ជាតិ
​ប្រាសាទភ្នំដា ទី​ទេសចរណ៍​ទាក់ទាញ​ផ្នែក​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ក្នុង​ខេត្តតាកែវ
30, Sep 2020 , 8:59 am        
រូបភាព
ដោយ:
​រមណីយដ្ឋាន​ទេសចរណ៍​ប្រាសាទភ្នំដា មាន​ភាព​ទាក់ទាញ​ទាំង​ផ្នែក​ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​។ ទេសចរ​អាច​សម្រាក​មើល​ទេសភាព​ជុំវិញ​ភ្នំ និង​សិក្សារ​ស្រាវជ្រាវ​ពី​ប្រាសាទ​ដ៏​ចំណាស់​មួយ​នេះ​។ ប្រាសាទភ្នំដា មាន​ទីតាំង​ស្ថិតនៅ ក្នុងភូមិ​ព្រែ​កតា​ផ ឃុំ​គោកធ្លក ស្រុក​អង្គរ​បូរី ខេត្តតាកែវ​។​

 
​មាន​កម្ពស់​៤០​ម៉ែត្រ ប្រាសាទភ្នំដា កសាង​អំពី​ឥដ្ឋ ថ្មបាយក្រៀម និង​ថ្មភក់ រាង​ការ៉េ​។ ជ្រុង​នីមួយៗ មាន​ប្រវែង ១២​ម៉ែត្រ និង​កម្ពស់​១៨​ម៉ែត្រ​។ ប្រាសាទ​នេះ មាន​ទ្វា ៣​ជា​ទ្វា​បញ្ឆោត និង​ទ្វា​១​ជា​ទ្វា​ពិត​នៅ​ជញ្ជាំង​ខាងជើង​។ 
 
​ប្រាសាទ​ដ៏​ចំណាស់​មួយ​នេះ កសាងឡើង​ក្នុង​សតវត្ស​ទី​៦ ក្នុង​រជ្ជកាល​ព្រះបាទ​រុ​ទ្រ​វរ្ម័ន ជា​ក្សត្រ​ចុងក្រោយ​ក្នុងសម័យ​អាណាចក្រ​ភ្នំ ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​។ នេះ​បើតាម​គេហទំព័រ​រដ្ឋបាលខេត្ត​តាកែវ​។​
 
​ទេសចរ អាច​គយគន់​ផ្ទៃ​ទឹក​យ៉ាង​ធំ​ល្វឹងល្វើយ​នៅ​ជុំវិញ​ភ្នំ​នា​រដូវវស្សា​។ រីឯ​រដូវប្រាំង ផ្ទៃ​ទឹក ប្រែក្លាយជា​វាលស្រែ​ខៀវស្រងាត់​មើល​ដាច់​កន្ទុយភ្នែក​។ ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ប្រាសាទភ្នំដា អាច​គយគន់​សម្រស់​ធ​ម្ម​ជាតិ សិក្សា​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ និង​ជាពិសេស​អាច​ភ្លក់​រស់ជាតិ​អាហារ​តំបន់​ដ៏​ឈ្ងុ​0​យ​ឆ្ងាញ់​នៅ​ទីនោះ​ផងដែរ​។​
 
​ដើម្បី​ទៅដល់​ប្រាសាទភ្នំដា ទេសចរ​អាចធ្វើ​ដំណើរ​ដោយ​កង់ ម៉ូតូ រថយន្ត​តាមផ្លូវ​គោក ដោយឡែក​បើតាម​ផ្លូវទឹក​ទេសចរ​អាចធ្វើ​ដំណើរ​ដោយ​ទូក និង​អូប័រ​។ ប្រាសាទភ្នំដា មាន​ចម្ងាយ​ផ្លូវ​២៥​គីឡូម៉ែត្រ​តាមផ្លូវ​ទឹក និង​៦៥​គីឡូម៉ែត្រ​តាមផ្លូវ​គោក​ពី​ទី​រួម​ខេត្តតាកែវ ។​
 

© រក្សាសិទ្ធិដោយ thmeythmey.com