COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចំណុច​សំខាន់​ក្នុង​ការជជែក​ដេញដោល ត្រាំ​-​បៃ​ឌិន លើក​ទី​១
30, Sep 2020 , 4:03 pm        
រូបភាព
ដោយ:
៩០​នាទី​ពេញ លោក ដូ​ណា​ល់ ត្រាំ និង​លោក ចូ បៃ​ឌិន ជជែក​វែកញែក​ប្រធានបទ​សំខាន់​ចំនួន ៦ ដែល​ជ្រើសរើស​ដោយ​អ្នកសម្របសម្រួល លោក Chris Wallace នៃ​ទូរទស្សន៍ Fox News ។ ពីលើ​ឆាក​តស៊ូ​មតិ​នាទី​ក្រុង Cleveland រដ្ឋ Ohio ចាប់ផ្ដើម​នៅ​ម៉ោង​៩​យប់​ថ្ងៃទី ២៩ ខែកញ្ញា (​ម៉ោង​អាមេរិក​) គូប្រជែង​ទាំងពីរ រិះគន់​គ្នា​មិន​សំចៃមាត់​។ ស្ទើរ​គ្រប់​ប្រធានបទ អ្នក​ទាំងពីរ​និយាយ​កាត់​សម្តី​ទៅវិញទៅមក ដែល​បង្ក​ភាពអនាធិបតេយ្យ ហើយ​សូម្បី​អ្នកសម្របសម្រួល​ក៏​ពិបាក​គ្រប់គ្រង​។

 
​ក្នុង​បរិបទ​ជំងឺ​រាតត្បាត​សកល COVID-19 ការតស៊ូ​មតិ​ប្រធានាធិបតី​នេះ រៀបចំឡើង​ដោយ​គោរព​តាម​វិធានការ​សុខាភិបាល ដោយ​គ្មាន​ការចាប់​គ្នា​រវាង​ប្រធានាធិបតី ត្រាំ​និង​អតីត​អនុ​ប្រធានាធិបតី បៃ​ឌិន និង​អនុញ្ញាត​ឲ្យ​មនុស្ស​មួយចំនួន​តូច​ប៉ុណ្ណោះ​ចូល​ទស្សនា​ផ្ទាល់​។ ហើយ​អ្នក​ទាំងពីរ​ក៏​តម្រូវ​ឲ្យ​មាន​លទ្ធផល​តេស្ត​អវិជ្ជមាន COVID-19 ក្នុងពេល​៧២​ម៉ោង​ចុងក្រោយ​ផងដែរ​។ 
 
​តំណែង​ចៅក្រម​តុលាការ​កំពូល​
 
​សំណួរ​ទី​១ ដែល​ត្រូវ​ចោទសួរ​ក្នុង​វេទិកា​តស៊ូ​មតិ​នេះ ពាក់ព័ន្ធ​នឹង​បំណង​តែងតាំង​ចៅក្រម​តុលាការ​កំពូល​ថ្មី ខណៈ​ការបោះឆ្នោត​ខិតជិត​មកដល់ នា​ថ្ងៃទី ៣ ខែវិច្ឆិកា​។ លោក ត្រាំ ដែល​បានស្នើ​តែងតាំង​ចៅក្រម Amy Coney Barrett សម្រាប់​តំណែង​នេះ បាន​អះអាងថា លោក​មាន​សិទ្ធិ​បំពេញ​កៅអី​តុលាការ​កំពូល នៅមុន​ការបោះឆ្នោត ព្រោះ​បក្ស​សាធារណរដ្ឋ​របស់លោក គ្រប់គ្រង​ព្រឹទ្ធសភា និង​សេត​វិមាន​។ 
 
