដែល​ទំហំ​ដី​អភិរក្ស​នៅ​ផ្នែក​ផ្សេងទៀត​នៅ​ចក្រភព​អង់គ្លេស ក៏​នឹងត្រូវ​បង្កើន​ដែរ​។

 
​យោងតាម​សារព័ត៌មាន BBC លោកនាយក​រដ្ឋមន្ត្រី បូរី​ស ច​ន​សុន នឹង​ប្រកាស​ពី​ការប្ដេជ្ញាចិត្ត​របស់​ចក្រ​ភព​អង់គ្លេស​ក្នុងការ​បង្កើន​ទំហំ​ដី​អភិរក្ស​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​មួយ​ស្ដីពី​ធម្មជាតិ​។ លោក ច​ន​សុន នឹងចូលរួម​ជាមួយ​មេដឹកនាំ​ចំនួន​ប្រទេស ក្នុង​យុទ្ធនាការ​បញ្ចៀស​ការបា​ត់​បង់​នៅក្នុង​ពិភពលោក​ធម្មជាតិ​នៅត្រឹម​ឆ្នាំ​២០៣០​។ 
 
​សព្វថ្ងៃ ផ្ទៃដី​ឧទ្យាន​ជាតិ​ដែលជា​តំបន់​មាន​សម្រស់​ធម្មជាតិ​ល្អ​ប្លែក និង​តំបន់​ការពារ​ផ្សេងៗ​ទៀត មាន​ទំហំ​២៦​ភាគរយ​នៃ​ផ្ទៃដី​ប្រទេស​អង់គ្លេស​។ ក្នុង​សម្រង់​សុន្ទរកថា​ដែល​លោក ច​ន​សុន នឹង​ថ្លែង​ក្នុងជំនួប​ខាងមុខ រដ្ឋាភិបាល​របស់លោក នឹង​បង្កើន​ចំនួន​ផ្ទៃដី​ដែល​ទទួលបាន​ការការពា​រ​នេះ​ពី​២៦​ភាគរយ​នាពេល​បច្ចុប្បន្ន​ដល់​៣០​ភាគរយ​នៅ​ឆ្នាំ​២០៣០​។ នេះ​បើតាម​ប្រ​ភ​ព័ត៌មាន​ដដែល​។ 
 
​ខណៈ​បរិស្ថាន ជា​បញ្ហា​ដែល​ស្មុគស្មាញ​នោះ រដ្ឋាភិបាល​អង់គ្លេស នឹងធ្វើ​ការ​ជាមួយ​ប្រទេស​ស្កុ​តលែ​ន វែ​លស៍ និង​អៀរ​ឡង់​ខាងជើង ក៏ដូចជា​ម្ចាស់​ដីឯកជន​ដើម្បី​បង្កើន​បរិមាណ​ដីការ​ពារ​នៅ​ទូទាំង​ចក្រភព​អង់គ្លេស​។ អង់គ្លេស ស្កុ​តលែ​ន វែ​លស៍ និង​អៀរ​ឡង់​ខាងជើង ជា​រដ្ឋ​ចំណុះ​ចក្រភព​អង់គ្លេស​។ 
 
«​យើង​មិនអាច​ស្ទាក់ស្ទើរ និង​ពន្យារពេល​បានទេ ព្រោះ​ជីវចម្រុះ​កំពុង​បាត់បង់​រាល់ថ្ងៃ ហើយ​ការបាត់បង់​នេះ មាន​អត្រា​គួរ​ឲ្យ​ភ័យខ្លាច​ទៀតផង​។​» នេះ​ជា​អ្វីដែល​លោក ច​ន​សុន នឹង​ថ្លែង​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​ខាងលើ​។ លោក​ក៏​នឹង​ទទូច​ឲ្យ​ប្រទេស​ទាំងអស់​ប្រែក្លាយ​ការនិយាយ​ទាំង​អម្បាលម៉ាន​ទៅជា​សកម្មភាព​ជាក់ស្ដែង និង​សម្រេច​ឲ្យ​បាន​គោលដៅ​សម្រាប់​ការការពារ​ធម្មជាតិ​ជាមួយ​ការដាក់កំហិត​តែម្ដង​។​
 
​ជាមួយគ្នានេះ លោកនាយក​រដ្ឋមន្ត្រី ច​ន​សុន ក៏​នឹង​ចុះហត្ថលេខា​លើ «​ការសន្យា​របស់​មេដឹកនាំ​សម្រាប់​ធម្មជាតិ​» ដែល​រួមបញ្ចូល​ការប្តេជ្ញាចិត្ត​ផ្តល់​អាទិភាព​ដល់​ការស្តារ​បរិស្ថាន​ឡើងវិញ​ក្នុង​វិធាន​ការស្ដារ​សេដ្ឋកិច្ច​ក្រោយ​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ការ​ស្រេច​ឲ្យ​បាន​គោលដៅ​ជីវចម្រុះ និង​ការបង្កើន​ហិរញ្ញប្បទាន​សម្រាប់​ធម្មជាតិ​៕
 
 

Tag:
 អង់គ្លេស​
  ធម្មជាតិ​
  បូរី​ស ច​ន​សុន
© រក្សាសិទ្ធិដោយ thmeythmey.com