ជាតិ
ពូជស្រូវ​១៧​ប្រភេទ​ដែល​លោក​រដ្ឋមន្ត្រី​កសិកម្ម​ណែនាំ​ដល់​កសិករ​
29, Sep 2020 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន បាន​ណែនាំ​ពូជស្រូវ​ចំនួន​១៧ ប្រភេទ ដល់​កសិករ​ងាយស្រួល​ជ្រើសរើស​ប្រភេទ​ពូជស្រូវ ឱ្យ​សម​ស្របតាម​លក្ខខណ្ឌ​ដាំ​ដុះ បំរែបំរួល​អាកាសធាតុ និង​ទីផ្សារ​។​


​បើតាម​ហ្វេ​ស​ប៊ុ​ក​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ប្រភេទ​ពូជស្រូវ​ទាំង​១៧​នោះ រួមមាន​៖
១, ប្រភេទ​ពូជស្រូវ​ខា​១៥ មាន​អាយុកាល​៩៥-១០៥​ថ្ងៃ មាន​កម្ពស់​៩៥-១១៥​សង់ទីម៉ែត្រ និង​ពណ៌​អង្ក​រស​ថ្លា​។ ពូជស្រូវ​នេះ ធន់​នឹង​ជំងឺ​ប្លា​ស់ និង​មមាច​ត្នោត ហើយ​ទទួលបាន​ផល ៤,០-៧,៤​តោន​ក្នុង​មួយ​ហិកតា ។​
២, ប្រភេទ​ពូជស្រូវ​ខា​១៦ មាន​អាយុកាល ៩៥-១១០​ថ្ងៃ មាន​កម្ពស់ ១០០-១១០​សង់ទីម៉ែត្រ និង​ពណ៌​អង្ក​រស​ថ្លា​។ ពូជស្រូវ​នេះ ធន់​នឹង​កម្ដៅ និង​ទទួលបាន​ផល ៤,១-៦,៨ តោន​ក្នុង​មួយ​ហិកតា​។​
៣, ពូជស្រូវ ផ្កា​រំដេង ជា​ប្រភេទ​ស្រូវ​ធន់​នឹង​ទឹកជំនន់ និង​ដីប្រៃ មាន​កម្ពស់​១១០-១៧០ សង់ទីម៉ែត្រ​។ ពូជស្រូវ​នេះ អាច​ទទួលផល ៣,០-៦,៥ តោន​ក្នុង​មួយ​ហិកតា លក្ខណៈពិសេស​នៃ​ស្រូវ​នេះ គឺមាន​ក្លិនក្រអូប​ខ្លាំង និង​បាយ​មាន​រសជាតិ​ឆ្ងាញ់​។ 
៤, ពូជស្រូវ ផ្កា​ច័ន្ទ​សែន​សរ ជា​ស្រូវ​ធន់​នឹង​ជំងឺ​ប្លា​ស់ មាន​កម្ពស់​១៥០-១៦០ សង់ទីម៉ែត្រ ទទួលផល​បាន ៣,០-៥,០ តោន​ក្នុង​មួយ​ហិកតា ហើយ​ពេលវេលា​ចេញ​ផ្កា ថ្ងៃ​២៥​តុលា​-២ វិច្ឆិកា​។ ពូជស្រូវ​នេះ មាន​ពណ៌​អង្ករ ស​ស្រអាប់​បន្តិច និង​បាយ​ទន់​ល្មម​។​
៥,​ពូជស្រូវ ផ្កាមាលតី ជា​ស្រូវ​ធន់​នឹង​ទឹកជំនន់ រាំងស្ងួត និង​ការ​ដួល​ដើម​។ ស្រូវ​នេះ ទទួលបាន​ផល ៣,០-៥,៥​តោន​ក្នុង​មួយ​ហិកតា មាន​កម្ពស់​១៤០-១៦០​សង់ទីម៉ែត្រ​។ រីឯ​ពណ៌​អង្ករ ស​ថ្លា និង​បាយ​មាន​ក្លិនក្រអូប​ស្រាល​។​
