សង្គមអន្តរជាតិ
អន្តរជាតិ
លោក ប៉ុមប៉េអូ ទៅអាស៊ីខាងកើតសប្តាហ៍ក្រោយ, បញ្ហាចិន និងកូរ៉េខាងជើងជារបៀបវារៈសំខាន់ លោកម៉ៃ ប៉ុមប៉េអូ រដ្ឋមន្រ្តីការបរទេសអាមេរិក។ រូបភាព៖ ក្រសួងការបរទេសអាមេរិក
× ប្រមុខការទូតអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ នឹងទស្សនកិច្ចមកជប៉ុន កូរ៉េខាងត្បូង និងម៉ុងហ្គោលី នៅសប្តាហ៍ក្រោយ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២៩ ខែកញ្ញា។ ចិន និងកូរ៉េខាងត្បូង អាចជារបៀបវារៈដ៏សំខាន់នៅក្នុងដំណើរទស្សនកិច្ចនេះ។
ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា លោក ម៉ៃ ប៉ុមប៉េអូ នឹងធ្វើទស្សនកិច្ចនៅជប៉ុនដំបូងគេ មុនបន្តដំណើរទៅកូរ៉េខាងត្បូង និងម៉ុងហ្គោលី។ នេះគឺជាទស្សនកិច្ចដំបូងគេបង្អស់របស់មន្ត្រីជាន់ខ្ពស់អាមេរិក មកទីក្រុងតូក្យូ ចាប់តាំងពីលោក ស៊ូហ្កា យូស៊ីហ៊ីដេ ចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនថ្មី។
នៅជប៉ុន លោក ប៉ុមប៉េអូ មិនត្រឹមតែជួបជាមួយប្រមុខរដ្ឋាភិបាល និងមន្ត្រីជាន់ខ្ពស់ប្រទេសសម្ព័ន្ធមិត្តមួយនេះឡើយ។ លោក ប៉ុមប៉េអូ ក៏ចូលរួមក្នុងកិច្ចប្រជុំសន្ទនាសន្តិសុខ៤ភាគី (Quadrilateral Security Dialogue) នៅក្នុងទីក្រុងតូក្យូជាមួយសមភាគីជប៉ុន អូស្ត្រាលី និងឥណ្ឌា។ ចិន ទំនងជាប្រធានបទសំខាន់នៃជំនួបនេះ។
បន្ទាប់ពីជប៉ុន ប្រមុខការទូតអាមេរិក នឹងធ្វើទស្សនកិច្ចទៅកូរ៉េខាងត្បូង ដើម្បីជជែកពីបញ្ហាកូរ៉េខាងជើង និងការចរចាលើកម្មវិធីរំសាយអាវុធនុយក្លេអ៊ែរ។ នៅថ្ងៃទី២៨ ខែកញ្ញាកន្លងទៅ លោក Lee Do-hoon ប្រធានក្រុមចរចានុយក្លេអ៊ែររបស់កូរ៉េខាងត្បូង ក៏បានជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក ស្តេហ្វិន ប៊ីហ្កាន់ នៅទីក្រុងវ៉ាស៊ីនតោនផងដែរ ដើម្បីជជែកពីបញ្ហាកូរ៉េខាងជើងផងដែរ។
ការចរចារំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាគោលនយោបាយការបរទេសដ៏សំខាន់របស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ កន្លងមកលោក ត្រាំ បានជួបជាមួយ មេដឹកនាំកូរ៉េជើងរហូតដល់ទៅ៣ដង ដើម្បីជជែកពីបញ្ហារំសាយកម្មវិធីនុយក្លេអ៊ែរ។ ចំណែកលោក ម៉ុបប៉េអូ វិញ នៅក្នុងឆ្នាំ២០១៨ បានធ្វើដំណើរទៅកូរ៉េខាងជើងរហូតដល់ទៅ ៤ដង ដែរ។
ប្រទេសចុងក្រោយ គឺម៉ុងហ្គោលី ដែលស្ថិតនៅចន្លោះចិន និងរុស្ស៊ី។ នេះគឺជាលើកដំបូងហើយសម្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើដំណើរទស្សនកិច្ចផ្លូវការទៅម៉ុងហ្គោលី បើគិតចាប់តាំងពីឆ្នាំ២០១៦មក៕
Tag:
អាមេរិក
ចិន
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com