ពីថ្ងៃ​ទី​៣ ដល់ទី​៦ តុលា ខេត្ត​ជាប់​សមុទ្រ អាចមាន​ភ្លៀងខ្យល់​បក់​ខ្លាំង និង​រលក​ខ្ពស់ៗ
ជាតិ
ពីនេះ ពីនោះ
ពីថ្ងៃ​ទី​៣ ដល់ទី​៦ តុលា ខេត្ត​ជាប់​សមុទ្រ អាចមាន​ភ្លៀងខ្យល់​បក់​ខ្លាំង និង​រលក​ខ្ពស់ៗ
30, Sep 2020 , 7:59 am        
រូបភាព
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំ​នាវ​នាវ​ឲ្យ​ពលរដ្ឋ និង​ប្រជា​នេសាទ​តាម​សមុទ្រ ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ចំពោះ​ភ្លៀងខ្យល់​បក់​ខ្លាំង និង​រលក់​សមុទ្រ​ខ្ពស់ ចាប់ពី​ថ្ងៃទី​៣-៦​តុលា​។ ក្រៅពី​ខេត្ត​ជាប់​សមុទ្រ ក្រសួង​ក៏​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា ប្រយ័ត្ន​ចំពោះ​បាតុភូត​ភ្លៀង ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតឡើង​ពីថ្ងៃ​ទី ៣០ កញ្ញា ដល់​ថ្ងៃទី​៦ តុលា​ផងដែរ​។

  
 
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃទី ៣០ ខែកញ្ញា ដល់ ថ្ងៃទី ៦ ខែតុលា ប្រព័ន្ធ​សម្ពាធ​ទាប បន្ត​អូសបន្លាយ​ឆ្លងកាត់​ប្រទេស​កម្ពុជា ភ្ជាប់​ជាមួយ​សម្ពាធ​ទាប ពី​សមុទ្រ​ចិន​ខាងត្បូង​។ 
 
​ឥទ្ធិពល​នេះ នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល ពីថ្ងៃ​ទី​៣០​កញ្ញា ដល់​ថ្ងៃទី​៣ តុលា អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​កម្រិត​តិច ទៅ​មធ្យម ហើយនឹង​បង្កើន​ការធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​បង្គួរ​ទៅ​ច្រើន ពិសេស​ខេត្ត​នៅ​ភាគ​ពាយ័ព្យ​។ 
 
​ចំណែក​បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ព​ស់រាប​ឦសាន អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​កម្រិត​តិច ទៅ​បង្គួរ ចាប់ពី​ថ្ងៃទី ៣០ កញ្ញា ដល់​ថ្ងៃទី​៦ តុលា​។ រីឯ​បណ្តា​ជាប់​សមុទ្រ អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​កម្រិត​តិច ទៅ​មធ្យម ចាប់ពី​ថ្ងៃទី​៣០​កញ្ញា ដល់​ថ្ងៃទី​២​តុលា​។ បន្ទាប់មក​ភ្លៀង​នឹង​បង្កើន​ការធ្លាក់​ពី​បង្គួរ ទៅ​ច្រើន​។ 
 
​ក្រសួង​ធនធានទឹក បានស្នើ​ឲ្យ​ពលរដ្ឋ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ផ្គរ រន្ទះ ខ្យល់​កន្ត្រាក់ ទឹកជំនន់ ពិសេស​ពលរដ្ឋ​នៅ​ទី​ទំនាប​ក្បែរ​ផ្លូវទឹក បណ្តា​ខេ្ត​ត្ត​ជាប់​តំបន់ភ្នំ  និង​មាត់សមុទ្រ និង​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំក្រវាញ​។ ជាមួយគ្នា​នោះ ប្រជា​នេសាទ និង​អ្នកដំណើរ​តាម​សមុទ្រ  ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​ភ្លៀងខ្យល់​បក់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ពីថ្ងៃ​ទី​៣ ដល់ទី​៦​តុលា​។ 
 
​សូមបញ្ជាក់ថា​កាលពីពេល​ថ្មីៗ​នេះ បណ្ដា​ខេត្ត​មួយចំនួន​បាន​ជួប​នូវ​នូវ​ជំនន់​ទឹកភ្លៀង​ដែល​បង្ក​ពី​ព្យុះ​ទី​១១ «​នូ​ល​» ដោយ​បណ្តាល​ប៉ះពាល់​ផ្ទះសម្បែង​ពលរដ្ឋ ផ្លូវ​សាធារណៈ និង​ផលដំណាំ​មួយចំនួន​ដែរ​៕
 

Tag:
 ​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com