ភ្នំពេញ៖ ការចុះកិច្ចសន្យាផលិតកម្មកសិកម្មលើដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងក្រុមហ៊ុនចំនួន៤ និងសហគមន៍កសិកម្មចំនួន៥០នៅខេត្តចំនួន៦ នាថ្ងៃទី២៩ ខែកញ្ញានេះនឹងជំរុញឲ្យផលិតផលកសិកម្មធានាបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព គុណភាព ធានាបាននូវតម្លៃ សាមគ្គី កិច្ចសហការ ជំនឿទុកចិត្ត ដើម្បីនាំផលិតផលទៅទីផ្សារអន្តរជាតិ។
សហគមន៍ទាំង៥០ដែលស្ថិតនៅក្នុងខេត្តទាំង៦ ដូចជាខេត្តតាកែវ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង មណ្ឌលគីរី និងព្រះវិហារ ត្រូវបានចុះកិច្ចសន្យាលើដំណាំស្រូវជាង២ម៉ឺនតោន និងដំណាំដំឡូងមីជាង៣ម៉ឺនតោន ជាមួយនឹងក្រុមហ៊ុន៤គឺក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា(CACC),ក្រុមហ៊ុន អេមរុ រ៉ាយកម្ពុជា (Amru Rice), ក្រុមហ៊ុន Signatures of Asia (SOA) និងក្រមហ៊ុន បាយ័នហេរីធេច។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសាក្សីដឹងឮអំពីការចុះកិច្ចសន្យាផលិតផលកសិកម្មលើដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គនេះ បានបញ្ជាក់ថា ការចុះកិច្ចសន្យាផលិតផលកសិកម្មទាំងនេះនឹងនាំឲ្យមានការអភិវឌ្ឍលើវិស័យកសិកម្មនៅកម្ពុជាឲ្យមានសក្តានុពុល និងនាំឲ្យសហគមន៍មានការប្រុងប្រែងលើការផលិតកសិកម្មប្រកបដោយគុណភាព។ ជាពិសេសជំរុញឲ្យអ្នកដាំដំណាំហូបជាគ្រួសារ នឹងងាកមកដាំសម្រាប់បំពេញតម្រូវការទីផ្សារ។
«ពិធីចុះហត្ថលេខាលើកិច្ចសន្យានេះគឺមានសាក្សីដ៏ធំមួយគឺរដ្ឋមន្ត្រីកសិកម្មតែម្តង ដែលមិនអាចឲ្យមានភាគីណាប្រែក្រឡាស់បានឡើយ។ នេះជាការផ្តល់ភាពកក់ក្តៅដល់សមាជិកសហគមន៍កសិកម្ម»។ នេះបើតាមលោក វេង សាខុន ដែលបញ្ជាក់ថា តាំងពីមានការចុះកិច្ចសន្យារវាងភាគីក្រុមហ៊ុន និងសហគមន៍កសិកម្មមកមិនដែលមានភាគីណាដែលមិនគោរពទៅតាមកិច្ចសន្យានោះទេ។
បើតាមលោក វេង សាខុន កាលណាភាគីណាមិនគោរពទៅតាមកិច្ចសន្យានឹងប៉ះពាល់ដល់វិស័យកសិកម្ម។ លោកបានរៀបរាប់ដូច្នេះថា៖«សហគមន៍កសិកម្មនោះនឹងគ្មានអ្នកណាគេធ្វើការជាមួយទៀត ហើយផលិតផលមិនដឹងជាលក់ឲ្យពីណា ការផលិតមិនទៀងទាត់។ ក្រុមហ៊ុនមិនសូវជាជួបបញ្ហាទេ បើសហគមន៍ហ្នឹងមិនពេញចិត្ត ទៅសហគមន៍ផ្សេងទៀត ដើម្បីចងសម្ព័ន្ធ»។
លោក វេង សាខុន បានបញ្ជាក់ថាការចុះកិច្ចសន្យានេះមិនមែនគ្រាន់តែមានការចុះកិច្ចសន្យារវាងក្រុមហ៊ុន និងសហគមន៍នោះទេ គឺត្រូវមានការចូលរួមពីដៃគូអភិវឌ្ឍ និងដៃគូអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀតផងដែរ ដើម្បីរៀបចំឯកសារ និងបច្ចេកទេសដាំដុះសម្រាប់ឆ្លើយតបលើការនាំចេញកសិផលទៅទីផ្សារ។ លោក បានរៀបរាប់ដូច្នេះថា៖«កន្លងទៅ ការចុះសន្យាដោយទ្វេភាគីរវាងកសិករ និងអ្នកបញ្ជាទិញ ដោយស្ងាត់ៗ ដល់ពេលមួយគាត់នឹងប្រែប្រឡាស់វិញ ដោយពុំមានអ្នកណាធ្វើជាសាក្សីឡើយ»។
