ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ព្យាយាមរកផ្លូវជួបពលរដ្ឋ ដោយមិនឲ្យប៉ះពាល់បម្រាមតុលាការ
29, Sep 2020 , 1:04 pm        
រូបភាព
លោក កឹម សុខា ពេលយកអំណោយជូនប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា)
លោក កឹម សុខា ពេលយកអំណោយជូនប្រជាពលរដ្ឋ នៅខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុករបស់លោក កឹម សុខា)
មិនអាចចុះជួបប្រជាពលរដ្ឋ ក្នុងនាមជាមេដឹកនាំនយោបាយដូចកាលពីមុនបាន តែលោក កឹម សុខា អាចចុះជួបប្រជាពលរដ្ឋ តាមរយៈការធ្វើទាននិងការចែកអំណោយ។ អាចនិយាយបានថា មធ្យោបាយណា ដែលលោក អាចជួបប្រជាពលរដ្ឋបាន ដោយតុលាការមិនបានហាមឃាត់ លោក នឹងប្រើមធ្យោបាយនោះ។



លោក កឹម សុខា មេដឹកនាំកំពូលនៃក្រុមប្រឆាំង ហាក់ចង់ចុះជួបប្រជាពលរដ្ឋខ្លាំង និងចង់ថ្លែងសារនយោបាយដូចដើមវិញ។ តែលោក មិនអាចចុះជួបប្រជាប្រជាពលរដ្ឋ ក្នុងរូបភាពនយោបាយបែបនេះឡើយ ដ្បិតលោក ត្រូវបានតុលាការហាមឃាត់។

យ៉ាងណា លោក កឹម សុខា នៅតែរិះរេរកមធ្យោបាយ ចុះជួបប្រជាពលរដ្ឋ ដោយមានការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យបំពានឬប៉ះពាល់ទៅនឹងបម្រាមរបស់តុលាការ។ មធ្យោបាយ ដែលលោកអាចធ្វើបាន គឺការធ្វើបុណ្យទានតាមវត្តអារាម និងការចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ជាដើម។

នារដូវបុណ្យភ្ជុំបិណ្ឌ១៥ថ្ងៃ លោក កឹម សុខា បានទៅ៩វត្ត ក្នុងរាជធានីភ្នំពេញ និងតាមខេត្ត។ លោក ទទួលបានការសួរសុខទុក្ខនិងការរាក់ទាក់ពីប្រជាពុទ្ធបរិស័ទ។ ចំណែកលោក អាចត្រឹមតែលើកដៃសំពះ និយាយសួរសុខទុក្ខធម្មតា និង បង្ហាញការគួរសម ត្រឡប់ទៅកាន់ប្រជាពុទ្ធបរិស័ទវិញប៉ុណ្ណោះ ដោយមិនហ៊ានថ្លែងសារអ្វីឡើយ។

ក្រោយរដូវបុណ្យភ្ជុំបិណ្ឌកន្លងផុតទៅ លោក កឹម សុខា បន្តធ្វើសកម្មភាពមួយផ្សេងទៀត គឺការចុះចែកអំណោយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់។ លោក បានចុះទៅចែកអំណោយដល់ប្រជាពលរដ្ឋ បាន២ខេត្តហើយ គឺពោធិ៍សាត់និងព្រះសីហនុ។ អំណោយទាំងនោះ មានដូចជា អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ អាវភ្លៀង និង ថវិកា ជាដើម។ ដូចការទៅវត្តដែរ ពេលចុះចែកអំណោយដល់ប្រជាពលរដ្ឋ លោក មិនបានថ្លែងសារអ្វីនោះទេ។

មេដឹកនាំក្រុមប្រឆាំងរូបនះ សរសេរលើកទំព័រហ្វេសប៊ុកថា៖«អ្វីដែលអាចធ្វើបាន មិនប៉ះពាល់ដល់ផលប្រយោជន៍ជាតិ មិនរំលោភសិទ្ធិអ្នកដទៃ ហើយច្បាប់មិនហាមឃាត់ ទោះបីសេរីភាពត្រូវបានកម្រិតក៏ដោយ ខ្ញុំនៅតែព្យាយាមធ្វើទៅតាមលទ្ធភាព និងកាលៈទេសៈ ដើម្បីចូលរួមជាប្រយោជន៍ដល់សង្គមជាតិ ជាពិសេសដើម្បីប្រជាពលរដ្ឋខ្មែរ»។