​យ៉ាងណាមិញ លោក បៃ​ឌិន ប្រាប់​ឲ្យ​រង់ចាំ​ចប់​ការបោះឆ្នោត​សិន​។ លោក​និយាយ​ដូច្នេះ​ថា​៖«​ប្រជាជន​អាមេរិក មាន​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​ថា តើន​រណា​គួរ​ក្លាយជា​បេក្ខជន​ចៅក្រម​តុលាការ​កំពូល​នោះ​។ ឥឡូវនេះ ពួកគេ​នឹង​ពុំទាន់​មានឱកាស​ឡើយ ព្រោះ​យើង​កំពុង​ស្ថិតនៅ​ពាក់កណ្ដាល​ទី​នៃ​ការបោះឆ្នោត​»​។ ត្រង់នេះ លោក​សង្កត់ធ្ងន់ថា​៖«​វា​ពុំមែន​ជា​រឿង​សមគួរ​ឡើយ​ដែល​ធ្វើ​រឿងនេះ​មុនពេល​បោះឆ្នោត​នោះ​»​។​
 
​អំឡុង​ប្រធានបទ​ដំបូង​នៃ​ការតស៊ូ​មតិ​៩០​នាទី​ផងដែរ  ដោយ​ទ្រាំលែងបាន​នឹង​ការនិយាយ​រំខាន​ពី​លោក ត្រាំ ខណៈ​លោក​ព្យាយាម​ឆ្លើយ លោក បៃ​ឌិន បាន​ស្រែក​ឲ្យ​លោក​ត្រាំ​បិទមាត់​។ លោក​ចាត់ទុក​ទង្វើ​នេះ​មិន​សម​នឹង​ឥរិយាបថ​របស់​ប្រធានាធិបតី​អាមេរិក​ឡើយ​។ ចុងក្រោយ​លោក Wallace ដែលជា​អ្នកសម្របសម្រួល សម្រេច​បញ្ចប់​ប្រធានបទ​ទី​១ ហើយ​ចោទសួរ​ប្រធានបទ​ថ្មី​។ 


 
​លោក បៃ​ឌិន រិះគន់​លោក ត្រាំ រឿង COVID-19 
 
​ប្រធានបទ​បន្ទាប់​ដែល​ចោទសួរ​ទៅកាន់​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ ទាក់ទង​នឹង​ជំងឺ​រាតត្បាត​សកល COVID-19​។ ដោយ​អះអាងថា​ជា​ប្រធាន​ក្តៅ លោក Wallace បាន​ប្រាប់​ទៅកាន់​លោក ត្រាំ និង​លោក បៃ​ឌិន ឲ្យ​តាំងចិត្ត​ឆ្លើយ​នឹង​សំណួរ​នេះ ហើយ​លែង​និយាយ​កាត់​គ្នាត​ទៀត​។ 
 
​ឈានដល់​ប្រធានបទ​រសើប​នេះ លោក បៃ​ឌិន បាន​រិះគន់​មិន​សំចៃមាត់​លើ​ការឆ្លើយតប​របស់​រដ្ឋ​បាល​លោក ត្រាំ ប្រឆាំង COVID-19 ដែល​បច្ចុប្បន្ន​បាន​ឆក់យក​ជីវិត​មនុស្ស​ក្នុង​សហរដ្ឋអាមេរិក​អស់​ជាង​២០​ម៉ឺន​នាក់​ហើយ​។ 
 
​ពីលើ​វេទិកា លោក បៃ​ឌិន និយាយថា លោក ត្រាំ គ្មាន​ផែនការ​ច្បាស់លាស់ ហើយ​គ្មាន​ធ្វើ​អ្វី​ជា​ដុំកំភួន​សោះ​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត COVID-19  ហើយ​លោក​បានដឹង​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​នេះ​តាំងពី​ខែកុម្ភៈ តែ​លោក​មិន​ព្រម​ប្រកាសអាសន្ន​ដល់​ប្រជាជន​អាមេរិក​។ 
 
​ទោះ​រង​ការរិះគន់​ពី​លោក​បៃ​ឌិន លោក​ប្រធានាធិបតី ត្រាំ លើកឡើង​ពី​ការសម្រេចចិត្ត​បិទ​ជើងហោះហើរ​ពី​ប្រទេស​ចិន នៅ​ចុងខែ​មករា ដោយ​អះអាងថា ទង្វើ​នេះ​បាន​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​អាមេរិក​រាប់លាន​នាក់ ។ មិន​ខុសពី​ការលើកឡើង​មុនៗ លោក ត្រាំ បន្ត​ទម្លាក់​លើ​ប្រទេស​ចិន ដែល​បណ្ដែតបណ្ដោយ​ឲ្យ​វីរុស​នេះ​រាតត្បាត​ពេញ​ពិភពលោក​។ 
 
