អត្ថបទពាណិជ្ជកម្ម
ពលរដ្ឋ​នៅក្នុង​ទីក្រុង ចង់បាន​ការ​រចនា​ផ្ទះ​ដែល​គិតពី​តម្រូវការ​អ្នករស់នៅ​ជា​ចម្បង សម្រាប់ “​លំនៅដ្ឋាន​នាពេល​អនាគត​”
29, Sep 2020 , 5:29 pm        
រូបភាព
រាជធានី​ភ្នំពេញ ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ - ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ជាង​ពាក់កណ្ដាល ចំណាយពេល​ភាគច្រើន​នៅក្នុង​បន្ទប់​គេង ក្នុង​គេហដ្ឋាន​របស់ខ្លួន ដោយសារតែ​កង្វះ​ទីធ្លា និង​ឯកជន​ភាព នៅ​បន្ទប់ទទួលភ្ញៀវ​។ នេះ​ក៏​ដោយសារតែ​ប្រជាជន ៨០% ដែល​រស់នៅ​ក្នុងផ្ទះ​វីឡា កូនកាត់ (Link house) ផ្ទះ​អាជីវកម្ម ឬ​ផ្ទះល្វែង​ជាដើម ចត​រថយន្ត ឬ​ម៉ូតូ​របស់ខ្លួន​នៅ​ខាងក្នុង​គេហដ្ឋាន​។ នេះ​បើ​យោងតាម​ការសិក្សា​មួយ ដែល​បាន​បោះពុម្ពផ្សាយ​នៅថ្ងៃនេះ ដោយ​ក្រុមហ៊ុន Urbanland ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ក្នុងស្រុក​ឈានមុខ​គេ​មួយ​។​
 
​ការចេញផ្សាយ​ការសិក្សា​មួយ ដែលមាន​ចំណងជើង​ថា “​លំនៅដ្ឋាន​នាពេល​អនាគត​” (The Future of Home) គឺជា​លទ្ធផល ដែល​កើតចេញពី​ការសិក្សា​ស្រាវជ្រាវ ការអង្កេត​ស៊ីជម្រៅ និង​ការសិក្សា​លើ​ក្រុម​គោលដៅ រយៈពេល​១០​ខែ ដែលមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ចំនួន ១៧០​នាក់ ហើយ​ត្រូវបាន​រៀបចំឡើង ដោយ​ក្រុមហ៊ុន Urbanland ក្នុង​គោលបំណង​ស្វែងយល់ ពី​ការប្រែប្រួល​នៃ​របៀប​រស់នៅ របស់​ប្រជាជន​ក្នុង​ទីក្រុង ជាពិសេស​ក្រុម​ពលរដ្ឋ ដែល​នៅក្នុង​ការសិក្សា​នេះ ត្រូវបាន​ចាត់ទុកថា ជា​ក្រុម ដែលមាន​សេចក្ដីប្រាថ្នា​ខ្ពស់​ក្នុង​ជីវិត (‘aspirational’ city dwellers)​។​
 
​ការចេញផ្សាយ​ការសិក្សា​នោះ​ពន្យល់ថា​៖«​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា ដែលមាន​សេចក្ដីប្រាថ្នា​ខ្ពស់​នោះ គឺ​យើង​ចង់​សំដៅ​ទៅលើ​ប្រជាជន​កម្រិតជីវភាព​ម​ធ្យ​ម ដែលមាន​ចំនួន​កាន់តែ​ច្រើនឡើង ទទួលបាន​ការអប់រំ​កាន់តែ​ខ្ពស់ ជ្រាប​ព័ត៌មាន​កាន់តែច្រើន មាន​គោលដៅ​ក្នុង​ជីវិត​ច្បាស់លាស់ មានការ​តាំងចិត្ត និង​ការប្ដេជ្ញា​ក្នុងការ​លើកកម្ពស់ ជីវិត​រស់នៅ​របស់ខ្លួន និង​អ្នកដទៃ​»​។ 
 
​ក្រុមហ៊ុន Urbanland បាន​និយាយថា ការសិក្សា​ស្រាវជ្រាវ គឺ​យក​លំនាំ​តាម​ការសិក្សា​ស្រាវជ្រាវ​ស្រដៀង​គ្នា របស់​ក្រុមហ៊ុន IKEA ជា​ក្រុមហ៊ុន​យក្ស ដែល​ផ្គត់ផ្គង់​សម្ភារ និង​គ្រឿង​សង្ហា​រឹម សម្រាប់​លំនៅដ្ឋាន របស់​ប្រទេស​ស៊ុយអែត ក្រោម​ចំណងជើង​ថា​« ជីវិត​នៅក្នុង​គេហដ្ឋាន​» (Life at Home) ដែល​ត្រូវបាន​បោះពុម្ពផ្សាយ ជា​រៀងរាល់ឆ្នាំ ចាប់តាំងពី​ឆ្នាំ ២០១៤ មក​។ 