លោក ចាត់ទុកថា ការធ្វើអំណោយនេះ ថាជាការរំលែកទុក្ខលំបាក និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ដែលលោកតែងតែចូលរួមដោយសុទ្ធចិត្ត ទោះតិចតួចក្តី។ លោក សរសេរទៀតថា លោក ក៏មិនភ្លេចសទ្ធាក្នុងព្រះពុទ្ធសាសនាដែរ ដោយបានប្រគេនទេយ្យទានដល់ព្រះសង្ឃ។ តាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុកដដែល លោក បានថ្លែងអំណរគុណចំពោះសហការីរបស់លោក និងសប្បុរសជន ដែលបានចូលរួមសម្ភារនិងថវិកា ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋ។

លោក មានទស្សនៈថា៖«ការចូលរួមដោយឆន្ទៈ ក្នុងការធ្វើសកម្មភាពមនុស្សធម៌ ប្រពៃណី ទំនៀមទម្លាប់ ជំនឿសាសនា គឺជាសម្បជញ្ញៈរបស់អ្នកមានគុណធម៌ និង មានកតញ្ញូតាធម៌ ចំពោះប្រជាពលរដ្ឋ និងប្រទេសជាតិ ប្រសើរជាងការច្រណែនឈ្នានីស ឬការចោទប្រកាន់មួលបង្កាច់ ឬការបង្កជម្លោះ ដែលនាំឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនិងសង្គមជាតិ»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមទៅកាន់ក្រុមអ្នកកាសែតថា លោកកឹម  សុខា អាចធ្វើសកម្មភាពនានាបាន លើកលែងតែពាក់ព័ន្ធនឹងបញ្ហានយោបាយដែលតុលាការបានកំណត់។ អ្នកនាំពាក្យគណបក្សកាន់អំណាច បង្ហាញការយល់ឃើញជាវិជ្ជាមាន ចំពោះលោក កឹម សុខា ថា៖«សកម្មភាពចុះចែកអំណោយដល់ប្រជាជនរងគ្រោះដោយទឹកជំនន់នៅតាមបណ្តាខេត្ត អាចចាត់ទុកថាជាសកម្មភាពមនុស្សធម៌»។

ពេលចុះធ្វើបុណ្យនិងការចែកអំណោយ លោក កឹម សុខា ត្រូវបានអមដំណើរដោយយសហការីមួយចំនួននិងមេធាវីរបស់លោក។ សហការីទាំងនោះ មានដូចជា អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លោក ប៉ុល ហំម លោក យ៉ែម បុញ្ញឫទ្ធិ លោក មាជ សុវណ្ណារ៉ា និង លោក មុត ចន្ថា ជាជំនួយការបស់លោក រួមទាំងលោកមេធាវី ចាន់ ចេន ជាដើម។

មុនអញ្ជើញទៅធ្វើបុណ្យតាមវត្តអារាមនិងចុះចែកអំណោយ លោក កឹម សុខា ធ្លាប់ចុះជួបប្រជាពលរដ្ឋ តាមបណ្តាខេត្តនានា។ តាមរយៈរូបភាព ដែលបង្ហោះលើបណ្តាញសង្គម លោក កឹម សុខា បានទៅកន្លែងសក្ការបូជានានា និងបានជួបប្រជាពលរដ្ឋ ក្នុងន័យសួរសុខទុក្ខធម្មតា ហើយប្រជាពលរដ្ឋខ្លះ បានស្កាត់ទៅជួបលោក ពេលដឹងថាលោក បានអញ្ជើញទៅ។

ការចុះខេត្តនាពេលនោះ ធ្វើឲ្យលោក កឹម សុខា ទទួលបានការក្រើនរម្លឹកពីតុលាការម្តងរួចមហើយ។ តុលាការ ប្រាប់លោក កឹម សុខា ការធ្វើសកម្មភាព អាចនឹងហួសព្រំដែន និងឈានដល់ការបំពាននឹងបម្រាមរបស់តុលាការ ដែលកំណត់។

