អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ថៃ ផ្លាស់ប្ដូរ​តំណែង​មេទ័ព​ជើងគោក​ដ៏​មាន​ឥទ្ធិពល ចំពេល​នយោបាយ​ក្នុងស្រុក​កំពុង​ក្ដៅ​
30, Sep 2020 , 11:03 am        
រូបភាព
ឧត្តមសេនីយ៍ Narongpan Jitkaewtae មេបញ្ជាការថ្មីកងទ័ពជើងគោកថៃ។ រូបភាព AFP
ឧត្តមសេនីយ៍ Narongpan Jitkaewtae មេបញ្ជាការថ្មីកងទ័ពជើងគោកថៃ។ រូបភាព AFP
​នៅ​ថ្ងៃទី​២៩ ខែកញ្ញា មេទ័ព​ជើងគោក​ថៃ ត្រូវបាន​ផ្លាស់ប្ដូរ​ក្នុងការ​ផ្ទេរតំណែង​ដែលជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្ដូរ​តំណែង​សំខាន់​ក្នុង​ជួរ​កងទ័ព​ថៃ​ដែល​ធ្វើឡើង​ប្រចាំឆ្នាំ​។ ទោះជា​ការផ្លាស់ប្ដូរ​តាម​ទម្លាប់​ក្ដី ការដោះដូរ​នៅ​ឆ្នាំនេះ​កើតឡើង ខណៈដែល​ស្ថានការណ៍​នយោបាយ​ក្នុងស្រុក​កំពុង​ក្ដៅ​ដោយសារ​បាតុកម្ម​ស្ទើរ​មិន​លស់​ថ្ងៃ​។ មេបញ្ជាការ​កងទ័ពជើងគោក​ថ្មី ដែលជា​តំណែង​មាន​ឥទ្ធិពល​បំផុត បានប្រកាស​ការពារ​ស​ន្តិ​សុខ​ជាតិ និង​ស្ថាប័ន​មហាក្សត្រ​។​

 
​ក្នុង​ពិធី​ផ្ទេរតំណែង​នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឧ​ត្ត​ម​សេនីយ៍ Apirat Kongsompong បានប្រគល់​ទង់​កងទ័ព​ជើងគោក​ឲ្យ​ឧ​ត្ត​ម​សេនីយ៍ Narongphan Jitkaewtae ដែល​ក្លាយជា​មេបញ្ជាការ​ង​កងទ័ពជើងគោក​ថ្មី​។ លោក Narongphan ជា​មេទ័ព​ស្និទ្ធ​រាជវាំង​ថៃ ហើយ​ត្រូវបាន​ជ្រើសរើស​សម្រាប់​តំណែង​នេះ​ដោយ​លោក Apirat ផ្ទាល់​។ លោក Apirat ក៏​ជា​មនុ​ស្សសិ្ន​ទ្ធ​រាជវាំង​ដែរ​។​
 
​ការផ្លាស់ប្ដូរ​តំណែង​នេះ ជាការ​ធ្វើតាម​ទម្លាប់​ប៉ុណ្ណោះ​ដោយសារ​លោក Apirat ដែល​កាន់តំណែង​តាំងពី​ឆ្នាំ​២០១៨ មក ដល់​អាយុ​ចូលនិវត្តន៍​។ ប៉ុន្តែ​អ្វីដែល​គេ​ចាប់អារម្មណ៍​នោះ វា​កើត​ចំ​ពេលដែល​បាតុកម្ម​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល និង​មហាក្សត្រ​ថៃ បាន​កើនឡើង​កាន់តែខ្លាំង​។ ខណៈ​លោក Apirat មាន​ជំហរ​ដាច់ខាត​ចំពោះមុខ​ការតវ៉ា គេ​ក៏​រំពឹងថា លោក Narongphan នឹង​ការពារ​ស្ថាប័ន​មហាក្សត្រ​យ៉ាង​ម៉ឺងម៉ាត់​ដែរ​។​
 
​ថ្លែង​ក្នុង​ពិធី​ផ្ទេរ​កាន់តំណែង​នៅ​ទីបញ្ជាការ​កងទ័ពជើងគោក លោក Narongphan បាន​ប្ដេជ្ញាចិត្ត​បំពេញការងារ​សម្រាប់​ជាតិ និង​ការពារ​រាជបល្ល័ង្ក​។ មេបញ្ជាការ​ទ័ពជើងគោក​ថ្មី​រូបនេះ ក៏បាន​កោតសរសើរ​លោក Apirat ដែល​តាំងចិត្ត​បានល្អ និង​ប្ដេជ្ញាចិត្ត​បំពេញការងារ​សម្រាប់​ស​ង្គ​ម ក៏ដូចជា​កែប្រែ​មុខមាត់​កងទ័ព ហើយ​លោក នឹង​បន្ត​មរតក​នេះ​ទៀត​។​
 
«​ខ្ញុំ​នឹង​ការពារ និង​អភិវឌ្ឍ​កងទ័ព ដូចនេះ​កងទ័ព​អាច​ឈរ​ជា​ស្ថាប័ន​គោល​ការពារ​សន្តិសុខ​ដែល​លើកកម្ពស់​ជាតិ និង​បល្ល័ង្ក​។​» នេះ​ជាការ​សន្យា​របស់លោក Narongphan ដែលជា​ធ្លាប់​ទទួលបាន​ការហ្វឹកហាត់​ជា​អង្គរក្ស​ស្ដេច​ផង​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។​
 
​ឧ​ត្ត​ម​សេនីយ៍ Narongphan ដឹកនាំ​កងទ័ពជើងគោក​ថៃ​ដល់​ឆ្នាំ​២០២៣ ឯណោះ​។ ក្រៅពី​តំណែង​មេទ័ព​ជើងគោក តំណែង​សំខាន់ៗ​មួយចំនួនទៀត​ក៏ត្រូវ​បាន​ផ្លាស់ប្ដូរ​។ ឧ​ត្ត​សេនីយ៍ Chalermpol Srisawasdi នឹង​ក្លាយជា​អគ្គមេបញ្ជាការ​កងទ័ព​ថៃ​, ឧ​ត្ត​សេនីយ៍ Airbull Suttiwan ជា​មេទ័ព​ជើង​អាកាស ហើយ​ឧ​ត្ត​មនា​វី Chatchai Srivorakhan ជា​មេ​ទ័ពជើងទឹក​។ តំណែង​ទាំងអស់ នឹង​ចូល​ធរមាន​ចាប់ពី​ថ្ងៃទី​១ ខែតុលា​ទៅ​៕
 
 
 

Tag:
 ថៃ​
  Apirat Kongsompong
  Narongphan Jitkaewtae
© រក្សាសិទ្ធិដោយ thmeythmey.com