COVID-19
អន្តរជាតិ
ប្រមុខ​ការទូត​ចិន​៖ ការប្រយុទ្ធ​ជាមួយ COVID-19 តែម្នាក់ឯង គឺជា​គ្រោះមហន្តរាយ​
29, Sep 2020 , 11:29 pm        
រូបភាព
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន។ រូបភាព៖ Reuters
លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន។ រូបភាព៖ Reuters
​ការប្រយុទ្ធប្រឆាំង​COVID-19 តែម្នាក់ឯង និង​ការបន្ទោស​ដាក់គ្នា​ទៅវិញទៅមក គឺ​មានតែ​នាំមក​នូវ​គ្រោះមហន្តរាយ​ប៉ុណ្ណោះ​។ ប្រមុខ​ការទូត​ចិន លោក​វ៉ាង យី នៅ​ថ្ងៃទី​២៩ ខែកញ្ញា បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា ពិភពលោក គួរតែ​សហការ​ជាមួយគ្នា ដើម្បី​លុបបំបាត់​ជាមួយ​ជំងឺឆ្លង​សកល​មួយ​នេះ​។


​ថ្លែង​នៅក្នុង​វេទិកា​មួយ ដែល​រៀបចំ​ដោយ​សមាគម​ការទូត​សាធារណៈ​ចិន លោក​វ៉ាង យី រដ្ឋមន្ត្រីការបរទេស និង​ជាទី​ប្រឹក្សា​រដ្ឋ​ចិន បាន​លើកឡើងថា ប្រទេស​នីមួយៗ មិនអាច​ប្រយុទ្ធប្រឆាំង​COVID-19 តែម្នាក់ឯង​ឡើយ​។ «​ក្រៅពី​សហការ​ជាមួយគ្នា និង​ជួយ​គ្នា​ទៅវិញទៅមក យើង​គ្មាន​ជម្រើស​ផ្សេង​ទេ​»​។ លោក​វ៉ាង បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា ដូច​ការលើកឡើង​រប​ស់អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ​លោក​អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស កន្លងមក COVID-19 មិនមែន​ជាការ​ដាស់តឿន​ប្រាប់​ពិភពលោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​សញ្ញា​នៃ​វិបត្តិ​។ 
​បើសិន​បើ​មិន​សហការ​ជាមួយគ្នា​ទេ ពិភពលោក​នឹង​ជួប​គ្រោះមហន្តរាយ​។ បើតាម​ការអះអាង​ប្រមុខ​ការទូត​ចិន «​នៅក្នុង​ការប្រឈមមុខ​នឹង​បញ្ហា​សកល​ដូចជា​ជំងឺ​រាតត្បាត បើសិន​បើ​យើង​ប្រយុទ្ធ​តាមផ្លូវ​ខ្លួនឯង ឬ​ចាត់ទុក​ប្រទេស​ផ្សេងទៀត​ជាស​ត្រូវ វា​នឹង​នាំមក​នូវ​គ្រោះមហន្តរាយ​ដ៏​ធំធេង​»​។ 
 
​ក្នុង​វេទិកា​ក្នុង​ទីក្រុង​ប៉េកាំង​ដដែល​នេះ លោក​វ៉ាង បាន​បន្ថែមទៀតថា នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក​ន្ល​ង​មក ប្រទេស​មួយចំនួន បាន​យក​កិច្ចប្រជុំ​អន្តរជាតិ​មួយ​នេះ មក​បម្រើ​ឲ្យ​ផលប្រយោជន៍ និង​នយោបាយ​ផ្ទាល់ខ្លួន ដើម្បី​វាយប្រហារ​លើ​ប្រទេស​ផ្សេង​។ យ៉ាង​ក៏ដោយ ប្រមុខ​ការទូត​ចិន​រូបនេះ មិនបាន​បញ្ជាក់​ប្រទេស​ណាមួយ​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​សូមបញ្ជាក់ថា នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក​ន្ល​ង​ទៅ ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ បាន​ចោទ​ចិន​ថា បើកផ្លូវ​ឲ្យ​ប្រជាជន​ខ្លួន​ចាក​ចេញពី​ប្រទេស​ក្នុងដំណាក់កាល​ដំបូង​នៃ​ការផ្ទុះ​រាលដាល COVID-19​។ ជាការ​ឆ្លើយតប អគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ លោក​Zhang Jun បាន​បដិសេធ​ការចោទប្រកាន់់​របស់លោក ត្រាំ ប្រឆាំង​ចិន ដោយ​ចាត់ទុកថា គ្មាន​មូលដ្ឋាន​ច្បាស់លាស់ បង្ករឿង​ក្តៅក្រហាយ និង​បង្កើត​ការបែកបាក់​គ្នា​៕ 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com