អន្តរជាតិ
តំណាង​កូរ៉េខាងជើង​នៅ UN៖ ព្យុងយ៉ាង មិន​ប្តូរ​សេចក្តីថ្លៃថ្នូរ​របស់​ខ្លួន​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឡើយ​
30, Sep 2020 , 9:29 pm        
រូបភាព
លោក គីម សុង អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
លោក គីម សុង អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាត នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០។
​កូរ៉េខាងជើង នឹងមិន​លក់​សេចក្តីថ្លៃថ្នូរ​របស់ខ្លួន ដើម្បី​ប្តូរ​យក​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឡើយ​។ នេះ​បើតាម​ការលើកឡើង​រប​ស់អគ្គ​រដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ (UN) លោក គីម សុង (Kim Song) នៅ​ថ្ងៃទី​២៩ ខែកញ្ញា​។

 
​ថ្លែង​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ អគ្គរដ្ឋទូត​កូរ៉េខាងជើង លោក​គីម សុង បាន​លើកឡើងថា វា​គឺជា​រឿង​ពិត ដែល​កូរ៉េខាងជើង ត្រូវការ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​យ៉ាងខ្លាំង​ពី​មជ្ឈដ្ឋាន​ខាងក្រៅ ប៉ុន្តែ​កូរ៉េខាងជើង នឹងមិន​ប្តូរ​សេចក្តីថ្លៃថ្នូរ​របស់​ខ្លួន​ទៅនឹង​ការអភិវឌ្ឍ​ទាំងនោះ​ឡើយ​។ បើតាម​លោក គីម សេចក្តីថ្លៃថ្នូរ គឺ​ប្រៀបបាន​ទៅនឹង​ជីវិត​របស់​កូរ៉េខាងជើង ហើយ​កូរ៉េខាងជើង នឹងមិន​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួន​ឡើយ​។ 
 
​ក្នុងន័យនេះ មន្ត្រីការទូត​កូរ៉េខាងជើង បានលើកឡើង​ពីស​ម្តី​របស់​មេដឹកនាំ គីម ជុង​អ៊ុន ដែល​បញ្ជា​ឲ្យ​កូរ៉េខាងជើង ប្រយុទ្ធ​ជាមួយ​បញ្ហាលំបាក​ទាំងឡាយ​តាមរយៈ​ការពឹង​ផ្អែកលើ​ខ្លួនឯង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap​។ 
 
​តំណាង​កូរ៉េខាងជើង មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​រឿង​ដោះដូរ​នេះ​ទេ តែ​លោក​ទំនង​ចង់​សំដៅ​ដល់​ការសន្យា​របស់​អាមេរិក​ក្នុង​ការជួយ​កូរ៉េខាងជើង ជា​ថ្នូរ​នឹង​ការបោះបង់​កម្មវិធី​នុយក្លេអ៊ែរ​នោះ​។ ការប្រឹងប្រែង​របស់​វ៉ាស៊ីនតោន​ក្នុង​បញ្ចុះបញ្ចូល​ព្យុងយ៉ាង​ឲ្យ​បោះបង់​នុយក្លេអ៊ែរ មិនបាន​ផល​ឡើយ ខណៈ​ភាគី​ទាំងអស់​ចង់បាន​ការធ្វើ​សម្បទាន​ពី​ភាគី​ម្ខាង​ទៀត​មុន​។ 
 
​ក្រៅពី​រឿង​ខាងលើ លោក គីម ក៏​បន្ថែមថា ពេលនេះ កូរ៉េខាងជើង កំពុង​ផ្តោតលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច បន្ទាប់ពី​អាច​ធានា​សន្តិសុខ និង​សន្តិភាព​បាន​ដោយ​ខ្លួន​ឯ​។  លោក គីម បាន​អះអាងថា ការពង្រឹង​កម្លាំងយោធា​របស់ខ្លួន​ឲ្យ​ខ្លាំង ជាការ​បង្ការ​មិន​ឲ្យ​មាន​សង្គ្រាម​។ ត្រង់នេះ អ្នកការទូត​កូរ៉េខាងជើង រៀបរាប់ថា សន្តិភាព មិនអាច​បានមក​ដោយ​ខ្លួនឯង​ទេ ហើយក៏​មិនមែន​បានមក​ដោយ​ការ​ប្រាថ្នា​ដែរ ប៉ុន្តែ​បានមក​ដោយសារ​កម្លាំង​យោធា​ដ៏​ខ្លាំង ព្រោះ​នៅពេល​ប្រទេសមួយ​មាន​កម្លាំងយោធា​ខ្លាំង ប្រទេស​ទាំងនោះ នឹង​អាច​ទទួលបាន​សន្តិភាព តាមរយៈ​ការបង្ការ​សង្គ្រាម​មិន​ឲ្យ​កើតឡើង​។ 
 
​សូមបញ្ជាក់ថា កូរ៉េខាងជើង ធ្លាប់បាន​ប្រកាសថា ខ្លួន​បាន​អភិវឌ្ឍ​មី​ស៊ី​ល​ចម្ងាយ​ឆ្ងាយ និង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​យ៉ាង​ល្អ បន្ទាប់​បានធ្វើ​តេស្ត​មី​ស៊ី​ល​បាលី​ស្ទិ​ក​ជាច្រើនលើក​កន្លងមក និង​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ឆ្នាំ​២០១៧​កន្លងទៅ​។ កូរ៉េខាងជើង ក៏​ប្រកាស​ខ្លួន​ជា​រដ្ឋ​មាន​នុយក្លេអ៊ែរ​ដែរ​៕

Tag:
 កូរ៉េខាងជើង​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com