ជាតិ
បទយកការណ៍ / បទសម្ភាសន៍
កញ្ញា វន មករា ជំរុញ​ឲ្យ​ស្ត្រី​ពង្រឹង​ចំណេះ ហើយ​ខំធ្វើការ​ឲ្យ​អស់ពី​សមត្ថភាព​
30, Sep 2020 , 4:59 pm        
រូបភាព
​ភ្នំពេញ​៖ កញ្ញា វន មករា គឺជា​អ្នកអនុវត្ត​គម្រោង ផ្នែក​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​អង្គការ​យូណេស្កូ​។ បញ្ចប់​ការសិក្សា​ថ្នាក់អនុបណ្ឌិត ​ជំនាញ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ប្រទេស​អូស្ត្រាលី ស្ត្រី​ខ្មែរ​វ័យ​៣១​ឆ្នាំរូបនេះ ​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ការអប់រំ​។ ជា​មនុស្ស​ម៉ឹងម៉ាត់ កញ្ញា មករា  ជំរុញ​ឲ្យ​យុវតី​ដទៃទៀត ប្រឹងប្រែង​ពង្រឹង​ចំណេះដឹង​របស់ខ្លួន ដើម្បី​ឆ្ពោះទៅរក​អាជីព​ក្នុង​ក្តី​ស្រមៃ​របស់ខ្លួន​។ ជា​អ្នកដឹកនាំ​ការ​អនុ​វ​គម្រោងមួយ ក្នុងចំណោមគម្រោងជាច្រើនទៀតនៅ​អង្គការ​យូណេស្កូ​ កញ្ញា វន មករា ចង់ឃើញ​យុវជន​ខ្មែរ ជាពិសេស​ស្ត្រី​​កាន់តែច្រើន  មាន​សមត្ថភាព​បម្រើ​ការងារ​ នៅ​ស្ថាប័ន​អង្គការសហប្រជាជាតិ ទាំង​ក្នុងប្រទេស​កម្ពុជា និង​នៅក្នុង​តំបន់​។​

 
​កាលពី​អំឡុង​ឆ្នាំ​២០០៨  កញ្ញា វន មករា បានសម្រេច​ចិត្ត​ប្រឡង​ចូល​ដេ​ប៉ា​ដឺ​ម៉​ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ (DMC) ព្រោះ​ខ្លួន​ចង់​ក្លាយជាអ្នក​អត្ថាធិប្បាយ​តាម​កញ្ចក់​ទូរទស្សន៍​។ ឆ្លងកាត់​ការប្រឡង​ជាច្រើន​ដំណាក់កាល កញ្ញា មករា ក៏ត្រូវ​បានជ្រើសរើស​ឲ្យ​សិក្សា​។ ក៏ប៉ុន្តែ ​ក្នុងអំឡុងពេល​សិក្សា កញ្ញា មករា ​​មិន​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា តើ​ក្រោយ​រៀន​ចប់​ខ្លួន ខ្លួននឹង​អាចធ្វើ​ការងារ​ជា​អ្នក​អត្ថាធិប្បាយនៅទូរទស្សន៍ ដែល​ខ្លួន​អះអាងថា​ស្រឡាញ់​នោះបាន ឬក៏​អត់​? 
 
​ដើម្បី​ស្វែងរក​ចម្លើយ​នេះ អ្នក​តាខ្មៅ​រូបនេះ បានចូលធ្វើការក្រៅម៉ោង ​ជា​អ្នកសរសេរ​អត្ថបទ​សារព័ត៌មាន​សម្រាប់​កាសែត និង​ទស្សនា​វ​ដ្តី និង​អ្នក​ហាត់​ការ​ផ្នែក​ទំនាក់ទំនងនៅ​អង្គកា​រអន្តរជាតិ​មួយ​នៅ​ភ្នំពេញ រយៈពេល​ជិត​១​ឆ្នាំ​។ ក្រោយ​បញ្ចប់​ការសិក្សាបរិញ្ញាបត្រ កញ្ញា មករា ក៏មាន​ឱកាស​ចូលធ្វើកា​រ ​ជា​អ្នកសម្របសម្រួល​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គម​នា​គមន៍ និង​អ្នក​ផលិតកម្ម​វិធី​វិទ្យុ នៅ​ស្ថាប័ន​សោតទស្សន៍ ABC អូស្ត្រាលី​។  
 

 
​ឆ្លងកាត់​បទពិសោធន៍​ការងារ​ ពីមួយ​កន្លែង​ទៅមួយ​កន្លែង កញ្ញា ក៏​អាច​ស្វែងរក​នូវ​ការងារ​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត នោះ​គឺ​ការងារ​ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​ផ្សព្វផ្សាយ​នេះឯង​។ ក្រោយ​បំពេញការងារ​បាន​ជាង​៣​ឆ្នាំ នៅវិទ្យុ ABC អូស្តា្រលី កញ្ញា មករា ​ក៏បាន​សម្រេច​ជោគជ័យ​មួយ​ដំណាក់កាល​ទៀត​ ក្នុង​ជីវិតសិក្សា គឺ​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត ជំនាញ​គ្រប់​គ្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​សាកលវិទ្យាល័យ RMIT
ក្នុងប្រទេស​អូស្ត្រាលី​។​
 