៦, ពូជស្រូវ ខា​៤ ជា​ស្រូវ​ធន់​មធ្យម​នឹង​ទឹកជំនន់ រាំងស្ងួត និង​មមាច​ត្នោត​។ ស្រូវ​នេះ មាន​កម្ពស់​១៣០-១៧០ សង់ទីម៉ែត្រ ពេលវេលា​ចេញ​ផ្កា ថ្ងៃ​៨-១៥​វិច្ឆិកា និង​ទទួលផល​បាន ២,៥-៥,០​តោន​ក្នុង​មួយ​ហិកតា​។​
៧,​ពូជស្រូវ​ខា​៦ ជា​ស្រូវ​ធន់​នឹង​ទឹកជំនន់​និង​មមាច​ត្នោត​។ ស្រូវ​នេះ​មាន​កម្ពស់ ១៣០-១៨០​សង់ទីម៉ែត្រ ចេញ​ផ្កា​នៅ​ថ្ងៃទី​១០-១៥ ខែវិច្ឆិកា​។ រីឯ​អង្ករ​មាន​ពណ៌​ស​ស្រអាប់​បន្តិច និង​ទទួលផល​បាន​២,៥-៥,០​តោន​ក្នុង​មួយ​ហិកតា​។​
៨, ពូជស្រូវ ខា​៩ ជា​ស្រូវ​ធន់​នឹង​ទឹកជំនន់ និង​ការ​ដួល​ដើម​។ ស្រូវ​ប្រភេទ​នេះ ចេញ​ផ្កា​ថ្ងៃទី​១០-១៧ ខែវិច្ឆិកា មាន​កម្ពស់​១៤០-១៨០​សង់ទីម៉ែត្រ ទទួលផល​បាន​២,៥-៤,៥​តោន​ក្នុង​មួយ​ហិកតា ហើយ​អង្ករ​មាន​ពណ៌​ស​ស្រអាប់​បន្តិច​។ 
៩, ពូជស្រូវ រាំង​ជ័យ ជា​ស្រូវ​ធន់​នឹង​ការ​ដួល​ដើម និង​ជំងឺ​ប្លា​ស់​។ ស្រូវ​ប្រភេទ​នេះ ចេញ​ផ្កា​នៅ​ថ្ងៃទី​៥-១០​វិច្ឆិកា មាន​កម្ពស់​១០៥-១៧០​សង់ទីម៉ែត្រ ទទួលបាន​ផល ៣,៥-៥-៥​តោន​ក្នុង​មួយ​ហិកតា និង​អង្ករ មាន​ពណ៌​ស​ថ្លា​។ ស្រូវ​ប្រភេទ​នេះ កសិករ​ពេញនិយម​ដាំ​ដុះ​លើដី​ស្រែ​ក្រោម​ដែលមាន​ជាង​៤០​ភាគរយ នៃ​ស្រែ​ទំនាប​រំពឹង​ទឹកភ្លៀង​។​
១០, ពូជស្រូវ អ៊ី​អ៊ែរ​៦៦ ជា​ស្រូវ​ធន់​នឹង​ជំងឺ​ប្លា​ស់ មមាច​ត្នោត និង​ដង្កូវ​រូង​ដើម​។ ស្រូវ​ប្រភេទ​នេះ មាន​អាយុកាល​១០៥-១១៥ ថ្ងៃ មាន​កម្ពស់ ៨០ -១១៨​សង់ទីម៉ែត្រ ទទួលផល​បាន​៤,០-៦,៥​តោន​ក្នុង​មួយ​ហិកតា និង​អង្ករ មាន​ពណ៌​ស​ថ្លា​។​
១១, ពូជស្រូវ ជលសារ ជា​ស្រូវ​ធន់​នឹង​ជំងឺ​ប្លា​ស់ និង​មមាច​ត្នោត​។ ស្រូវ​ប្រភេទ​នេះ មាន​អាយុកាល ៩៥-១១០​ថ្ងៃ មាន​កម្ពស់ ៧៥-៩៥​សង់ទីម៉ែត្រ ទទួលផល​បាន​៤,០-៦,០​តោន​ក្នុង​មួយ​ហិកតា និង​អង្ករ​មាន​ពណ៌ ស​ស្រអាប់​បន្តិច​។​
