កីឡាអន្តរជាតិ
អន្តរជាតិ
១០​នាក់​នៅ EPL ឆ្លង COVID-19 ខណៈ​សមាជិក​ក្រុម Genoa នៅ Serie A ឆ្លង​១៤​នាក់​
29, Sep 2020 , 11:55 am        
រូបភាព
​មនុស្ស​ចំនួន​១០​នាក់​បន្ថែមទៀត​ពី​ក្របខណ្ឌ Premier League បាន​រកឃើញថា​ឆ្លង COVID-19 ក្នុងការ​ធ្វើតេស្ត​ចុងក្រោយ និង​ជា​ចំនួនវិជ្ជមាន​ច្រើន​បំផុត​ចាប់តាំងពី​ធ្វើតេស្ត​នៅ​ដើមរដូវ​កាល​នេះ​។ ដោយឡែក​ក្រុម Genoa នៃ​លី​គ Serie A មាន​កីឡាករ និង​បុគ្គលិក​ក្លិប​ចំនួន​១៤​នាក់​ក៏​រកឃើញថា​ឆ្លង​ជំងឺ​រាតត្បាត​សកល​នេះដែរ​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​


​នៅ​លី​គ​កំពូល​អង់គ្លេស កីឡាករ និង​បុគ្គលិក​ក្លិប​សរុប​ចំនួន ១៥៩៥ នាក់ ត្រូវ​ទទួល​ការធ្វើ​តេស្ត​រក COVID-19 ចន្លោះ​ពីថ្ងៃ​ទី​២១ ដល់ ២៧ ខែកញ្ញា​។ អ្នក​ដែល​បានធ្វើ​តេស្ត​វិជ្ជមាន​ទាំង​១០​រូបនេះ មិនត្រូវ​បានបង្ហាញ​អត្តសញ្ញាណ​នោះទេ ខណៈ​ពួកគេ​ត្រូវដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល ១០ ថ្ងៃ​។​
 
​ជា​រៀងរាល់​១​សប្តាហ៍​ម្តង កីឡាករ និង​បុគ្គលិក​ទាំងអស់​នៅ Premier League ដាច់ខាត​ត្រូវតែ​ចូលរួម​ធ្វើតេស្ត ដើម្បី​ធានា​ហា​និ​វ័យ​នៃ​ការឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ខណៈ​ក្រុម​ទាំងអស់​ត្រូវមាន​ការប្រកួត​ផង​។​
 
​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អ៊ីតាលី​ឯណោះ​វិញ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ក្លិប Genoa បានប្រកាស​ពី​ចំនួន​សមាជិក​ខ្លួន​ដល់​ទៅ​១៤​នាក់​បាន​ឆ្លង COVID-19​។ ក្នុងនោះ​ខ្សែបម្រើ​អន្តរជាតិ​ដា​ណឺ​ម៉ាក Lasse Schone និង​អ្នកចាំទី Mattia Perin ក៏​ស្ថិត​ក្នុងចំណោម​អ្នក​ឆ្លង​នេះដែរ​។​
 
Genoa ទើបតែ​ចាញ់​ក្រុម Napoli ក្នុង​លទ្ធផល ៦-០ ក្នុងការ​ប្រកួត Serie A សប្តាហ៍​ទី​២​កាលពី​ចុង​សប្តាហ៍​មុន​។ ពួកគេ​នឹងត្រូវ​ទទួល​ភ្ញៀ​ង Torino នៅ​ថ្ងៃទី​៣ ខែតុលា សម្រាប់​ជំនួប​លី​គ​លើក​ទី​៣​រដូវ​កាល​នេះ​។ ដោយសារ​មាន​សមាជិក​ក្រុម​ឆ្លង​ច្រើន​នាក់ ហើយ​ការប្រកួត​ជិត​ចូល​មកដល់ Genoa នឹង​ផ្តល់ដំណឹង​ពី​ការសម្រេចចិត្ត​ខ្លួន​នៅពេល​ក្រោយ​ថា​អាច​ពន្យារពេល​ប្រកួត​ឬ​អត់ តាម​ស្ថានភាព​ជាក់ស្តែង​៕
 

Tag:
 Premier League
  COVID-19
  Serie A
© រក្សាសិទ្ធិដោយ thmeythmey.com