​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ភា្ល​ម កញ្ញា ក៏​ទទួលបាន​ការងារ​ជា​អ្នក​ប្រឹក្សា​រយៈពេល​ខ្លី នៅ​អង្គការ​យូ​អិន​ឌី​ភី មុននឹង​ក្លាយជា​អ្នកអនុវត្ត​គម្រោង ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​អង្គការ​យូណេស្កូ​។ 
 
​រក​ឲ្យ​ឃើញ​នូវ​អ្វី​ខ្លួន​ស្រឡាញ់ ពង្រឹង​ចំណេះ និង​ខំធ្វើការ​ឲ្យ​អស់​សមត្ថភាព​
 
​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ដែល​កញ្ញា វន មករា ដែល​បច្ចុប្បន្ន​មាន​វ័យ​៣១​ឆ្នាំ បាន​ចូល​បំពេញការងារ​នៅ​អង្គការ​យូណេស្កូ ក្នុងតួនាទី​ជាម​ន្ត្រី​គម្រោង ផ្នែក​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​។ ដ្បិតជាការ​ងារ​ដែល​កញ្ញា មករា ស្រឡាញ់ពេញចិត្ត ​ស្ត្រី​រូបនេះរៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ក្នុង​សម្តី​មួយៗ​ថា ខ្លួន​មិនដែល​នឹកស្មានថា នឹងត្រូវ​ធ្វើការ​នៅក្នុង​ស្ថាប័ន​អង្គការសហប្រជាជាតិ​នោះឡើយ​។ មិន​ធ្លាប់​គិត​ព្រោះថា កញ្ញា មករា តែងតែ​ស្វះស្វែង ​ដាក់​ការងារ​ណា ​ដែល​ខ្លួន​ស្រឡាញ់​តែប៉ុណ្ណោះ ទោះជា​នៅ​ស្ថាប័ន​ណាក៏ដោយ​។ ការតាំង​ចិត្ត​យ៉ាង​មុះ​មុត​ដូច្នេះ ព្រោះតែ​ស្ត្រី​រូបនេះ ជឿជាក់ថា នៅពេលដែល​បានធ្វើ​ការងារ​ដែល​ខ្លួន​ស្រឡាញ់ នោះ​ទើប​អាចដាក់​ចិត្ត​ដាក់​កាយ ធ្វើការ​បាន​យ៉ាង​ពេញទំហឹង​។​ 
 
 
​  
​ហេតុ​ដូច្នេះហើយ បានជា​រយៈពេល​ជាង​២​ឆ្នាំ ក្នុងការ​បំពេញការងា​រ​នៅ​អង្គការ​យូណេស្កូ កញ្ញា មករា ដែលមាន មិនដែល​ទុក​បញ្ហា​ដែល​កើតឡើង ឲ្យ​មករា​រាំង​ដល់​គម្រោង​របស់ខ្លួន​ឡើយ​។  កញ្ញា វន មករា រៀបរាប់​ដូច្នេះ​៖«​បើ​យើង​ជួប​ឧបសគ្គ​ជាមួយនឹង​ការងារ​ដែល​យើង​ស្រឡាញ់ ខ្ញុំ​គិតថា​យើង​អត់ធ្មត់ យើង​ឈ្មុល​ទៅមុខ ដើម្បី​ដោះស្រាយ​ឧបសគ្គ​ទាំងនោះ​។ [...] ដូចគ្នា​ជាមួយនឹង​ការងារ​នៅ​យូណេស្កូ ដោយសារ​ចិត្ត​យើង​ស្រឡាញ់ យើង​អត់ធ្មត់ ហើយ​យើង​ព្យាយាម​ធ្វើការ​ឲ្យ​អស់ពី​សមត្ថភាព​របស់​យើង អីចឹង​កន្លងមក​ឧបសគ្គ​ទាំង​អម្បាលម៉ាន យើង​អាច​ដោះស្រាយបាន​ដោយ​រលូន​»​។  
 
​កញ្ញា មករា ចង់ឃើញ​ស្ត្រី​ខ្មែរ​កាន់តែច្រើន ឈរ​ក្នុងតួនាទី​អ្នកដឹកនាំ​នៅ​ស្ថាប័ន​អន្តរជាតិ​
 