១២, ពូជស្រូវ សែន​ពិដោរ ជា​ស្រូវ​ធន់​នឹង​ប្លា​ស់ និង​មាន​ក្លិនក្រអូប​មធ្យម​។ ស្រូវ​ប្រភេទ​នេះ មាន​អាយុកាល ១១០-១២០​ថ្ងៃ មាន​កម្ពស់​៩៤-១១០ សង់ទីម៉ែត្រ អង្ករ​មាន​ពណ៌​ស​ថ្លា ទទួលផល​បាន ៣,៧-៧,៥​ហិកតា​។​
១៣,​ពូជស្រូវ សែន​ក្រអូប​០១ មាន​អាយុកាល​១០៥-១១៥ ថ្ងៃ កម្ពស់​១០៥-១១៥ សង់ទីម៉ែត្រ និង​ទទួលផល​បាន ៣,៩-៤-៩​តោន ក្នុង​មួយ​ហិកតា​។ 
១៤, ពូជស្រូវ ផ្ការំដួល ជា​ស្រូវ​ធន់​នឹង​ទឹកជំនន់​និង​ដីប្រៃ​។ ស្រូវ​ប្រភេទ​នេះ ចេញ​ផ្កា​នៅ​ថ្ងៃទី ១៥-២៥ ខែតុលា មាន​កម្ពស់ ១១០-១៧០​សង់ទីម៉ែត្រ អង្ករ​មាន​ពណ៌​ស​ថ្លា និង​បាយ​មាន​រសជាតិ​ឆ្ងាញ់ និង​ក្លិនក្រអូប​ខ្លាំង​។​
១៥, ពូជស្រូវ ផ្កា​រមៀត ជា​ស្រូវ​ធន់​នឹង​ទឹកជំនន់​ដីប្រៃ និង​ជំងឺ​ប្លា​ស់​។ ស្រូវ​ប្រភេទ​នេះ ចេញ​ផ្កា​នៅ​ថ្ងៃទី ១០-២៥​តុលា មាន​កម្ពស់​១១០-១៧០​សង់ទីម៉ែត្រ ទទួលផល​៣,០-៦,៥​តោន​ក្នុង​មួយ​ហិកតា​។ រីឯ អង្ករ​មាន​ពណ៌​ស​ថ្លា និង​បាយ​មាន​ក្លិនក្រអូប​ខ្លាំង​។​
១៦, ពូជស្រូវ ដំណើប​ស្បៃ​ម​ង្គ​ម ជា​ស្រូវដំណើប ដែល​ធន់​នឹង​ជំនន់ រាំងស្ងួត និង​ជំងឺ​ប្លា​ស់​។ ប្រភេទ​ស្រូវ​នេះ ចេញ​ផ្កា​នៅ​ថ្ងៃទី​១០-២០​ខែវិច្ឆិកា មាន​កម្ពស់​១៤០-១៦០​សង់ទីម៉ែត្រ ទទួលផល​បាន ៣,២-៥,៥ តោន​ក្នុង​មួយ​ហិកតា​។ រីឯ អង្ករ​មាន​ពណ៌​ស្រអាប់ និង​មានតម្លៃ​ថ្លៃ​។​
១៧,​ពូជស្រូវ ស្មាច់​០២ មាន​កម្ពស់​១៦០-១៧០​សង់ទីម៉ែត្រ ចេញ​ផ្កា​នៅ​ថ្ងៃទី​២៥ វិច្ឆិកា​- ១០​ធ្នូ ទទួលផល​បាន ៣,២-៤,២ តោន​ក្នុង​មួយ​ហិកតា​។ ស្រូវ​ប្រភេទ​នេះ អង្ករ​មាន​ពណ៌​ក្រហម​ថ្លា  សម្បូរ​សារធាតុ​សរសៃ សមប្រកប​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម និង​មានតម្លៃ​ថ្លៃ​៕

Tag:
 កសិកម្ម​
  ស្រូវ​
  វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com