សំណុំរឿងរបស់លោក កឹម សុខា បានឈានដល់ការជំនុំជម្រះហើយ តែដោយសារការរាលដាលជំងឺកូវីដ-១៩ តុលាការ ក៏ផ្អាក។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហើបប្រាប់មន្រ្តី ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកន្លងមកថា សំណុំរឿងរបស់លោក កឹម សុខា អាចនឹងពន្យារពេលរហូតដល់ឆ្នាំ២០២៤ឯណោះ គឺនៅក្រោយការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។

សាធារណជនទូទៅ ពុំបានឮប្រសាសន៍ផ្ទាល់របស់សម្តេចនាយករដ្ឋមន្រ្តីនោះទេ តែគេ បានដឹងតាមរយៈលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ដែលបានប្រាប់សារព័ត៌មាននានា។ អ្នកនាំពាក្យរូបនេះ ធ្លាប់បានប្រាប់សារព័ត៌មានថ្មីៗថា សំណុំរឿងរបស់លោក កឹម សុខា អាចពន្យារពេលដល់២០២៤ គឺគ្រាន់តែជាការសន្និដ្ឋានរបស់សម្តេច ប៉ុណ្ណោះ ដោយសារសំណុំរឿងនេះស្មុគស្មាញច្រើន។

សម្តេចនាយករដ្ឋមន្រ្តី នៅបង្ហើបទៀតថា ពេលលោក កឹម សុខា ទៅចូលរួមបុណ្យសពម្តាយក្មេករបស់សម្តេច លោក បានសុំឲ្យសម្តេច ជួយអន្តរាគមន៍ក្នុងការពន្លឿនសំណុំរឿងរបស់លោក តែសម្តេច តបថា អាស្រ័យលើតុលាការ។ នេះបើតាមការចុះផ្សាយរបស់កាសែតខ្មែរថាមស៍។

សមត្ថកិច្ចសម្រុកចូលទៅចាប់លោក កឹម សុខា ដល់គេហដ្ឋាន ក្នុងរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយបញ្ជូនទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ ក្រោមការសង្ស័យថា លួចពឹងបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល។

លោក ត្រូវចាប់ខ្លួន បន្ទាប់ពីវីដេអូ១ បានបែកធ្លាយលើបណ្តាញសង្គម ដោយវីដេអូនោះ បង្ហាញពីការថ្លែងសុន្ទរកថារបស់លោក តាំងពីឆ្នាំ២០១៣មកម្ល៉េះ នៅក្នុងប្រទេសអូស្រ្តាលី។ ក្នុងវីដេអូនោះ លោក និយាយថា លោក មានសាស្រ្តាចារ្យបរទេសល្បីៗ ដូចជា សាស្រ្តាចារ្យនៅមេរិក ជាដើម ចាំជួយផ្តល់យោបល់ដល់លោក ក្នុងការរកវិធីផ្លាស់ប្តូរមេដឹកនាំនៅកម្ពុជា។

១ឆ្នាំក្រោយមក នៅអំឡុងខែកញ្ញា ឆ្នាំ២០១៨ លោក ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅរស់នៅជាមួយគ្រួសារវិញ តែតុលាការហាមមិនឲ្យលោក ធ្វើសកម្មភាពនយោបាយ។ មកដល់ពេលនេះ លោក ខានធ្វើសកម្មភាពជាង៣ឆ្នាំហើយ។

ទាំងលោក កឹម សុខា ខ្លួនឯង ទាំងអង្គការជាតិ-អន្តរជាតិ តែងអំពាវនាវជារឿយៗ សុំឲ្យរដ្ឋាភិបាលក៏ដូចជាតុលាការ ទម្លាក់បទចោទចេញពីលោក ហើយផ្តល់សិទ្ធិសេរីភាពពេញលេញ រួមទាំងសិទ្ធិនយោបាយ ជូនលោកវិញ។ ប៉ុន្តែ ការអំពាវនាវទាំងនោះ មិនទទួលបានលទ្ធផលអ្វីឡើយ៕

Tag:
 កឹម សុខា
  ចែកអំណោយ
© រក្សាសិទ្ធិដោយ thmeythmey.com