​ទោះជា​បាន​ឲ្យ​តម្លៃ​ខ្ពស់ និង​បញ្ជាក់​អំពី​សារៈ សំខាន់​នៃ​ការធ្វើ​ការដែល​ខ្លួន​ស្រឡាញ់​ក៏​មិនមែន ក៏ប៉ុន្តែ​ពាក្យ​«​ស្រឡាញ់​»​តែ​ពី​ម៉ាត់​នៅ​មិនទាន់​គ្រប់គ្រាន់ ដែល​យឺត​យោង​ឲ្យ​ជីវិត​ការងារ​រីកចម្រើន​នោះ​។ សមត្ថភាព និង​អត្តចរិត ក៏ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​ការស្រឡាញ់​ការងារ​ដែរ នោះ​ទើប​អ្នក​អាចបំពេញ​ការងារ​ប្រកបដោយ​គុណភាព​។  កញ្ញា មករា​បន្ថែម​៖ «​គុណភាព​នៃ​ការងារ គឺ​ខ្ញុំ​មានតែ​ពីរ​ពាក្យ​ទេ​។ មិន​ថា​យើង​ជាម​នុស្ស​ដែល​ធ្វើ​ការល្អ​ទេ ប៉ុន្តែ​ព្យាយាម​ធ្វើជា​មនុស្ស​ម្នាក់​ដែល​អត់ធ្មត់ ហើយ​ធ្វើការ​ឲ្យ​អស់ពី​សមត្ថភាព មិនមែន​គ្រាន់តែ​ធ្វើការ​ឲ្យ​បានត្រឹមតែ​ថា ខ្ញុំ​ធ្វើការ​ចប់​ហើយ ការងារ​ប៉ុណ្ណឹង​ហើយ​ចង់​ដាក់​ចោល​ទេ​។ [...]​។ ​ឧទាហរណ៍​ថា យើង​ដាក់​ការងារ​នៅ​យូ​អិន គឺ​ដោយសារតែ​យើង​ចង់​ធ្វើការ​នៅ​អង្គការសហប្រជាជាតិ​ទេ​។ យើង​អត់​ស្រឡាញ់​ទេ យើង​គ្រាន់តែ​ដាក់​ ខ្ញុំ​គិតថា​ហ្នឹង គឺជា​ផល​លំបាក​សម្រាប់​ខ្លួន​យើង ដែល​យើង​រក​ខ្លួន​យើង​អត់​ឃើញ ហើយ​យើង​អត់​អាច​លូត​បាន​លឿន​ទេ​»​។ 

  
 
​ស្ត្រី​ឆ្នើម ដែល​កំពុង​បម្រើ​ការងារ​នៅ​អង្គការ​យូណេស្កូ ដែលជា​ស្ថាប័ន​មួយ​នៃ​ស្ថាប័ន​ជាច្រើន​ នៃ​អង្គការសហប្រជាជាតិ​រូបនេះ ក៏​ចង់ឃើញ​យុវជន​ខ្មែរ ជាពិសេស​ស្ត្រី​ជំនាន់​ក្រោយ ឲ្យ ស្វែងរក​ឱកាស​ការងារ​ នៅក្នុង​ស្ថាប័ន​អង្គការសហប្រជាជាតិ​ឲ្យ​បាន​កាន់តែច្រើន​ផងដែរ​។ អ្វីដែល​សំខាន់ ស្ត្រី​ដែលជា​អ្នកដឹកនាំ​ជំនាន់​ក្រោយ ត្រូវតែ​ស្វែងរក​ការស្រឡាញ់​របស់ខ្លួន​ឲ្យ​ឃើញ ហើយ​ដាច់ខាតត្រូវ​ពង្រឹងសមត្ថភាព និង​ដុសខាត់​ជំនាញ​នោះ​ឲ្យ​បានច្បាស់លាស់ តាមរយៈ​ការអនុវត្តន៍​ការងារ​ពាក់ព័ន្ធ​នានា​។ មិន​ត្រឹមតែ​ជំរុញ​ឲ្យ​ស្ត្រី សំឡឹងមើល​ឱកាស​ការងារ​នៅ​ស្ថាប័ន​អង្គការសហប្រជាជាតិ ដែលមាន​ការិយាល័យ​នៅ​ប្រទេស​កម្ពុជា​នោះទេ ប៉ុន្តែ​កញ្ញា វន មករា ចង់ឃើញ​ប្រជាជន​ខ្មែរ ជាពិសេស​ស្ត្រី មាន​វត្តមាន​និង​តួនាទី​ដឹកនាំ នៅក្នុង​ស្ថាប័ន​អន្តរជាតិ​នៅក្រៅ​ប្រទេស ឲ្យ​កាន់តែច្រើន​បន្ថែមទៀត​៕  
 
 

Tag:
 វន មករា​
 ​ស្ត្រី​
 ​អ្នកដឹកនាំ​
 ​អង្គការសហប្រជាជាតិ​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com