សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ជំរុញឲ្យភាគីពាក់ព័ន្ធ ជាពិសេសសហព័ន្ធខ្មែរកីឡាហែលទឹកបង្កើតក្រុមការងារ ឬគណៈកម្មការទទួលខុសត្រូវ និងគ្រប់គ្រងអាងហែលទឹកពហុកីឡដ្ឋានជាតិ។ អាងហែលទឹកនេះ ត្រូវបានស្តារ និងជួសជុលឡើងវិញ ដោយចំណាយថវិកាជិត៣លានដុល្លារ។ លោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកអំពាវនាវដល់សិស្ស និស្សិត ដែលចង់ក្លាយជាកីឡាករហែលទឹកចូលរួមហ្វឹកហាត់កីឡានេះទាំងអស់គ្នា។
នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញនូវអាងហែលទឹកពហុកីឡដ្ឋានជាតិ សម្តេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ជំរុញឲ្យភាគីពាក់ព័ន្ធ ជាពិសេសសហព័ន្ធខ្មែរកីឡាហែលទឹក សហការគ្នាថែរក្សាអាងហែលទឹកពហុកីឡដ្ឋានជាតិ។ សម្តេច ស្នើឲ្យប្រើប្រាស់អាងហែលទឹកនេះធ្វើជាថ្នាលបណ្តុះបណ្តាលធនធានកីឡាករកីឡាការិនី សម្រាប់ត្រៀមឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិដែលធ្វើជាអធិបតីក្នុងពិធីសម្ពោធអាងហែលទឹកខាងលើបានផ្តល់គំនិតយ៉ាងដូច្នេះថា៖«ខ្ញុំសូមផ្តល់អនុសាសន៍ដល់សហព័ន្ធខ្មែរកីឡាហែលទឹក និងភាគីពាក់ព័ន្ធ ត្រូវរៀបចំគណៈកម្មការ ឬក្រុមការងារទទួលខុសត្រូវគ្រប់គ្រងអាងហែលទឹកពហុកីឡដ្ឋានជាតិ ដើម្បីធានានូវការប្រើប្រាស់ឲ្យបានចំទិសដៅ និងផ្តល់អត្ថប្រយោជន៍ដល់ការអភិវឌ្ឍកីឡាហែលទឹក»។
ពាក់ព័ន្ធបញ្ហានេះ ក្រសួងអប់រំយុវជន និងកីឡា និងសហព័ន្ធខ្មែរកីឡាហែលទឹកបានជួបពិភាក្សាគ្នាម្តងរួចមកហើយកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។ ជាលទ្ធផលក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានឯកភាពគ្នាទាំងស្រុងលើគម្រោងបង្កើតគណៈកម្មការគ្រប់គ្រងអាងហែលទឹកពហុកីឡដ្ឋានជាតិ។ សមាជិកនៃគណៈកម្មការនេះ ត្រូវតែជាមន្ត្រីរបស់ក្រសួងអប់រំយុវជននិងកីឡា និងសហព័ន្ធខ្មែរកីឡាហែលទឹក។
មានមតិមួយចំនួនបានលើកឡើងថា ការបង្កើតគណៈកម្មការនេះ ទំនងជាក្រសួងអប់រំចង់គ្រប់គ្រងអាងហែលទឹកពហុកីឡដ្ឋានជាតិតែឯងផ្តាច់មុខ។ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានចេញមកបដិសេធទាំងស្រុងចំពោះការលើកនេះ ហើយលោកអះអាងថា ក្រសួងបង្កើតគណៈកម្មការនេះឡើង គឺដើម្បីជួយសម្រួលដល់សហព័ន្ធក្នុងការគ្រប់គ្រង និងថែទាំទៅវិញទេ។
លោកបានបង្ហាញពីគោលបំណងនៃការបង្កើតគណៈកម្មការនេះយ៉ាងដូច្នេះថា៖«គោលបំណងរួមនៃការបង្កើតគណៈកម្មការគ្រប់គ្រងនេះ គឺដើម្បីឲ្យមានតម្លាភាព ព្រោះក្នុងបរិវេណពហុកីឡដ្ឋានជាតិជាទឹកដីរបស់ក្រសួងអប់រំ។ ជាលក្ខខណ្ឌរួម សហព័ន្ធជាអ្នកគ្រប់គ្រងថែទាំ និងប្រើប្រាស់ធម្មតា គ្រាន់តែថា នៅក្នុងនឹងមានក្រសួងអប់រំជាអាជ្ញាធរដែនដី ព្រោះវាជាទីតាំងរបស់គាត់។ ការបង្កើតនេះ គឺសង្កត់ធ្ងន់លើការប្រើប្រាស់ និងថែទាំរក្សាអនាម័យ»។
សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានជំរុញឲ្យសហព័ន្ធខ្មែរកីឡាហែលទឹករៀបចំផែនការ និងយន្តការក្នុងការត្រៀមជួសជុល និងថែទាំឲ្យបានល្អជាប្រចាំ ដើម្បីរក្សាគុណភាព និងស្តង់ដាអាងហែលទឹកពហុកីឡដ្ឋានជាតិ។ លើសពីនេះ សម្តេច ស្នើឲ្យភាគីពាក់ព័ន្ធខិតខំស្វែងរកដៃគូសហការ ដើម្បីទិញឧបករណ៍ និងបរិក្ខាបំពាក់ផ្សេងៗបន្ថែមទៀត។
ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ រូបនេះ ទទូចឲ្យសហព័ន្ធនេះប្រើប្រាស់អាងហែលទឹកពហុកីឡដ្ឋានជាតិឲ្យអស់លទ្ធភាព និងប្រកបដោយប្រសិទ្ធិភាពក្នុងការបណ្តុះបណ្តាលធនធានកីឡាករកីឡាការិនីឲ្យបានកាន់តែច្រើន និងមានគុណភាពខ្ពស់។ ជាពិសេស ត្រូវបណ្តុះបណ្តាលធនធានកីឡាករ គ្រូបង្វឹក និងមន្ត្រីបច្ចេកទេស តាមរយៈការបញ្ជូនទៅហ្វឹកហាត់នៅក្រៅប្រទេស ឬហៅគ្រូបង្វឹកបរទេសមកបង្ហាត់នៅកម្ពុជា ដើម្បីត្រៀមឆ្ពោះទៅដណ្តើមមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹករំពឹងថា តាមរយៈអាងហែលទឹកនេះ សហព័ន្ធខ្មែរកីឡាហែលទឹកនឹងបណ្តុះបានធនធានកីឡាករកីឡាការិនីកាន់តែច្រើន និងមានប្រកបដោយគុណភាព។ ជាមួយគ្នានេះ លោក ក៏បានអំពាវនាវដល់យុវជន-យុវនារី សិស្សនិស្សិត ដែលចង់ក្លាយជាកីឡាករហែលទឹកអាជីពឲ្យចូលរួមហ្វឹកហាត់កីឡាហែលទឹក តាមរយៈសហព័ន្ធខ្មែរកីឡាហែលទឹក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញនូវអាងហែលទឹកពហុកីឡដ្ឋានជាតិ
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញអាងហែលទឹកពហុកីឡដ្ឋានជាតិនោះដែរ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនរូបនេះ បានរៀបរាប់ពីប្រវត្តិសាងសង់ និងការប្រើប្រាស់អាងហែលទឹកពហុកីឡដ្ឋានជាតិ។ អាងហែលទឹកនេះបានសាងសង់ក្នុងទស្សវត្សរ៍៦០(១៩៦១-១៩៦៥)ជាស្នាដៃរបស់ស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ ក្រោមព្រះរាជតំរិះផ្តួចផ្តើមរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទ នរោត្តម សីហនុ។
អាងហែលទឹកដែលស្របតាមស្តង់ដារអន្តរជាតិដំបូងគេនៅកម្ពុជាមួយនេះ បានសម្ពោធដាក់ឲ្យប្រើប្រាស់នៅអំឡុងឆ្នាំ១៩៦៧ ហើយបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតអន្តរជាតិលើកដំបូង ក្នុងព្រឹត្តិការណ៍កីឡាមិនចូលបក្ខសម្ព័ន្ធ(GANEFO)។
សម្ភារៈ បរិក្ខា និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក្នុងអាងហែលទឹកពហុកីឡដ្ឋានជាតិ ត្រូវបានបំផ្លាញស្ទើទាំងស្រុងក្នុងរបបកម្ពុជាប្រជាធិបតេយ្យចនោះពីឆ្នាំ១៩៧៥-១៩៧៩។ តែត្រូវបានជួសជុលកែលម្អ និងស្តារឡើងវិញនៅអំឡុងឆ្នាំ១៩៨០ ក្រោមគំនិតផ្តួចផ្តើមរបស់លោកព្រឹទ្ធចារ្យ ហែម ថុន អតីតអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងលោក ផាត់ លឹមអុន រួមជាមួយមន្ត្រីជាច្រើនរូបទៀត។
ដោយសារឧបករណ៍ និងបរិក្ខាមួយចំនួនក្នុងអាងហែលទឹកនេះមានសភាពចាស់រិចរិល សហព័ន្ធខ្មែរកីឡាហែលទឹក ក៏បានជួសជុល និងស្តារឡើងវិញនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ និងបានបញ្ចប់ជាស្ថាពរនៅខែមេសា ឆ្នាំ២០២០។ ការជួសជុល និងស្តារឡើងវិញនេះ បានចំណាយពេលវេលា១៨ខែ និងថវិកាជិត៣លានដុល្លារ ដែលជាជំនួញរបស់ក្រុមហ៊ុនចិន។
អាងលោតទឹកដែលមានជម្រៅ៤,៥ម៉ែត្រ ទទឹង២០និងបណ្តោយ២៥ រួមជាមួយអាងហែលទឹកមានទទឹង២៥ និងបណ្តោយ៥០ និងខ្សែបន្ទាត់ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ឡើងវិញនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ក្រោមវត្តមានរបស់សម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។
ក្រោយធ្វើជាអធិបតីក្នុងពិធីសម្ពោធអាងហែលទឹកពហុកីឡដ្ឋានជាតិ សម្តេចឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានដើរត្រួតពិនិត្យទីលានហ្វឹកហាត់តាមសហព័ន្ធនីមួយៗ ដែលមានមូលដ្ឋាននៅក្នុងពហុកីឡដ្ឋានជាតិ៕