ជាតិ
​ស្រុក​បន្ទាយស្រី​លែង​ត្រី​២​ម៉ឺន​ក្បាល និង​ប្រវឹក​ជិត​៤០០​ក្បាល​នៅ​សហគមន៍​បឹង​ឈូក​
29, Sep 2020 , 2:54 pm        
រូបភាព
ដោយ:
​កូន​ត្រី​ប្រា ត្រី​ក្រាញ់ និង​ត្រី​ឆ្ពិន ប្រមាណ​២​ម៉ឺន​ក្បាល ត្រូវបាន​លែង​ចូលក្នុង​បឹង​ធម្មជាតិ​«​បឹង​ឈូក​» ស្ថិត​ក្នុងស្រុក​បន្ទាយស្រី​ដើម្បី​រក្សា​តុល្យភាព នៃ​ការអភិវឌ្ឍ និង​អភិរក្ស តាម​យៈ​ការធានា​និរន្តរភាព​នៃរ​ជីវៈចម្រុះ និង​ចីរភាព​នៃ​ប្រព័ន្ធ​អេកូឡូស៊ី នៅក្នុង​តំបន់​។ កាលពី​២​ថ្ងៃ​កន្លងមក ពោលគឺ​នៅ​ថ្ងៃទី​២៧ ខែកញ្ញា លោក ឃឹម ហ្វី​ណង់​ដែលជា​អភិបាលស្រុក ក៏បាន​ដឹកនាំ​ពិធី​ដោះលែង​សត្វ​ប្រវឹក​ជិត​៤០០​ក្បាល ឲ្យ​រស់នៅក្នុង​សហគមន៍​បឹង​ឈូក​ផងដែរ​។​

 
​ការលែង​កូន​ត្រី​២​ម៉ឺន​ក្បាល​នា​ថ្ងៃទី​២៩ ខែកញ្ញា ដែល​ធ្វើឡើង​ក្រោម​កិច្ចសហការ​និង​បដិភាគ​ថវិកា ពី​សហគមន៍​ទេសចរណ៍​បឹង​ឈូក ត្រូវបាន​លោក​អភិបាលស្រុក​បន្ទាយស្រី លើកឡើង​ពី​សារប្រយោជន៍​ក្នុង​ការជំរុញ​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​ផង និង​ជាការ​បង្កើន​ទិន្នផល​ត្រី​ធម្មជាតិ​ផងដែរ​។ 


 
​លោក​អភិបាលស្រុក​បន្ទាយស្រី ព្យាយាម​ប្រែក្លាយ​ឲ្យ​ដែន​រដ្ឋបាល​ខ្លួន​ឲ្យ​ក្លាយជា​ទិសដៅ​ក​សិ​-​ទេសចរណ៍​មួយ និង​ចង់​ឲ្យ​រមណីយដ្ឋាន​បឹង​ឈូក ក្លាយទៅជា​”​បឹង​ស្ទូចត្រី​ធម្មជាតិ​” ដែលជា​ផ្នែក​មួយ​ជួយ​បង្កើន​ទេសចរ​ក្នុង​តំបន់​។ 
 
​បន្ថែម​ពីនេះ លោក ឃឹម ហ្វី​ណង់ ចង់​ឲ្យ​សហគមន៍​មាន​បំរាម​ចំពោះ​សកម្មភាព​នេសាទ​ដូច​ជាការ​ដាក់មង ដោយ​បង្កើតជា​កន្លែង​ស្ទូចត្រី ដោយ​យក​កម្រៃ​តិចតួច​ដើម្បី​ទាក់ទាញ​អ្នកទេសចរ និង​យក​ថវិកា ដែល​រកបាន​ទៅ​ទិញ​កូន​ត្រី​ធម្មជាតិ សម្រាប់​ចាក់​បំពេញបន្ថែម​វិញ​។ 


 
​ដោយឡែក​កាលពី​ថ្ងៃទី​២៧ ខែកញ្ញា រដ្ឋបាល​ស្រុក​បន្ទាយស្រី បាន​ដោះលែង​សត្វ​ប្រវឹក​ប្រមាណ​៤០០​ក្បាល​ដែល ត្រូវបាន​អាជ្ញាធរ​បង្ក្រាប​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ប្រាសាទបាគង កាលពីពេល​កន្លងទៅ​។  ការលែង​សត្វ​នេះ គឺ​ដើម្បី​ចូលរួម​ក្នុងការ​អភិរក្ស​សត្វព្រៃ ដែល​ជិត​ផុត​ពូជ និង​ជាការ​ចូលរួម​ថែរក្សា​ជីវចម្រុះ នៅក្នុង​មូលដ្ឋាន ឱ្យមាន​ភាពស្រស់​បំព្រង​ឡើងវិញ​។ នេះ​បើតាម​រដ្ឋបាល​ស្រុក​បន្ទាយស្រី​៕
 


Tag:
 បន្ទាយស្រី​
 ​លែង​កូន​ត្រី​
  ប្រវឹក
© រក្សាសិទ្ធិដោយ thmeythmey.com