 
៨០% នៃ​អ្នកស្ម័គ្រចិត្ត​ចូលរួម នៅក្នុង​ការសិក្សា​ស្រាវជ្រាវ បាន​និយាយថា សន្តិសុខ គឺជា​កត្តា​សំខាន់​មួយ ក្នុងការ​ពិចារណា មុនពេល​សម្រេចចិត្ត​ទិញ​ផ្ទះ​របស់ខ្លួន​។ ៥០% លើកឡើង ពី​បញ្ហា​នានា​ទាក់ទង​នឹង​សំឡេង​រំខាន បញ្ហា​អនាម័យ ចំណត​យានយន្ត និង​ទំនាស់​រវាង​អ្នកជិតខាង​ជាដើម​។ ៨៤% នៃ​អ្នកស្ម័គ្រចិត្ត​ចូលរួម នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​បាន​និយាយថា ជាទូទៅ​ពួកគេ​តែង​យក​ការងារ មក​ធ្វើ​នៅផ្ទះ​ជាប្រចាំ ប៉ុន្តែ​ក្នុងនោះ​មាន​ប្រមាណ ១០% ប៉ុណ្ណោះ ដែល​និយាយថា ពួកគេ​មាន​ទីកន្លែង​សម្រាប់ធ្វើ​ការត្រឹមត្រូវ​នៅផ្ទះ ដែល​ក្នុងនោះ​ភាគច្រើន​ធ្វើការ​ពី​ក្នុង​បន្ទប់​គេង ឬ​នៅ​បន្ទប់ទទួលភ្ញៀវ ដែល​ធ្វើ​ឲ្យ​ការងារ​មាន​ផលិតភាព​ទាប ដោយសារ​កង្វះខាត​ការ​ផ្ចង់អារម្មណ៍ ព្រោះ​គ្រួសារ​មាន​ភាព​អ៊ូអរ និង​មមាញឹក​។ 
 
​មនុស្ស ៧៥% ដែល​បាន​ចូលរួម​ការសិក្សា ហើយ​ក្នុងនោះ​មានការ​យល់ឃើញថា គម្រោង​អភិវឌ្ឍ លំនៅដ្ឋាន​ថ្មីៗ​ជាច្រើន​ក្នុងប្រទេស​កម្ពុជា​ភាគច្រើន​ផ្ដោត​សំខាន់​តែ​លើ​ការ​រចនា​ខាងក្រៅ (exterior design) ដើម្បី​ប្រណីតភាព ប៉ុន្តែ​ខ្វះ​ការគិតគូ​រលើ​ការ​រចនា​លំនៅដ្ឋាន​ឲ្យ​ស្របតាម​តម្រូវការ និង​ការប្រើប្រាស់​ជាក់ស្ដែង​។ 
 
​ការចេញផ្សាយ​ការសិក្សា​បានសរសេរថា​៖ “​ការ​រចនា​លំនៅដ្ឋាន​ដែលមាន​គុណភាព មិនមែន​គ្រាន់តែ​គិតគូរ ត្រឹម​ថា​តើ​លំនៅដ្ឋាន​នោះ​ត្រូវបាន​សាងសង់​ឲ្យ​រឹងមាំ​ប៉ុណ្ណា ទីធ្លា​ធំ​ប៉ុណ្ណា សម្ភារ​សំណង់​ថ្លៃ និង​កម្រ​ប៉ុណ្ណា ហើយ​វា​មាន​សោភ័ណភាព​ស្រស់ស្អាត​ប៉ុណ្ណា​នោះទេ ប៉ុន្តែ​ត្រូវ​គិតថា​តើ គុណភាព​នៃ​ការ​រចនា​ម៉ូត​ទាំងនេះ បំពេញ​ទៅតាម​តម្រូវការ និង​របៀបរបប​រស់​នៅ​ជាក់ស្ដែង​របស់​ម្ចាស់​លំនៅដ្ឋាន​បាន​ប៉ុណ្ណា​ដែរ​”​។ 
 
