COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក​ត្រាំ និង លោក​បៃ​ឌិន នឹង​តទល់​គ្នា​លើកដំបូង​ក្នុង​វេទិកា​តស៊ូ​មតិ​ប្រធានាធិបតី​
29, Sep 2020 , 5:03 pm        
រូបភាព
លោក ចូ បៃឌិន និងលោក ដូណាល់ ត្រាំ(ស្ដាំ) -រូបភាព៖ AFP
លោក ចូ បៃឌិន និងលោក ដូណាល់ ត្រាំ(ស្ដាំ) -រូបភាព៖ AFP
ដោយ:
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​គូប្រជែង​ខ្លួន​លោក ចូ បៃ​ឌិន នឹង​ជួប​មុខ​តទល់​គ្នា​ក្នុង​វេទិកា​ជជែក​ដេញដោល​គ្នា​មួយនា​រដ្ឋ Cleveland នៅ​ម៉ោង​៩​យប់​ថ្ងៃទី ២៩ ខែកញ្ញា​នៅ​សហរដ្ឋអាមេរិក​។  ការតស៊ូ​មតិ​ដែល​នឹង​ចាក់ផ្សាយ​តាម​ទូរទស្សន៍​នេះ ក៏​អាច​កំណត់​វាសនា​ពួកគេ​ក្នុងការ​ប្រជែង​ឈោង​យក​តំណែង​ប្រធានាធិបតី​ផងដែរ​។

 
​វេទិកា​តស៊ូ​មតិ​លើកដំបូង​ក្នុងចំណោម​៣​លើក​សម្រាប់​ការ​ប្រជែង​តំណែង​រវាង​ប្រធានាធិបតី​អាមេរិក រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​គូប្រជែង​លោក ចូ បៃ​ឌិន នឹងត្រូវ​រៀបចំ​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​ទី ២៩ ខែកញ្ញា​នេះ ឬ​ត្រូវ​នឹង​ម៉ោង​៨​ព្រឹក ថ្ងៃទី​៣០ ខែកញ្ញា នៅ​ស្រុក​ខ្មែរ​។  
 
​ដោយសារ​ការដេញដោល​គ្នា​នេះ​ត្រូវធ្វើឡើង​ក្នុងពេលដែល​ពិភពលោក​ស្ថិតក្នុង​បរិបទ​ជំងឺឆ្លង​កូ​វីដ ១៩ អ្នក​ចូល​ទស្សនា​ចំនួន​តូច​ប៉ុណ្ណោះ​នឹងត្រូវ​អនុញ្ញាត​ឲ្យ​ចូលរួម ហើយ​ការ​ចាប់ដៃគ្នា​មិនត្រូវ​បានអនុញ្ញាត​ឡើយ ។​
 
​លោក Chris Wallace ពិធីករ​នៃ​ទូរទស្សន៍​អាមេរិក Fox News នឹង​ធ្វើជា​អ្នកសម្របសម្រួល​វេទិកា​តស៊ូ​មតិ​ជា​ប្រវត្តិសាស្ត្រ​នេះ​។  
 
​កម្មវិធី​ដែលមាន​រយៈពេល​៩០​នាទី​នេះ នឹង​ផ្តល់ឱកាស​ឲ្យ​ប្រជាជន​អាមេរិក ទស្សនា​បាន​នូវ​ជជែក​ដេញដោល​តទល់​គ្នា​រវាង​លោក ត្រាំ អាយុ ៧៤​ឆ្នាំ និង​លោក​បៃ​ឌិន អាយុ ៧៧ ដោយផ្ទាល់​តែម្ដង​។ ជា​នីតិវីធី អ្នក​ទាំងពីរ នឹង​ទទួល​សំណួរ​ពី​អ្នកសម្របសម្រួល​វេទិកា​តស៊ូ​មតិ​ពាក់ព័ន្ធ​នឹង​គោលនយោបាយ ក៏ដូចជា​ដំណោះស្រាយ​ដែល​អ្នកនយោបាយ​ទាំងពីរ​មាន​ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​ដែល​សហរដ្ឋអាមេរិក​កំពុង​ជួបប្រទះ​។ 
 
​នៅក្នុង​វេទិកា​តស៊ូ​មតិ​នេះ គេ​រំពឹងថា​លោក ដូ​ណា​ល់ ត្រាំ នឹង​លើកឡើង​ចំៗ​ពី​បញ្ហា​ដែលថា កូនប្រុស​លោក​បៃ​ឌិន​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។ កាលពី​ឆ្នាំមុន លោក ត្រាំ ប៊ិះ​នឹងត្រូវ​អស់តំណែង​ជា​ប្រធានាធិបតី​ដោយសារ​ប្រើ​អំណាច​ព្យាយាម​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ស៊ើបអង្កេត​លើ​បញ្ហា​ពុករលួយ​របស់​កូន​លោ​បៃ​ឌិន​នេះ​។​
 
​យ៉ាងណាមិញ លោក បៃ​ឌិន បេក្ខជន​មកពី​បក្ស​ប្រជាធិបតេយ្យ ហើយ​ដែល​កំពុង​នាំមុខ​ក្នុង​ស្ទង់​មតិ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នេះ​ផងដែរ នឹង​វាយប្រហារ​ចំៗ​លើ​វិធានការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​សកល COVID-19 របស់​រដ្ឋបាល​លោក​ត្រាំ ដែល​បច្ចុប្បន្ន​មនុស្ស​ជាង​២០,៥​ម៉ឺន​បាន​ស្លាប់​។ ការស្ទង់មតិ​ក្នុងចំណោម​ប្រជាជន​អាមេរិក​មួយ​បង្ហាញថា ២​ភាគ​៣​នៃ​ប្រជាជន​អាមេរិក​យល់ថា ប្រធានាធិបតី ត្រាំ  ចាត់ចែង​ដោះស្រាយ​វិបត្តិ​នេះ​មិនបាន​ល្អ​។ 
 
​បញ្ហា​ផ្សេងទៀត ក៏​គេ​រំពឹង​ផងដែរ​ថា ការជជែក​តស៊ូ​មតិ​រវាង​អ្នក​ទាំងពីរ​នឹង​ផ្តោតលើ​បញ្ហាសំខាន់ៗ​ផ្សេងទៀត​រាប់​ចាប់ពី​សន្តិសុខ សេដ្ឋកិច្ច បញ្ហា​សង្គម ការអប់រំ និង​គោលនយោបាយ​ការបរទេស​ផងដែរ​។ អ្វីដែល​គេ​ទន្ទឹងរង់ចាំ​ខ្លាំង​នោះ​គឹ លោក បៃ​ឌិន និង លោក ត្រាំ បើក​កកាយ​ពី​រឿង​ផ្ទាល់ខ្លួន​ពួកគេ​តែម្ដង​៕

Tag:
 ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
  ការតស៊ូ​មតិ​ប្រធានាធិបតី​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com