ជាតិ
រដ្ឋរកចំណូលបាន៦លានដុល្លារ ពីការលក់ផ្លាកលេខរថយន្ដ 
×![]()
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី៣០ កញ្ញានេះ រដ្ឋរកចំណូលបាន៦លានដុល្លារហើយ ពីការលក់ផ្លាកលេខរថយន្តផ្ទាល់ខ្លួន ឱ្យសាធារណជន។ នេះបើតាមលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
ថ្លែងក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការប្រព័ន្ធស្វ័យប្រវត្តិកម្មផ្ទេរកម្មសិទ្ធិយានជំនិះ និង មណ្ឌលផ្តល់សេវាសាធារណៈថ្មី ទីតាំងនៅផ្សាទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល នាព្រឹកនេះ លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា ផ្លាកលេខពិសេសដែលលក់ឱ្យអតិជននេះ អស់ចំនួន២០០០ផ្លាកហើយ បើគិតចាប់ពីថ្ងៃបើកដំណើរលក់កាលពីថ្ងៃទី៧ មករា ឆ្នាំ២០២០។
ការប្រើលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះ គេអាចដាក់ជាឈ្មោះជាឡាតាំង ឬជាលេខ ដោយមិនលើសពី៨ខ្ទង់ ហើយផ្នែកខាងលើមានពាក្យកម្ពុជា និងផ្នែកខាងក្រោមមានពាក្យ Cambodia ។
លេខពិសេសផ្ទាល់ខ្លួននេះ គឺសំដៅថា ម្ចាស់យានយន្តអាចដាក់ឈ្មោះខ្លួនឯង ឬ ឈ្មោះនិងលេខ ជាដើម។ ប៉ុន្តែការប្រើឈ្មោះសម្រាប់ចុះបញ្ជីលេខរថយន្ត គឺត្រូវសម្រេចដោយមន្ត្រីរបស់ក្រសួង ដោយចៀសវាងប៉ះពាល់ឈ្មោះថ្នាក់ដឹកនាំ បុគ្គលល្បី និងអត្តសញ្ញាណជាតិ ជាពិសេសពាក្យអសុរោះជាដើម។
បើតាមក្រសួងដដែល នៅពេលផ្ទេរកម្មសិទ្ធិរថយន្ត ម្ចាស់យានយន្តក៏អាចរក្សាលេខចុះបញ្ជីពិសេសនេះទុក សម្រាប់ប្រើជាមួយរថយន្តថ្មីផងដែរ។ ក្រសួងសាធារណការ អះអាងថា ការបង្កើតឲ្យមានលេខចុះបញ្ជីពិសសផ្ទាល់ខ្លួននេះ គឺដើម្បីបន្ថែមជម្រើសដល់ប្រជាពលរដ្ឋ និងរកចំណូលជូនរដ្ឋ។
Tag:
ស៊ុន ចាន់ថុល
ក្រសួងសាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com