​លោក ហុក កាំ​ង ជា​ស្ថាបត្យករ​កម្ពុជា និង​ជានា​យក​ក្រុមហ៊ុន Urbanland មានប្រសាសន៍ថា ការសិក្សា​ស្រាវជ្រាវ​នេះ បាន​ជួយ​អោយ​ក្រុមហ៊ុន​ទទួលបាន​នូវ​គុណប្រយោជន៍ និង​ព័ត៌មាន​យ៉ាងសំខាន់ ក្នុង​ការកែលម្អ​វិធីសាស្ត្រ និង​ពង្រឹងគុណភាព​រចនារ​បស់​ខ្លួន សម្រាប់​គម្រោង​ផ្សេងៗ​នាពេលខាងមុខ​។ 
 
​លោក ហុក កាំ​ង ដែល​កាលពីពេល​ថ្មីៗ បានឈ្នះ​រង្វាន់ “​បុគ្គលិកលក្ខណៈ​ឆ្នើម ក្នុង​វិស័យ​អចលនទ្រព្យ​ប្រចាំឆ្នាំ​”  (Real Estate Personality of the Year) ពី​កម្មវិធី PropertyGuru មានប្រសាសន៍ថា​៖ “​មនុស្ស​ជាច្រើន ដែល​កើត​ក្នុងសម័យ​ក្រោយ​សង្គ្រាម ដូចជា​រូបខ្ញុំ រស់​ដឹងក្ដី​ដោយ​ស្ថិតនៅ​លំនៅដ្ឋាន​ដែលមាន​ភាព​ងងឹត និង​កខ្វក់ ដែល​ពុំ​សូវ​មាន មាន​ពន្លឺ​ខាងក្នុង​គ្រប់គ្រាន់ ពុំ​សូវ​មាន​ខ្យល់​ចេញចូល ហើយ​ពុំ​សូវ​គិតគូរ​ពី​ការ​រចនា​ផ្ទះ​ដែល​ប្រកបដោយ​គុណភាព​ឡើយ​។ ខ្ញុំ​គិតថា នៅ​សម័យ​នេះហើយ ពួកគេ​ចង់បាន និង​គួរ​ទទួលបាន​លំនៅដ្ឋាន​ដែល​ប្រសើរ​ជាង​មុន ព្រោះ​សម្រាប់​មនុស្ស​ភាគច្រើន ការទិញ​ផ្ទះ​គឺជា​ការវិនិយោគ​ធំ​បំផុត​ក្នុង​ជីវិត​របស់ខ្លួន​”​។ 
 
​លោក បាន​បន្តទៀតថា​៖ “​តាមរយៈ​ការយកចិត្តទុកដាក់ ទៅលើ​តម្រូវការ​របស់​អ្នករស់នៅ និង​របៀប​ដែល​យើង​រចនា​ផ្ទះ ដើម្បី​បំពេញតម្រូវការ​ទាំងអស់​នោះ យើង​អាច​ប្រើប្រាស់​ទិន្នន័យ​នេះ ដើម្បី​បង្កើត​នូវ​គេហដ្ឋាន ដែលមាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន ដើម្បី​ឆ្លើយតប​ទៅនឹង​ការផ្លាស់ប្ដូរ នៃ​តម្រូវការ​របស់​គ្រួសារ​នីមួយៗ ស្រប​ពេលដែល​ពួកគាត់ កំពុងមាន​ភាព​លូតលាស់ និង​រីកចម្រើន​”​។​


 
​តាមរយៈ​គម្រោង​អចលនទ្រព្យ ដែល​ឈ្នះ​ពានរង្វាន់​នានា ដូចជា​គម្រោង Raintree និង​គម្រោង Embassy Central នៅ​រាជធានី​ភ្នំពេញ និង​គម្រោង Treeline Urban Resort នៅ​ខេត្ត សៀមរាប​ជាដើម​នោះ ក្រុមហ៊ុន Urbanland បានបង្ហាញ​ឲ្យ​ឃើញ ពី​គុណ​តម្លៃ​របស់ខ្លួន​រួចមកហើយ តាមរយៈ​ការ​រចនា “​ដែល​យកចិត្តទុកដាក់ ពី​តម្រូវការ​មនុស្ស​ជា​ចម្បង​”  នៅក្នុង​គម្រោង​លំនៅដ្ឋាន ការិយាល័យ និង​សណ្ឋាគារ​ផ្សេងៗ​។ 
 
