សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ប៉ុ​ម​ប៉េ​អូ ទៅ​អាស៊ី​ខាងកើត​សប្តាហ៍​ក្រោយ​, បញ្ហា​ចិន និង​កូរ៉េខាងជើង​ជា​របៀបវារៈ​សំខាន់​
01, Oct 2020 , 8:29 am        
រូបភាព
លោកម៉ៃ ប៉ុមប៉េអូ រដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបភាព៖ ក្រសួងការបរទេសអាមេរិក
លោកម៉ៃ ប៉ុមប៉េអូ រដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបភាព៖ ក្រសួងការបរទេសអាមេរិក
​ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នឹង​ទស្សនកិច្ច​មក​ជប៉ុន កូរ៉េខាងត្បូង និង​ម៉ុង​ហ្គោ​លី នៅ​សប្តាហ៍​ក្រោយ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងការបរទេស​អាមេរិក នៅ​ថ្ងៃទី​២៩ ខែកញ្ញា​។ ចិន និង​កូរ៉េខាងត្បូង អាចជា​របៀបវារៈ​ដ៏​សំខាន់​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​។


​ក្រសួងការបរទេស​អា​មេ​រិ​ក​បញ្ជាក់ថា លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នឹងធ្វើ​ទស្សនកិច្ច​នៅ​ជប៉ុន​ដំបូង​គេ មុន​បន្តដំណើរ​ទៅ​កូរ៉េខាងត្បូង និង​ម៉ុង​ហ្គោ​លី​។ នេះ​គឺជា​ទស្សនកិច្ច​ដំបូង​គេ​បង្អស់​របស់​មន្ត្រីជាន់ខ្ពស់​អាមេរិក មក​ទីក្រុង​តូ​ក្យូ ចាប់តាំងពី​លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី​។ 
 
​នៅ​ជប៉ុន លោក ប៉ុ​ម​ប៉េ​អូ មិន​ត្រឹមតែ​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល និង​មន្ត្រីជាន់ខ្ពស់​ប្រទេស​សម្ព័ន្ធមិត្ត​មួយ​នេះឡើយ​។ លោក ប៉ុ​ម​ប៉េ​អូ ក៏​ចូលរួម​ក្នុង​កិច្ចប្រជុំ​សន្ទនា​សន្តិសុខ​៤​ភាគី (Quadrilateral Security Dialogue) នៅក្នុង​ទីក្រុង​តូ​ក្យូ​ជាមួយ​សម​ភាគី​ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា​។ ចិន ទំនងជា​ប្រធានបទ​សំខាន់​នៃ​ជំនួប​នេះ​។ 
 
​បន្ទាប់ពី​ជប៉ុន ប្រមុខ​ការទូត​អាមេរិក នឹងធ្វើ​ទស្សនកិច្ច​ទៅ​កូរ៉េខាងត្បូង ដើម្បី​ជជែក​ពី​បញ្ហា​កូរ៉េខាងជើង និង​ការចរចា​លើ​កម្មវិធី​រំសាយ​អាវុធ​នុយក្លេអ៊ែរ​។ នៅ​ថ្ងៃទី​២៨ ខែកញ្ញា​កន្លងទៅ លោក Lee Do-hoon ប្រធាន​ក្រុម​ចរចា​នុយក្លេអ៊ែរ​របស់​កូរ៉េខាងត្បូង ក៏បាន​ជួប​ជាមួយ​រដ្ឋលេខាធិការ​ក្រសួងការបរទេស​អាមេរិក ស្តេ​ហ្វិ​ន ប៊ី​ហ្កា​ន់ នៅ​ទីក្រុង​វ៉ាស៊ីនតោន​ផងដែរ ដើម្បី​ជជែក​ពី​បញ្ហា​កូរ៉េខាងជើង​ផងដែរ​។​
 
​ការចរចា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង គឺជា​គោលនយោបាយ​ការបរទេស​ដ៏​សំខាន់​របស់លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​។ កន្លងមក​លោក ត្រាំ បាន​ជួប​ជាមួយ មេដឹកនាំ​កូរ៉េ​ជើង​រហូតដល់​ទៅ​៣​ដង ដើម្បី​ជជែក​ពី​បញ្ហា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​។ ចំណែក​លោក ម៉ុ​ប​ប៉េ​អូ វិញ នៅក្នុង​ឆ្នាំ​២០១៨ បានធ្វើ​ដំណើរ​ទៅ​កូរ៉េខាងជើង​រហូតដល់​ទៅ ៤​ដង ដែរ​។ 
 
​ប្រទេស​ចុងក្រោយ គឺ​ម៉ុង​ហ្គោ​លី ដែល​ស្ថិតនៅ​ចន្លោះ​ចិន និង​រុស្ស៊ី​។ នេះ​គឺជា​លើកដំបូង​ហើយ​សម្រាប់​រដ្ឋមន្ត្រីការបរទេស​អាមេរិក ធ្វើដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅ​ម៉ុង​ហ្គោ​លី បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​៕ 

Tag:
 ​អាមេរិក​
  ចិន​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com