​ម្យ៉ាងវិញទៀត លោក ក៏​ឆ្លៀត​វាយប្រហារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​ខ្លះ ដែល​ចូលចិត្ត​ផ្សាយ​រឿង​អាក្រក់ៗ​ពី​លោក និង​រដ្ឋបាល​លោក ។ ដោយ​មិន​និយាយ​ចំឈ្មោះ លោក​ចាត់ទុក​ពួក​សារព័ត៌មាន​ទាំងអស់នេះ​ថា​«​ព័ត៌មាន​ក្លែងបន្លំ​»​។ 
 
​និយាយ​ដល់​ដំណើរការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ លោក ត្រាំ អះអាងថា លោក បៃ​ឌិន នឹង​បិទ​ប្រទេស​ទាំងមូល ហើយ​លោក​នឹង​បំផ្លាញ​សេដ្ឋកិច្ច​ប្រទេស ខណៈ​លោក បៃ​ឌិន លើកឡើងថា មហាសេដ្ឋី ដូច​លោក ត្រាំ រកស៊ី​កាក់កប​អំឡុង​វិបត្តិ COVID-19 បែបនេះ​។ 
 
​ក្នុង​ប្រធានបទ​សេដ្ឋកិច្ច​ដដែល អតីត​អនុ​ប្រធានាធិបតី បៃ​ឌិន បន្ត​រិះគន់​លោក​ត្រាំ​ថា​កំពុង​ចាត់ចែង​ការបើក​សេដ្ឋកិច្ច​ដោយ​ខ្វះ​ការទទួលខុសត្រូវ ពោលគឺ​មិន​ខ្វាយខ្វល់​ដល់​ជីវិត​មនុស្ស​។ ត្រង់ចំណុច​នេះ លោក​សង្កត់ធ្ងន់ថា សេដ្ឋកិច្ច​ពុំ​អាច​ស្តារឡើងវិញ​បានឡើយ ប្រសិនបើ​វិបត្តិ COVID-19 ពុំទាន់​ដោះស្រាយ​រួច​នោះ​។  


 
​ការបង់ពន្ធ​ក្លាយជា​រឿង​អាម៉ាស់​ថ្មី​របស់លោក ត្រាំ 
 
​ទុក​រឿង COVID-19 និង​សេដ្ឋកិច្ច​មួយអន្លើ លោក Wallace បាន​សាកសួរ​លោក​ត្រាំ​ជុំវិញ​របាយការណ៍​រប​ស់កា​សែត New York Times ដែល​រកឃើញថា លោក​ប្រធានាធិបតី​បង់ពន្ធ​ចំណូល​តែ​៧៥០​ដុល្លារ​ក្នុង​ឆ្នាំ​២០១៧​។ នេះ​ជា​ឆ្នាំ​លោក​ឡើងកាន់​អំណាច​។ 
 
​យ៉ាងណា លោក ត្រាំ អះអាងថា លោក​បាន​បង់ពន្ធ​រាប់លាន​ដុល្លារ ហើយ​ថា របាយការណ៍​ប្រកាស​ពន្ធ​លោក កំពុង​ស្ថិតក្រោម​ការត្រួត​ពិនិត្យ ។ លោក​និយាយ​ដូច្នេះ​ថា​៖«​កាលណា​វាច​ប់ អ្នកនឹង​ឃើញ​របាយការណ៍​នោះ​»​។​
 