​យ៉ាងណាមិញ លោក ហុក កាំ​ង មានប្រសាសន៍ថា គម្រោង​ខាងមុខ​របស់​ក្រុមហ៊ុន Urbanland ឈ្មោះថា Chankri Palm Creek ដែល​ស្ថិតនៅ​ភាគខាងត្បូង រាជធានី​ភ្នំពេញ គឺជា​វត្តមាន​ជាក់ស្តែង​បំផុត នៃ​ការ​រចនា​លំនៅដ្ឋាន ដែល​យកចិត្តទុកដាក់ ពី​តម្រូវការ​មនុស្ស​ជា​ចម្បង (human-centred design) ។​
 
​លោក ហុក កាំ​ង មានប្រសាសន៍ថា​៖ “​គម្រោង​នេះ ជា​គម្រោង​អភិវឌ្ឍ​បុរី ដែលមាន​លក្ខណៈពិសេស​ខុសប្លែក​ស្រឡះ ពី​បុរី​ដទៃ​។ ការ​រចនា​ផ្ទះ ខាងក្នុង​មានមុខ​ងារ​ច្បាស់លាស់ និង​អាច​បត់បែន តាម​តម្រូវការ និង​ការផ្លាស់ប្តូរ​របស់​ក្រុមគ្រួសារ នៅពេល​អនាគត ពោលគឺ​ផ្នែក​ផ្សេងៗ នៃ​ផ្ទះ​អា​ចប​ម្លែ​ង​ពី​បន្ទប់​ទារក ទៅ​បន្ទប់​ក្មេង​លេង ទៅ​បន្ទប់ធ្វើការ ឬ​ទៅជា​ទីកន្លែង ស្ងប់ស្ងាត់ សម្រាប់​ឪពុកម្ដាយ ដែលមាន​វ័យ​ចំណាស់​អាច​គេង សម្រាក​ពេល​ថ្ងៃ​បាន​”​។ 
 
​លោក​បាន​បន្តទៀតថា​៖ “​ចំណែកឯ​ទីធ្លា​ខាងក្រៅ យើង​ផ្ដោតលើ​ការបង្កើត​ទីធ្លា​សហគមន៍ ដែលមាន ពណ៌​បៃតង មាន​ម្លប់​ត្រឈឹងត្រឈៃ ហើយ​អាច​ប្រើប្រាស់​បាន ពី​សំណាក់​មនុស្ស​គ្រប់​ជំនាន់​នៅក្នុង សហគមន៍​នោះ​”​។ 
 
​លោក​បន្ថែមទៀតថា​៖ “​យើង​ជឿជាក់ថា ការយកចិត្តទុកដាក់ លើ​តម្រូវការ​របស់​មនុស្ស​ជា​ចម្បង នូវ​រាល់​កិច្ច​ការដែល​យើង​ធ្វើ នឹង​ជួយ​បង្កើន​គុណភាព​ជីវិត​រស់នៅ​របស់​ពួកគេ ផ្ដល់​លទ្ធភាព​ឲ្យ​គ្រប់គ្នា បានរស់នៅ​កាន់តែ​ប្រសើរ​ជាង​មុន ហើយ​អាច​សម្រេចបាន​នូវ​សេចក្ដីប៉ងប្រាថ្នា​របស់ខ្លួន​។ ការសិក្សា​ស្រាវជ្រាវ​នេះ មាន​សារសំខាន់​ណាស់ សម្រាប់​ពួកយើង ក៏ដូចជា​អ្នកដទៃ​ទៀត​នៅក្នុង​វិស័យ​អភិវឌ្ឍ​លំនៅដ្ឋាន ដើម្បី​ចូលរួម​ក្នុងការ​លើកកម្ពស់​ការ​រចនា​លំនៅដ្ឋាន ការិយាល័យ និង​កន្លែង​ផ្សេងទៀត ដែល​ពិតជា​បាន​យកចិត្តទុកដាក់​គ្រប់​ជ្រុងជ្រោយ​លើ​តម្រូវការ​របស់​មនុស្ស​”​។ 
 
​សម្រាប់​អ្នក​ដែល​ចាប់អារម្មណ​ចង់​ស្វែងយល់​បន្ថែម​អំពី ការចេញផ្សាយ​ការសិក្សា ដែលមាន​ចំណងជើង​ថា​៖ “​លំនៅដ្ឋាន​នាពេល​អនាគត​” សូម​ចូលទៅ​គេហទំព័រ (https://urbanlandasia.com/the-future-of-home) ហើយ​ទាញយក​មកប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com