អន្តរជាតិ
ក្រុមនិស្សិត​នៅ​តំបន់ Papua តវ៉ា​ធ្វើ​ប្រជាមតិ​ប្រកាស​ឯករាជ្យ​ពី​ឥណ្ឌូណេស៊ី​
30, Sep 2020 , 12:19 am        
រូបភាព
សិស្សនិស្សិតនៅខេត្ត Papua នាំគ្នាបាតុកម្មទាមទារធ្វើប្រជាមតិដើម្បីប្រកាសឯករាជ្យពីឥណ្ឌូណេស៊ី (រូបភាព៖ AFP)
សិស្សនិស្សិតនៅខេត្ត Papua នាំគ្នាបាតុកម្មទាមទារធ្វើប្រជាមតិដើម្បីប្រកាសឯករាជ្យពីឥណ្ឌូណេស៊ី (រូបភាព៖ AFP)
ដោយ៖​កង ម៉េង​ហុង
​ថ្ងៃ​អង្គារ​ទី ២៩ ខែកញ្ញា ភាពវឹកវរ​មួយ​បាន​ផ្ទុះឡើង​នៅ​តំបន់ Papua ដោយមាន​ការបាញ់ប្រហា​ររ​ពី​សំណាក់​ប៉ូលិស​ក្នុងអំឡុងពេល​តវ៉ា​រប​ស់​និស្សិត​ដើម្បី​ទាមទារ​ធ្វើ​ប្រជាមតិ​ដើម្បី​ប្រកាស​ឯករាជ្យ​ជា​ផ្លូវការ​ពី​ប្រទេស​ឥណ្ឌូណេស៊ី​។​


​ចលនា​បាតុកម្ម​ដែល​ឈានដល់​ការប៉ះទង្គិច​គ្នា​មួយ​រវាង​ក្រុមនិស្សិត និង​សមត្ថកិច្ច​បានកើត​ឡើង​នៅ​តំបន់ Papua នៅ​ថ្ងៃ​អង្គារ​នេះ ដោយ​ក្រុមនិស្សិត​តវ៉ា​ប្រឆាំងនឹង​ផែនការ​បន្ត​ការអនុវត្ត​ច្បាប់​ស្តីពី​ស្វ័យភាព​ពិសេស​លើ​តំបន់​នេះ​។​
 
​សារព័ត៌មាន​អង់គ្លេស The Guardian ចុះផ្សាយ​ថា ក្រុមអ្នកតវ៉ា​អះអាងថា ច្បាប់​ដែល​បានដាក់​អនុវត្ត​តាំងពី​ឆ្នាំ ២០០១ នេះ​មិនបាន​ជួយ​ប្រជាជន​នៅក្នុង​តំបន់​ក្រីក្រ​បំផុត​មួយ​នៅ​ឥណ្ឌូណេស៊ី​ឲ្យ​មាន​ជីវភាព​ប្រសើរ​ឡើយ​។ គេ​ក៏​រិះគន់​ដែរ​ថា ច្បាប់​ស្តីពី​ស្វ័យភាព​ពិសេស​នេះ​ក៏​កំពុង​ត្រូវបាន​គេ​ប្រើប្រាស់​ដើម្បី​កៀបសង្កត់​ចលនា​ទាមទារ​ឯករាជ្យ​របស់​តំបន់ Papua ដែរ​។​
 
​តាមពិតទៅ ច្បាប់​ស្តីពី​ស្វ័យភាព​ពិសេស​នេះ​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ ២០០១ និង​ឈានទៅ​ផុត​សុពលភាព​នៅក្នុង​ឆ្នាំ ២០២១ ចែង​ឡើង​ក្នុង​គោលដៅ​ចម្បង​ផ្តល់​សិទ្ធិ​ពិសេស​ដល់​ខេត្ត Papua និង​ខេត្ត Papua ខាងលិច​ក្នុងការ​ទទួលបាន​ចំណូល​ច្រើនជាង​មុន​តាម​ការប្រើប្រាស់​ធនធាន​ធម្មជាតិ​ដ៏​សំបូរបែប​និង​មាន​ស្វ័យភាព​នយោបាយ​កាន់តែច្រើន​ជាមុន​ដែរ​។​
 
