ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្តបានសម្រេចបញ្ចប់តំណែងអភិបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្រោយមន្រី្តជំនាញរកឃើញថាជាប់ពាក់ព័ន្ធនឹងការទន្ទ្រានដីខុសច្បាប់។ នេះបើតាមការបញ្ជាក់របស់លោក ខៀវ សុភ័គ។
ការបញ្ចប់មុខតំណែងនេះ ធ្វើឡើងតាមការស្នើសុំរបស់ក្រសួងមហាផ្ទៃ ក្រោយក្រុមការងារអន្តរក្រសួងបានចុះស្រាវជ្រាវពីការទន្ទ្រានកាន់កាប់ដីខុសច្បាប់នៅតំបន់ការពារធម្មជាតិខេត្តមណ្ឌលគិរី។
លិខិតរបស់សម្ដេច ហ៊ុន សែន ដែលចុះថ្ងៃទី១៥កញ្ញា បានសម្រេចបញ្ចប់តំណែងរបស់លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកោះញែក ហើយប្ដូរទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃវិញ។ បើតាមលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ការសម្រេចរបស់នាយករដ្ឋមន្ត្រីនេះ ធ្វើឡើងតាមការស្នើសុំរបស់ក្រសួងមហាផ្ទៃ។ លោកបញ្ជាក់ថា មិនមែនមានតែអភិបាលស្រុកមួយរូបនេះទេ ដែលត្រូវបញ្ចប់មុខតំណែង គឺមានមន្រី្តពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្តែត្រូវរងចាំអនុក្រឹត្យសម្រេចពីរដ្ឋាភិបាលជាមុនសិន ទើបលោកអាចផ្ដល់ព័ត៌មានលម្អិតបាន។
«ការបញ្ចប់តំណែងនេះ គឺដោយសារជាប់ពាក់ព័ន្ធសំណុំរឿងកាប់រានដីព្រៃនៅខេត្តហ្នឹង(មណ្ឌលគិរី) ប៉ុន្តែមិនមែនតែគាត់មួយនោះទេ ហើយសំណុំរឿងនេះត្រូវបានបិទបញ្ចប់និងសុំគោលការណ៍ទៅរដ្ឋាភិបាលហើយ...»។ នេះបើតាមការលើកឡើងរបស់លោក ខៀវ សុភ័គ ដែលបានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅថ្ងៃនេះ ដោយសង្កត់ធ្ងន់ថា មន្រី្តណាប្រព្រឹត្តខុសគឺត្រូវតែចាត់វិធានការ។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមការពារ សិទ្ធិមនុស្សអាដហុក យល់ថា ការបញ្ចប់មុខតំណែងនេះ គឺជាវិធានការដំបូងរបស់រដ្ឋាភិបាល។ ទន្ទឹមនេះ លោកសង្កត់ថាអ្នកប្រព្រឹត្តខុសលើការទិញលក់ដីធ្លីរដ្ឋ ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ឲ្យស្នើភាពគ្នាទាំងអ្នកមានអំណាចនិងប្រជាពលរដ្ឋ។
«កន្លងមកករណីមន្រី្តនៅរតនគិរីពាក់ព័ន្ធនឹងការទិញលក់ដីរដ្ឋជាប់ទោសប្រមាណ១៧ឆ្នាំ ហើយចំពោះករណីនេះវិញសង្ឃឹមថា នឹងមានការអនុវត្តតាមនីតិវិធីនៃច្បាប់»។ នេះបើតាមការលើកឡើងរបស់លោក ប៊ុណ្ណារ៍ ដែលបានបញ្ជាក់ថា ករណីទន្ទ្រានដីឬទិញលក់ដីរដ្ឋ មិនត្រឹមតែប៉ះពាល់ដល់ពលរដ្ឋនៅតំបន់ជុំវិញនោះទេ វាក៏ធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ រួមទាំងបាត់បង់ទ្រព្យសម្បត្តិរបស់រដ្ឋទៀតផង។
បើតាមលោក ប៊ុណ្ណារ៍ នៅខេត្តមណ្ឌលគិរីមិនមែនមានតែស្រុកកោះញែកមួយទេ គឺមានស្រុកជាច្រើនទៀតដែលកំពុងមានបញ្ហាដីធ្លីនេះ។ ចាប់ពីឆ្នាំ២០១៥មក លោកប៊ុណ្ណារ៍ និងពលរដ្ឋតាមមូលដ្ឋានបានដាក់បណ្ដឹងជាង២០បណ្ដឹងហើយ ពាក់ព័ន្ធនឹងការទន្ទ្រានដីខុសច្បាប់ ក្នុងនោះខេត្តមណ្ឌលគិរី មាន១០បណ្ដឹង ។
កាលពីថ្ងៃទី២២កក្កដា សម្ដេច ស ខេង បានសម្រេចឲ្យបង្កើតក្រុមការងារអន្តរក្រសួង ចុះសិក្សាលើករណីទន្ទ្រានដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិខេត្តមណ្ឌលគិរី ដើម្បីប្រមូលឯកសារនិងភស្ភុតាងជុំវិញបញ្ហានេះ។ កន្លងមក សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឲ្យក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង ក្រសួងដែនដី ដោះស្រាយបញ្ហាដីដល់ពលរដ្ឋដែលមានទីតាំងនៅលើដីព្រៃឬតំបន់ការពារ ហើយបើពលរដ្ឋណាមានទីលំនៅរយៈពេលយូរឆ្នាំ (អាចពេល១០ទៅ២០ឆ្នាំ) ត្រូវកាត់ឆ្វៀលដីនោះឲ្យពួកគាត់។ ប្រមុខរដ្ឋាភិបាល ក៏បញ្ជាឲ្យចាត់វិធានការលើមន្ត្រីនិងបុគ្គលណា ដែលរំលោភបំពានដីរដ្ឋ ឬដីរបស់ពលរដ្ឋដែរ៕