ក្រោយពីចុះកិច្ចសន្យាសម្រាប់ការបញ្ជាទិញ ក្រុមហ៊ុនគឺត្រូវផលិត និងបង្កើតពូជដំណាំ សម្រាប់ចែកជូនដល់សហគមន៍កសិកម្ម។ លោក វេង សាខុន បានរៀបរាប់ដូច្នេះថា៖«ដើម្បីធានាការនាំចេញ ក្រុមហ៊ុនត្រូវបង្កើតក្រុមការងាររបស់គាត់នៅក្នុងសហគមន៍ហ្នឹងថាតើក្រុមណាដែលផលិតពូជសុទ្ធ ដោយយើងមិនមែនចេះតែដើរទិញពូជនោះទេ។ មុននឹងក្រុមហ៊ុនធ្វើការបញ្ជាទិញ ក្រុមហ៊ុននោះគឺត្រូវតែរៀបចំធ្វើថ្នាលបណ្តុះពូជខ្លួនឯង ហើយចែកដល់សហគមន៍»។
ដើម្បីឲ្យកិច្ចការងារនេះប្រកបដោយស្តង់ដារ គុណភាព និងសុវត្ថិភាព លោករដ្ឋមន្ត្រីក្រសួងកសិកម្មស្នើឲ្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជួយពិនិត្យលទ្ធភាពបន្ថែមក្នុងការផ្តល់កម្ចីដល់ក្រុមហ៊ុនដែលកំពុងអនុវត្តកិច្ចសន្យា។ ស្នើឲ្យដៃគូអភិវឌ្ឍន៍បន្តជួយដល់សហគមន៍តាមរយៈការរៀបចំ និងអនុវត្តស្តង់ដារផលិតផលិតផលកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការបង្កើតឲ្យមានស្ថាប័នបញ្ជាក់គុណភាព ធ្វើការកែលម្អអភិវឌ្ឍន៍មន្ទីរពិសោធន៍ ពង្រឹងសមត្ថភាពដល់អង្គភាពពាក់ព័ន្ធ និងមន្ត្រី។
លោកស្រី ឃ្នូ សម្បត្តិ ដែលជាអ្នកតំណាងឲ្យសហគមន៍សន្តិភាព និងសេចក្តីក្លាហានចំនួន៧គ្រួសារ នៅក្នុងភូមិចំនួន១២ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានវត្តមាននៅក្នុងការចុះកិច្ចសន្យាផលិតផលកសិកម្មនោះយល់ឃើញថាក្រោយពីសហគមន៍របស់អ្នកស្រីមានការចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនសម្រាប់ធ្វើការនាំចេញអង្ករទៅក្រៅស្រុក បានធ្វើឲ្យប្រជាកសិករយល់ច្បាស់ពីបច្ចេកទេសផលិត និងផលិតផលមានទីផ្សារ។
«មុនមិនទាន់ចុះកិច្ចសន្យានោះទីផ្សារអត់ទូលំទូលាយ គេឲ្យតម្លៃផលិតផលយើងថោក ដោយសារយើងអត់ផលិតតាមស្តង់ដាររបស់គេ។ នៅពេលដែលយើងចុះកិច្ចសន្យាហ្នឹងហើយធ្វើឲ្យទីផ្សារផលិតរបស់យើងមានតម្លៃជាងមុន»។ នេះជាការរៀបរាប់របស់អ្នកស្រី ឃ្នូ សម្បត្តិ ដែលនឹងសន្យាថាពង្រឹងលើការផលិតកសិកម្មនៅក្នុងសហគមន៍របស់ខ្លួនឲ្យមានគុណភាពដែលត្រូវនឹងស្តង់ដារ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៧ ការចុះកិច្ចសន្យាផលិតផលកសិកម្មគឺមានត្រឹមតែ៦២កិច្ចសន្យា។ ឆ្នាំ២០១៨ កើនដល់៩០កិច្ចសន្យា ឆ្នាំ២០១៩ កើនដល់៤៩៨កិច្ចសន្យា រហូតដល់៩ខែឆ្នាំ២០២០នេះកើនដល់៧០១កិច្ចសន្យា ទៅលើផលិតផលកសិកម្មដូចជា ស្រូវពូជ ស្រូវសរីរាង្គ ស្រូវក្រអូប ស្រូវចំណី ដំឡូងមីសរីរាង្គ ម្រេច ស្ករត្នោត បន្លែ ស្វាយចន្ទី ពោត សណ្តែកខៀវ សណ្តែកបាយ មាន់ស្រែ ជ្រូក។ល។ លោក វេង សាខុន សង្ឃឹមថា ការចុះកិច្ចសន្យាផលិតផលកសិកម្មនៅចុងឆ្នាំនេះនឹងអាចកើនឡើងដល់១០០០កិច្ចសន្យា ហើយនឹងអាចកើនឡើងជាបន្តៗទៀតផងដែរ៕