​ត្រឡប់មក​ផ្តោតលើ​ការ​ការគ្រប់គ្រង​នយោបាយ​តាម​លក្ខខណ្ឌ​ស្វ័យភាព​ពិសេស​នេះ វា​ត្រូវបាន​ជំទាស់​ដោយ​ប្រជាជន​ក្នុង​តំបន់​អស់​រយៈពេល​ជាង​កន្លះ​សតវត្ស​មកហើយ ដោយ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​រង​ការចោទប្រកាន់​រឿង​រំលោភ​សិទ្ធិមនុស្ស​និង​ការបង្ក្រាប​ដោយ​ហិង្សា​លើ​ចលនា​ឯករាជ្យ​ក្នុង​តំបន់​ផង​។  ដូច្នេះហើយ ពួកគេ​ក៏​កំពុង​ទាមទារ​ឱ្យមាន​ការធ្វើប្រជាមតិ​មួយ​ជា​ផ្លូវការ​ដើម្បី​កំណត់​អនាគត​នយោបាយ​ជំនួស​ឲ្យ​ការរស់នៅ​ក្រោម​ការគ្រប់គ្រង​របស់​ឥណ្ឌូណេស៊ី​ដែរ​។​
 
​យ៉ាងណាក៏ដោយ ភាព​តានតឹង និង​ការប៉ះទង្គិច​គ្នា​នៅក្នុង​ទឹកដី Papua រវាង​ក្រុម​តវ៉ា​ស្វែងរក​ឯករាជ្យ នៅក្នុង​សប្តាហ៍​ថ្មីៗ​នេះ​ក៏បាន​បណ្តាល​ឲ្យ​មាន​ករណី​ស្លាប់ ជន​ស៊ីវិល​យ៉ាងតិច ពីរ​នាក់ និង​ទាហាន ២ នាក់​ផង ក្នុងនោះ​ក៏មាន​ករណី​បាញ់សម្លាប់​អាចារ្យ​គ្រិស្តសាសនា​ដ៏​មាន​ប្រជាប្រិយ​ម្នាក់​ដែរ​។​
 
​ចំណែក​ក្រុម​ចលនា​រួម​រួម​សេរីភាព Papua ខាងលិច​ដែលជា​ក្រុមគាំទ្រ​ការប្រកាស​ឯករាជ្យ​ពី​ឥណ្ឌូណេស៊ី​នោះ​ក៏បាន អះអាងថា ក្រុមអ្នកតវ៉ា​រហូតដល់ ២០០ នាក់​ត្រូវបាន​ចាប់ខ្លួន​នៅ​ទូទាំង​ទីក្រុង Nabire នៃ​ខេត្ត Papua ដែលជា​ហេតុ​បង្កឱ្យមាន​បាតុកម្ម​បន្តទៀត​សម្រាប់​ការដោះលែង​អ្នកទោសនយោបាយ​ទាំងនោះ​។
 
​គួរ​បញ្ជាក់ថា ខេត្ត Papua តាមពិត​ទៅជា​អតីត​ទឹកដី​អាណានិគម​ហូ​ឡង់​ហើយ​វា​ត្រូវបាន​ផ្ទេរ​ឲ្យ​ឥណ្ឌូណេស៊ី កាន់កាប់​ក្នុង​ឆ្នាំ​១៩៦៩​ដោយមាន​ការធ្វើប្រជាមតិ​មួយ​ក្រោម​ការគាំទ្រ​ពី​អង្គការសហប្រជាជាតិ​ផង​។ យ៉ាងណាក៏ដោយ ការបោះឆ្នោត​ស្ទង់​មតិ​ប្រជាជន​នោះ​រង​ការទិតៀន​ខ្លាំង ដោយសារ​គេ​ចោទប្រកាន់ថា វា​ជាការ​បោកប្រាស់ ដ្បិតថា ប្រជាជន Papua ប្រហែល ១០២៥ នាក់​ត្រូវបាន​គេ​ជ្រើសរើស​ជា​តំណាង​ដោយ​បង្ខំ​ឲ្យ​បោះឆ្នោត​គាំទ្រ​ការរួមរស់​ជាមួយ​ឥណ្ឌូណេស៊ី​៕ 
 
 
 

Tag:
 Papua
  ឥណ្ឌូណេស៊ី​
  West Papua
© រក្សាសិទ្ធិដោយ thmeythmey.com