​កន្លងទៅ លោក ត្រាំ ធ្លាប់បាន​អះអាងថា លោក​បាន​កេងចំណេញ​ពី​គោលនយោបាយ​ពន្ធ ដែល​បង្កើតឡើង​ដោយ​រដ្ឋបាល​លោក​។ ទាក់ទង​រឿងនេះ លោក បៃ​ឌិន បាន​ថ្កោលទោស​ចំពោះ​រឿងនេះ ហើយ​ចាត់ទុក​លោក​ត្រាំ​ជា​«​ប្រធានាធិបតី​អាក្រក់​បំផុត​ដែល​អាមេរិក​មាន​»​។ បន្ថែម​ពីលើ​នេះ លោក​ក៏​ប្តេជ្ញា​លុបចោល​គោលនយោបាយ​កាត់បន្ថយ​ពន្ធ​លើ​ក្រុមហ៊ុន​ធំៗ​ដែល​លោក ត្រាំ អនុម័ត​កាលពី​ឆ្នាំ​២០១៧ ផងដែរ បើ​លោក​ក្លាយជា​ប្រធានាធិបតី​។ 
 
​ម្យ៉ាង​នៅមុន​ពេល​ឡើង​តតាំង​នឹង​លោក​ត្រាំ​លើ​ឆាក​តស៊ូ​មតិ​នេះ លោក បៃ​ឌិន បាន​បញ្ចេញ​របាយការណ៍​ប្រកាស​ពន្ធ ដែល​បង្ហាញថា លោក​បាន​បង់ពន្ធ​ចំណូល​ជិត​៣០​ម៉ឺន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៩ ខណៈ​លោក​ក៏បាន​ទាមទារ​ឲ្យ​លោក​ត្រាំ​បញ្ចេញ​របាយការណ៍​ប្រកាស​ពន្ធ​របស់លោក​ផងដែរ​។ 
 
​ដូច​ការ​ស្មាន​ទុក លោក ត្រាំ បាន​បន្ត​វាយប្រហារ​លើ​កូនប្រុស​របស់លោក បៃ​ឌិន ហាន់​ធើ បៃ​ឌិន ដែលជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​ថាមពល​អ៊ុយ​ក្រែ​ន​មួយ ខណៈ​ឪពុក​កាន់តំណែង​អនុ​ប្រធានាធិបតី​អាមេរិក​។ លោក ត្រាំ និយាយថា កូនប្រុស​លោក​បៃ​ឌិន រកលុយ​បាន​រាប់លាន​ដុល្លារ ហើយ​ចោទប្រកាន់​ដោយ​គ្មាន​ភស្តុតាង​ថា លោក ហាន់​ធើ ទទួល​លុយ​ពី​អតីត​អភិបាលក្រុង​មូ​ស្គូ រុស្ស៊ី​ទៀតផង​។ 
 
​យ៉ាងណា លោក បៃ​ឌិន បានប្រកាស​ពី​ភាព​ស្អាតស្អំ​របស់​កូនប្រុស​ខ្លួន ហើយ​លោក​ថែមទាំង​ប្រមាថ​លោក ត្រាំ ថា​៖«​វា​ពិបាក​ក្នុង​ការទទួល​យកពាក្យ​សម្ដី​ដែល​ចេញពី​មាត់​មនុស្ស​ត្លុក​នេះ​ណាស់​»​។ លោក​លើកឡើង​ទៀតថា សម្រាប់​គ្រួសារ​លោក ត្រាំ លោក​និយាយ​មួយ​យប់​នេះ​ក៏​អត់​អស់​ដែរ​។ លោក​ចង់​សំដៅលើ​កូនៗ​លោក​ប្រធានាធិបតី​ដែល​ធ្វើការ​នៅ​សេត​វិមាន​។ 
 
​ក្រៅពី​បញ្ហា​ដូច​បាន​រៀបរាប់​ខាងលើ គូប្រជែង​ទាំងពីរ​នេះ ក៏បាន​បន្ត​ជជែក​គ្នា​លើ​រឿង​ផ្សេងទៀត ដូចជា អំពើហិង្សា​និង​ការរើសអើង​ពូជសាសន៍ ក៏ដូចជា បញ្ហា​បម្រែបម្រួល​អាកាសធាតុ និង​សុច​រិ​ភាព​នៃ​ការបោះឆ្នោត​អាមេរិក​ផងដែរ​៕ 
 
 

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ចូ បៃ​ឌិន​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com