ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីសាធារណការ ប្រាប់ពលរដ្ឋដែលលក់-ទិញរថយន្ត ប្រញាប់ផ្ទេរឈ្មោះ ដើម្បីបង្ការហានិភ័យ 
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែងនៅក្នុងកម្មវិធីប្រកាសឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិផ្ទេរកម្មសិទ្ធិយានជំនិះ និងមណ្ឌលផ្តល់សេវាសាធារណៈថ្មី នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០
×![]()
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូន នាថ្ងៃទី៣០ ខែកញ្ញា បានប្រកាសឲ្យដំណើរការប្រព័ន្ធផ្ទេរឈ្មោះម្ចាស់យានយន្ត សម្រាប់ផ្ទេរសិទ្ធិឲ្យភាគីម្ខាងទៀតតាមប្រព័ន្ធឌីជីថលទំនើប ដែលត្រូវបានបង្កើតឡើងដោយក្រសួង ។ ប្រព័ន្ធផ្ទេរឈ្មោះយានយន្តនេះនឹងផ្តល់ភាពងាយស្រួល និងទំនុកចិត្តដល់ភាគីម្ចាស់យានយន្ត។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារការ និងដឹកជញ្ជូន បានបញ្ជាក់ថា ប្រព័ន្ធស្វ័យប្រវត្តិកម្មពីការប្តូរឈ្មោះកម្មសិទ្ធិយានជំនិះនេះ នឹងចំណាយពេលវេលាខ្លីក្នុងការប្តូរឈ្មោះយានយន្តទៅម្ចាស់ភាគីម្ខាងទៀត។ ជាពិសេសកាត់បន្ថយការចំណាយក្រៅផ្លូវការ និងមានទិន្នន័យជាក់លាក់ ដែលជៀសពីការក្លែងបន្លំ។
លោករដ្ឋមន្ត្រីក្រសួងសាធារណការ ក៏ជំរុញឲ្យពលរដ្ឋដែលលក់ និងទិញរថយន្តបន្តពីគ្នាសម្រាប់ប្រើប្រាស់នោះ ត្រូវរួសរាន់ផ្ទេរឈ្មោះរថយន្តខ្លួន ដើម្បីជៀសវាងជួបបញ្ហាណាមួយជាយថាហេតុ។ លោក ស៊ុន ចាន់ថុល បានរៀបរាប់ដូច្នេះថា៖«បើយើងមិនបានប្តូរឈ្មោះពីរថយន្តហ្នឹងទៅ ហើយរថយន្តហ្នឹងបុកគេ មានបញ្ហាដឹកគ្រឿងញៀន ដល់ពេលគេចាប់ភ្លាមហ្នឹងគេនឹងរកម្ចាស់ដើម។ ហើយម្ចាស់ថ្មីអត់ដូរឈ្មោះនៅតែម្ចាស់ដដែល នឹងមានបញ្ហាហើយ។ អ៊ីចឹងត្រូវតែមកដូរ ទិញ និងលក់រថយន្តត្រូវប្តូរកម្មសិទ្ធិឲ្យទាន់ពេលវេលា។ ដូច្នេះប្រព័ន្ធយើងនេះនឹងកាត់បន្ថយពេលវេលាក្នុងការប្តូរកម្មសិទ្ធិរបស់យើងឲ្យបានទាន់ពេលវេលា»។
ជាមួយគ្នានេះក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានបើកដំណើរការធ្វើបណ្ណបើកបរអន្តរជាតិសម្រាប់ឲ្យពលរដ្ឋខ្មែរអាចបើកបរនៅប្រទេសចំនួន៩៩ប្រទេសទូទាំងពិភពលោកផងដែរ។ លោក បានរៀបរាប់ដូច្នេះថា៖«ពលរដ្ឋខ្មែរដែលចង់បើកបរនៅក្រៅប្រទេស អាចយកបណ្ណបើកបរដែលមានស្រាប់នោះមកប្តូរ និងមកស្នើសុំបណ្ណបើកបរអន្តរជាតិ នៅមណ្ឌលផ្តល់សេវាសាធារណៈថ្មី ទីតាំងនៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ក្នុងតម្លៃ២៥ម៉ឺនរៀល។ យើងយកទៅបើកនៅស្រុកគេបាន»៕
Tag:
បណ្ណបើកបរ
ពលរដ្ឋ
ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com