កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho តាម​ទៅ​ហៅ Dier ដល់​បង្គន់ ក្រោយពេល​ខ្សែការពារ​រូបនេះរ​ត់ទៅ​ជុះ ខណៈ​ប្រកួត​ជាមួយ Chelsea
30, Sep 2020 , 3:02 pm        
រូបភាព
​លោក Jose Mourinho បាន​សាទរ​ចំពោះ Eric Dier ដែល​បង្ហាញ​ពី​ការខិតខំ​ប្រឹងប្រែង​ក្នុងនាម​កីឡាករ​ដែល​ទទួលខុស​ត្រូវ​ខ្ពស់​។ ក្នុងអំឡុង​ការប្រកួត​រវាង Totteham Hotspur ទល់ Chelsea ពានរង្វាន់ EFL Cup ខ្សែការពារ Dier បាន​រត់​ចេញពី​ទីលាន​យ៉ាង​លឿន​សំដៅទៅ​បន្ទប់ទឹក​ដោយសារ​រូបគេ​ឈឺ​បត់ជើងធំ​។​

 
​ក្នុងជំនួប EFL Cup វគ្គ​១៦​ក្រុម​ចុងក្រោយ​នៅ​រាត្រី​ថ្ងៃទី​២៩ កញ្ញា មាន់​ខ្នាយ​មាស​បាន​យកឈ្នះ​តោ​ខៀវ​ដោយ​ការទា​ត់បាល់​ប៉េ​ណា​ល់​ទី ៥-៤​។ ក្រុម​ទាំងពីរ​បញ្ចប់​ក្នុងការ​ប្រកួត​៩០​នាទី​ក្នុង​លទ្ធផល ១-១ ដោយ Timo Werner ជា​អ្នករក​គ្រាប់​ឲ្យ​ក្រុម​លោក Lampard នៅ​នាទី​១៩ មុន Erik Lamela ស៊ុត​តាម​ស្មើ​ឲ្យ​ក្រុម​លោក Mourinho នៅ​នាទី​៨៣​។ ចូលដល់​វគ្គ​ប៉េ​ណា​ល់​ទី Mason Mount ធ្វើ​មិនបាន​សម្រេច​ក្នុង​ស៊ុត​លើក​ទី​៥ ដែល​ធ្វើ​ឲ្យ Chelsea ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​។ 
 
​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល ខណៈ​ការប្រកួត​ឈានដល់​នាទី​២ Dier បាន​រត់​ចេញពី​ទីលាន​ទៅ​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​ដើម្បី​ចូល​បង្គន់​បត់ជើងធំ ហើយ Mourinho បាន​តាម​ក្រោយ​ខណៈ​ក្រុម​កំពុង​ត្រូវគេ​នាំមុខ​។ ត្រឹម​រយៈពេល​មិន​ដល់​១​នាទី​ផង ខ្សែការពារ​អន្តរជាតិ​អង់គ្លេស បាន​រត់​ត្រឡប់​ចូល​ទីលាន​វិញ​ភ្លាមៗ​។​
 
 
​អាការ​របស់ Dier បែបនេះ ត្រូវបាន​លោក Mourinho មើលឃើញថា​ដោយសារ​រូបគេ​ប្រឹង​ខ្លាំង​រហូតដល់​ខ្សោះ​ជាតិ​ទឹក​។ ខ្សែការពារ​វ័យ ២៦ ឆ្នាំ​រូបនេះ ថែមទាំង​ត្រូវ​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ចាត់ទុកជា​កីឡាករ​ឆ្នើម និង​ជាប់​ជម្រើស​ដំបូង​របស់លោក​ទាំង​ការប្រកួត​ក្នុង​លី​គ​រដូវ​កាល​នេះ​។​
 
​ក្រោយ​ចប់​ការប្រកួត​លោក Mourinho បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា​៖ «​អ្វីដែល​បានកើត​ឡើង​ចំពោះ Dier មិនមែនជា​រឿង​ធម្មតា​ទេ​។ ខ្ញុំ​ត្រូវ​សរសើរ​គាត់​ជាពិសេស​។ គាត់​ត្រូវតែទៅ​បង្គន់​ជា​រឿង​ធម្មតា​នៅពេលដែល​អ្នក​ខ្សោះ​ជាតិ​ទឹក​ពី​ខ្លួន​។ ខ្ញុំ​ដឹងថា​គាត់​ត្រូវ​ទៅ​បង្គន់ ហើយ​ខ្ញុំ​ក៏​រត់តាម​គាត់ ដើម្បី​ព្យាយាម​ដាក់​សម្ពាធ​លើ​គាត់​ដើម្បី​ឲ្យ​គាត់​ឆាប់​ត្រឡប់មកវិញ​។ Dier ជា​គំរូ​ល្អ​សម្រាប់​អ្នក​រាល់គ្នា​ដើម្បី​បង្ហាញ​ពី​ការទទួលខុសត្រូវ​»​។​
 
​អ្នកចាត់ការ Spurs ថែមទាំង​កោតសរសើរ​ចំពោះ Dier ដែល​បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​បញ្ចូល​ទី​ជួយ​ក្រុម​ឈានទៅ​វគ្គ​បន្តពាន EFL Cup ផង​៕
 

 

Tag:
 Eric Dier
  EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com