ជាតិ
សេដ្ឋកិច្ច
ធនាគារពិភពលោក ព្យាករ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ធ្លាក់ចុះ​ដល់ -២​ភាគរយ​ ​
29, Sep 2020 , 9:59 pm        
រូបភាព
​កំណើនសេដ្ឋកិច្ច​កម្ពុជា ត្រូវបាន​ព្យាករ​ថា នឹង​ធ្លាក់ចុះ​ដល់ -២​ភាគរយ នៅ​ឆ្នាំ​២០២០​នេះ​។ នេះ បើតាម​របាយការណ៍​ថ្មី​មួយទៀត​របស់​ធនាគារ​ពិភពលោក (World Bank) ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​។


​ធនាគារពិភពលោក ចាត់ទុក​ការធ្លាក់ចុះ -២​ភាគរយ​នៃ​កំណើត​សេដ្ឋកិច្ច ថា​ជាការ​ធ្លាក់ចុះ​យ៉ាងគំហុក​បំផុត ដែល​មិន​ធ្លាប់​មាននៅ​កម្ពុជា ក្នុងស្ថានភាព​បច្ចុប្បន្ន​នេះ ហើយ​ជាការ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខុមាលភាព​គ្រួសារ និង​អាចធ្វើ​ឲ្យ​ភាពក្រីក្រ​កើនឡើង​ទៀតផង​។ 
 
​បើតាម​ធនាគារពិភពលោក ការ​រាល​ជំងឺ​កូ​វីដ​-១៩ គឺជា​មូលហេតុ​ចម្បង ដែល​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ចកម្ពុជា ធ្លាក់ចុះ​យ៉ាងគំហុក​បែបនេះ​។ ធនាគារពិភពលោក បាន​ឲ្យ​ដឹងថា វិស័យ​សំណង់ វិស័យ​ទេសចរ និង ផ្នែក​នាំចេញ​ទំនិញ​ទៅ​ក្រៅប្រទេស ជាដើម ដែល​ចាត់ទុកជា​ក្បាលម៉ាស៊ីន​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា បាន​រង​ការប៉ះពាល់​ដោយសារ​ជំ​ងឹ​រាតត្បាត​នេះ​។​
 
​ជាមួយគ្នានេះ ធនាគារពិភពលោក ព្យាករ​ទុក​ថា នៅ​ឆ្នាំ​២០២១ កំណើត​សេដ្ឋកិច្ចកម្ពុជា នឹង​ស្ទុះ​ឡើងដល់​៤,៣​ភាគ​វិញ និង​បន្ត​ស្ទុះ​ឡើងដល់​៥,២​ភាគរយ នៅ​ឆ្នាំ​២០២២​។ ផ្អែកលើ​របាយការណ៍រ​បស់​ធនាគារពិភពលោក​ដដែល មុន​ជំងឺ​កូ​វីដ​-១៩ ផ្ទុះឡើង កំណើនសេដ្ឋកិច្ច​កម្ពុជា ស្ថិតក្នុង​រង្វង់​៧,១​ភាគរយ ក្នុង​ឆ្នាំ​២០១៩​។​
  

 
​ការ​ព្យា​ការ​របស់​ធនាគារពិភពលោក ខុស​បន្តិច​ពី​ការ​ព្យា​ការ​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​។ របាយការណ៍​របស់​ធ​នាគារ​អភិវឌ្ឍន៍អាស៊ី ដែល​ចេញផ្សាយ​នៅ​ចុងខែ​កញ្ញា ឆ្នាំ​២០២០ បង្ហាញថា ក្នុង​ឆ្នាំ​២០២០​នេះ កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ធ្លាក់ចុះ​ដល់​ទៅ​-៤​ភាគរយ​ឯណោះ​។ តែ​ធនាគារអភិវឌ្ឍន៍អាស៊ី ព្យា​ការណ៍​ថា ឈានដល់​ខែសីហា ឆ្នាំ​២០២១ កំណើនសេដ្ឋកិច្ច​កម្ពុជា នឹង​ស្ទុះ​ឡើងដល់​៥,៧​ភាគរយ​។ 
 
​ទាំង​ការ​ព្យាករ​របស់​ធនាគារពិភពលោក ទាំង​ការ​ព្យាករ​របស់​ធនាគារ​អភិឌ្ឍន៍​អាស៊ី សុទ្ធតែ​មិន​ស្រប​នឹង​រដ្ឋាភិបាល​កម្ពុជា​។ ក្នុងឱកាស​ចុះទៅ​ពិនិត្យមើល​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា កំណើនសេដ្ឋកិច្ច​កម្ពុជា អាច​ធ្លាក់ចុះ​តែ​ក្នុង​រង្វង់​១,៩​ភាគរយ​ទេ​។ ប្រមុខ​រដ្ឋាភិបាល បាន​ហៅ​ការធ្លាក់ចុះ​១,៩​ភាគរយ​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា ថា​មិន​ធ្លាប់​កើតមាន​ក្នុង​រយៈពេល​ជាង​២០​ឆ្នាំ​កន្លងមកនេះ​។​
 
​ពេល​ជំងឺ​កូ​វីដ​-១៩ ចូល​មកដល់​កម្ពុជា រដ្ឋាភិបាល ក៏​ចាប់ផ្តើម​ដាក់ចេញ​វិធានការ​នានា ជាមួយនឹង​ការត្រៀម​ថវិកា​ពី​៨០០​លាន​ដុល្លារ ទៅដល់​ជាង​៣​ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច និង​បញ្ហា​ផ្សេងៗ​។ បន្ថែម​ពីនេះ រដ្ឋាភិបាល បាន​បញ្ចេញ​កញ្ចប់​ថវិកា​មួយ​ដោយឡែក សម្រាប់​ឧបត្ថម្ភ​ជាប្រចាំ​ខែ ដល់ក​ម្មករ ដែល​ត្រូវ​ព្យួរការងារ និង​ដល់​គ្រួសារ​ក្រីក្រ​៕ 

Tag:
 កំណើនសេដ្ឋកិច្ច​កម្ពុជា​
  GDP
  WB
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com