អន្តរជាតិ
នយោបាយអន្តរជាតិ
ការវាយប្រហាររវាងអាមេនី និងអាស៊ែបៃហ្សង់ សម្លាប់មនុស្សជាង២០នាក់ ការប្រើប្រាស់កាំភ្លើងធំដោយទាហានអាស៊ែបៃហ្សង់។ រូបភាព៖ AFP
× ការវាយប្រហារគ្នារវាងអាមេនី និងអាស៊ែបៃហ្សង់ ជុំវិញទឹកដីតំបន់Nagorno-Karabakh អស់រយៈពេល២ថ្ងៃមកនេះ បណ្តាលឲ្យមនុស្សយ៉ាងតិចណាស់២១នាក់ស្លាប់ និងរាប់រយនាក់រងរបួស។ ការប៉ះទង្គិចអាវុធរវាងប្រទេសទាំងពីរ រួមបញ្ចូលការប្រើប្រាស់យន្តហោះ ម៊ីស៊ីល កាំភ្លើងធំ និងដ្រូនផងដែរ។ នេះយោងតាមទីភ្នាក់ងារព័ត៌មាន AFP។
អាមេនី និងអាស៊ៃបៃហ្សង់ ដែលជាអតីតរដ្ឋសហភាពសូវៀត បានវាយប្រហារតបតគ្នាជាថ្មីចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញាមក។ ការប៉ះទង្គិចរវាងប្រទេសទាំងពីរ នាំឲ្យមានមានការបារម្ភពីប្រទេសជាច្រើន នៅក្នុងតំបន់ដូចជារុស្ស៊ី តួកគី សហភាពអឺរ៉ុប និងអាមេរិក ក៏ដូចជាបណ្តាលឲ្យបានការព្រួយបារម្ពជុំវិញទីផ្សាប្រង និងឧស្ម័នផងដែរ ត្បិតអីបំពង់បង្ហូរប្រងនិងឧស្ម័នឆ្លងកាត់តំបន់ដែលកំពុងមានជម្លោះនេះ។
តួកគី ចេញមុខមកការពារអាស៊ែបៃហ្សង់ដែលមានជាតិពន្ធុ ដូចគ្នា ចំណែករុស្ស៊ីចេញមុខការពារអាមេនី ដែលជាសម្ព័ន្ធមិត្ត។ ប្រធានាធិបតី តួកគី លោក Recep Tayyip Erdogan បានទាមទារឲ្យអាមេនីដកទ័ពចេញពីតំបន់ Nagorno-Karabakh របស់អាស៊ែបៃហ្សង់ ដែលកាន់កាប់ដោយអាមេនី និងបញ្ចប់ជម្លោះក្នុងតំបន់នោះទាំងស្រុង។ចំណែក រដ្ឋសភាអាមេនីបានថ្កោលទោស ការប៉ះទង្គិចនេះ ដោយចាត់ទុកថាជា ការវាយប្រហារយោធាដោយអាស៊ែបៃហ្សង់ ដោយមានជំនួយពីតួកគី។
ក្រសួងការពារជាតិអាមេនី បានអះអាងថាជនជាតិអាមេនីចំនួន២០០ នាក់រងរបួស។ រីឯ រដ្ឋមន្ត្រីក្រសួងការបរទេសអាស៊ែបៃហ្សង់វិញ អះអាងថា ជនស៊ីវិលអាស៊ែបៃហ្សង់ចំនួន៦នាក់ស្លាប់ ខណៈ១៩ នាក់រងរបួស។ ចំណែកតំបន់Nagorno-Karabakh ដែលផ្តាច់ខ្លួនពីអាស៊ែបៃហ្សង់ អះអាងថាទាហានខ្លួនចំនួន១៥ នាក់ទៀតស្លាប់ បន្ថែមលើចំនួន១៦នាក់ដែលស្លាប់កាលពីថ្ងៃទី២៧ និងមានមនុស្សរងរបួសច្រើនជាង១០០នាក់។
ការប៉ះទង្គិចយោធានេះ បណ្តាលឲ្យមហាអំណាចពិភពលោកចេញមកទាមទារឲ្យបញ្ឈប់ជាបន្ទាន់ផងដែរ។ ជាក់ស្តែងចិន បារាំង អ៊ីតាលី និងសហភាពអឺរ៉ុបទទូចឲ្យមានបទឈប់បាញ់ជាបន្ទាន់។ ចំណែក តួកគីវិញ ប្តេជ្ញាគាំទ្រអាស៊ែបៃហ្សង់។ខណៈសម្តេចសង្ឃប៉ាប ប្រមុខបុរីវ៉ាទីកង់ បួងសួងសុំសន្តិភាព។
បន្ថែមពីនេះ អគ្គលេខាធិការ អង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គូតែរ៉េស តាមរយៈអ្នកនាំពាក្យ បានបង្ហាញសេចក្តីសោកស្តាយចំពោះការបាត់បង់ជីវិតជនស៊ីវិល និងថ្កោលទោសការប្រើប្រាស់កម្លាំង។ លោកទាមទារឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ និងត្រឡប់ទៅចចារវិញជាបន្ទាន់។
ក្រោយការរលំទៅនៃសហភាពសូវៀត តំបន់Nagorno-Karabakh ដែលស្ថិតក្នុងទឹកដីអាស៊ែបៃហ្សង់ បានប្រកាសផ្តាច់ខ្លួនធ្វើសង្គ្រាមទល់នឹងអាស៊ែបៃហ្សង់ ដោយមានជំនួយពីអាមេនី។នៅឆ្នាំ១៩៩៤ ភាគីទាំងសងខាងសម្រេចបានបទឈប់បាញ់ ប៉ុន្តែពុំមានដំណោះស្រាយសន្តិភាពអចិន្ត្រៃយ៍ឡើយ ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរក៏ប៉ះទង្គិចគ្នាជារឿយៗនៅជុំវិញតំបន់នេះ។
តំបន់ Nagorno-Karabakh នេះគ្រប់គ្រងកិច្ចការទាំងឡាយដោយខ្លួនឯងក្រោយផ្តាច់ចេញពីអាស៊ែបៃហ្សង់ ក្នុងឆ្នាំ១៩៩៤ ដោយមានជំនួយពីអាមេនី។ ប្រជាជនក្នុងតំបន់ Nagorno-Karabakh មួយភាគធំ ជាជាតិពន្ធុអាមេនី និងមិនព្រមស្ថិតក្រោមការគ្រប់គ្រងរបស់អាស៊ែបៃហ្សង់ឡើយ៕
Tag:
អាមេនី
អាស៊ែបៃហ្សង់
© រក្សាសិទ្ធិដោយ thmeythmey.com