ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! គន្លឹះ​ប្រើប្រាស់ “​ខ្ទឹមស​” ថែរក្សា​សម្រស់​
30, Sep 2020 , 8:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ធ្លាប់​ដឹង​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ខ្ទឹមស​ចំពោះ​សុខភាព ប៉ុន្តែ​ប្រហែលជា​មិនដែល​ចាប់អារម្មណ៍​ពី​ផល​ល្អៗ​របស់​អាហារ​មើម​នេះ​ចំពោះ​សម្រស់​ឡើយ​។ ថា​តើ​ខ្ទឹមស​ល្អ​អ្វីខ្លះ​ចំពោះ​សម្រស់​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ប្រើប្រាស់​ខ្ទឹមស​ថែរក្សា​សម្រស់ ៖

 
១. រូបមន្ត​កម្ចាត់​មុន​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់ ឬ​កាត់​ខ្ទឹមស​ជា ២ រួច​ដុស​ថ្នមៗ​លើ​តំបន់​ស្បែក​ដែលមាន​បញ្ហា​។ ទុកឱ្យ​ទឹក​ខ្ទឹមស​ស្រស់​ជាប់​លើ​ស្បែក​មុខ​ដែលមាន​មុន​សម្រាប់​រយៈពេល​ប៉ុន្មាន​នាទី​សិន សឹម​លាង​សម្អាត​ចេញ​ជាមួយ​សាប៊ូ​កម្រិត​ស្រាល​និង​ទឹក​។​
 
២. បន្ថយ​ស្នាម​សំលាក​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបប្រេង​ខ្ទឹមស​លើ​ស្នាម​សំលាក​ជាប្រចាំ​។​
 
៣. ទប់ស្កាត់​សក់​ជ្រុះ​
 
​អ្នក​អាច​លាយ​ទឹក​ខ្ទឹមស​ស្រស់​ជាមួយ​ប្រេង​ជី​អង្កាម​។ រួច​លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែកក្បាល​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​និង​កក់សក់​នៅ​ថ្ងៃ​បន្ទាប់​។ អ្នក​អាចអនុវត្ត​រូបមន្ត​នេះ​ពី ៣ ទៅ ៤ ដង​ក្នុង​មួយ​សប្តាហ៍​។​
 
៤. ជួយ​គ្រប់គ្រង​ទម្ងន់​
 
​ក្រៅពី​ជួយ​ព​ន្លឿ​ន​ការដុត​រំលាយ​អាហារ​ហើយ​នោះ ខ្ទឹមស​ក៏មាន​ផ្ទុក​សារធាតុ ajoene ជួយ​បំផ្លាញ​ជាតិ​ខ្លាញ់​មិនល្អ​ដែល​ស្ដុក​ទុក​ក្នុង​រាងកាយ​។ ខ្ទឹមស​ថែមទាំង​ជួយ​ដុតបំផ្លាញ​ជាតិ​កាឡូរី​ដែល​លើស​ផងដែរ​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​ខ្ទឹមស​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​ដើម្បី​សម្រក ឬ​រក្សា​ទម្ងន់​សមស្រប​ដូច​បច្ចុប្បន្ន​។​
 
៥. សុខភាព​ស្បែក​
 
​ក្រៅពី​ជួយ​បន្ថែម​ក្លិន​និង​រសជាតិ​ដល់​អាហារ​ហើយ​នោះ ខ្ទឹមស​ក៏​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​ផងដែរ​។ ខ្ទឹម​សមាន​ផ្ទុក​សារធាតុ sulfur ដែល​អាច​បញ្ឈប់​ការ​បំបែក​កូ​ឡា​ជែ​ន​ល្អ​សម្រាប់​សុខភាព​ស្បែក​ក្មេង​ជាង​វ័យ​។​
 
៦. កម្ចាត់​អង្គែ​
 
​អ្នក​អាច​លាយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​បាយ​ជាមួយ​ខ្ទឹមស​ម៉ដ្ឋ​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ​។ លាប​ល្បាយ​លើ​ស្បែកក្បាល​និង​សក់​ដោយ​ម៉ាស្សា​ថ្នមៗ​។ ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​កក់សក់​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​សារ​ឡើងវិញ​ជាប្រចាំ​។​
 
៧. រូបមន្ត​បង្រួម​រន្ធ​ញើស​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បុក​ខ្ទឹមស ២ កំពឹស​លាយ​ជាមួយ​ទឹក​ប៉េងប៉ោះ​ស្រស់​បន្តិច រួច​លាប​ល្បាយ​លើ​ស្បែ​កមុខ​ដែលមាន​បញ្ហា​រន្ធ​ញើស​ធំ​។ ទុកចោល​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី សឹម​លាង​សម្អាត​មុខ​ចេញ​ជាមួយ​សាប៊ូ​កម្រិត​ស្រាល​និង​ទឹក​ធម្មតា​។​
 
៨. បន្ថយ​ស្នាម​សង្វារ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​បុក​ខ្ទឹមស ១ ឬ ២ កំពឹស​ឱ្យ​ម៉ដ្ឋ រួច​បន្ថែម​វា​ចូល​ប្រេង​ម៉ាស្សា​ណាមួយ​ដែល​អ្នក​ចូលចិត្ត​។ លាប​ម៉ាស្សា​ល្បាយ​ជាប្រចាំ​លើ​កន្លែង​ដែលមាន​បញ្ហា​ស្នាម​សង្វារ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com