កីឡាអន្តរជាតិ
អន្តរជាតិ
Klopp ថា Liverpool ខ្លាំងទើបឈ្នះ Arsenal មិនមែនលេងអាក្រក់ដូច Keane វិភាគឡើយ
× លោក Jurgen Klopp ថា មិនមែនជារឿងចម្លែកទេដែល Liverpool អាចទទួលជ័យជម្នះ ៣-១ លើក្រុម Arsenal។ មិនតែប៉ុណ្ណោះ អ្នកចាត់ការអាល្លឺម៉ង់ក៏បានវាយបកទៅកាន់ការលើកឡើងរបស់ពិធីករទូរទស្សន៍ Sky Sport លោក Roy Keane ដែលថា ក្រុមរបស់លោកលេងអាក្រក់ទៀតផង។
Sadio Mane, Andy Robertson និងកីឡាករចំណូលថ្មី Diogo Jota សុទ្ធតែរកគ្រាប់បញ្ចូលទីឲ្យក្រុមការពារជើងឯក ក្នុងការប្រកួតក្របខណ្ឌ Premier League នៅរាត្រីថ្ងៃទី២៨ កញ្ញា។ អ្នកទាំង៣សម្រេចទីបាន ក្រោយ Alexandre Lacazette ជួយឲ្យ Arsenal នាំមុខ១គ្រាប់មុន នៅកីឡដ្ឋាន Anfield។
ក្នុងតួនាទីជាពិធីកររបស់ទូរទស្សន៍ Sky Sport ភ្លាមៗបន្ទាប់ពីការប្រកួតបញ្ចប់ អតីតប្រធានក្រុម Manchester United លោក Roy Keane បានចោទកូនក្រុមហង្សក្រហមថាលេងអាក្រក់ និងគួរឲ្យខ្លាច។
ទោះយ៉ាងណាលោក Klopp បានបដិសេធយ៉ាងខ្លាំងចំពោះការវិភាគរបស់ Keane និងបានអះអាងថាលោកគ្មានហេតុផលដែលត្រូវខកចិត្តចំពោះការបំពេញតួនាទីរបស់លោកក្នុងនាមជាអ្នកចាត់ការទូទៅក្រុមដែលលេងល្អដូច Liverpool ឡើយ។
«តើដូចជាខ្ញុំបានលឺដែរទេ? តើលោក Keane បាននិយាយថាក្រុមរបស់យើងលេងអាក្រក់មែនទេយប់មិញ? ទេ វាមិនមែនក្នុងការប្រកួតនេះទេសុំទោស!»។ អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់បានប្រាប់ Monday Night Football ដូច្នេះក្រោយចប់ការប្រកួត មុនបន្ថែមពាក្យបញ្ចើចបញ្ចើថា លោកបានលឺនោះគឺជាការអត្ថាធិប្បាយដ៏មិនគួរឱ្យជឿរបស់ Keane ព្រោះក្នុងការប្រកួតនេះគ្មានក្រុមណាលេងអាក្រក់ឡើយ។
ជ័យជម្នះលើក្រុម Arsenal ជាលទ្ធផលការប្រកួត៣លើកឈ្នះទាំង៣លើករបស់ Liverpool ក្នុងនាមក្រុមការពារតំណែងជើងឯក និងស្ថិតនៅលេខរៀងទី២ក្នុងតារាងលីគកំពូលអង់គ្លេសរដូវកាលនេះ តាមពីក្រោយក្រុមកំពូលតារាង Leicester City ដែលមាន៩ពិន្ទុស្មើគ្នា តែមានសំណល់គ្រាប់សុទ្ធល្អជាង៕
Tag:
Jurgen Klopp
Liverpool
Roy Keane
© រក្សាសិទ្ធិដោយ thmeythmey.com