ភ្នំពេញ៖ កញ្ញា វន មករា គឺជាអ្នកអនុវត្តគម្រោង ផ្នែកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ នៅអង្គការយូណេស្កូ។ បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ នៅប្រទេសអូស្ត្រាលី ស្ត្រីខ្មែរវ័យ៣១ឆ្នាំរូបនេះ ឲ្យតម្លៃខ្ពស់ចំពោះការអប់រំ។ ជាមនុស្សម៉ឹងម៉ាត់ កញ្ញា មករា ជំរុញឲ្យយុវតីដទៃទៀត ប្រឹងប្រែងពង្រឹងចំណេះដឹងរបស់ខ្លួន ដើម្បីឆ្ពោះទៅរកអាជីពក្នុងក្តីស្រមៃរបស់ខ្លួន។ ជាអ្នកដឹកនាំការអនុវគម្រោងមួយ ក្នុងចំណោមគម្រោងជាច្រើនទៀតនៅអង្គការយូណេស្កូ កញ្ញា វន មករា ចង់ឃើញយុវជនខ្មែរ ជាពិសេសស្ត្រីកាន់តែច្រើន មានសមត្ថភាពបម្រើការងារ នៅស្ថាប័នអង្គការសហប្រជាជាតិ ទាំងក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់។
កាលពីអំឡុងឆ្នាំ២០០៨ កញ្ញា វន មករា បានសម្រេចចិត្តប្រឡងចូលដេប៉ាដឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) ព្រោះខ្លួនចង់ក្លាយជាអ្នកអត្ថាធិប្បាយតាមកញ្ចក់ទូរទស្សន៍។ ឆ្លងកាត់ការប្រឡងជាច្រើនដំណាក់កាល កញ្ញា មករា ក៏ត្រូវបានជ្រើសរើសឲ្យសិក្សា។ ក៏ប៉ុន្តែ ក្នុងអំឡុងពេលសិក្សា កញ្ញា មករា មិនប្រាកដក្នុងចិត្តទេថា តើក្រោយរៀនចប់ខ្លួន ខ្លួននឹងអាចធ្វើការងារជាអ្នកអត្ថាធិប្បាយនៅទូរទស្សន៍ ដែលខ្លួនអះអាងថាស្រឡាញ់នោះបាន ឬក៏អត់?
ដើម្បីស្វែងរកចម្លើយនេះ អ្នកតាខ្មៅរូបនេះ បានចូលធ្វើការក្រៅម៉ោង ជាអ្នកសរសេរអត្ថបទសារព័ត៌មានសម្រាប់កាសែត និងទស្សនាវដ្តី និងអ្នកហាត់ការផ្នែកទំនាក់ទំនងនៅអង្គការអន្តរជាតិមួយនៅភ្នំពេញ រយៈពេលជិត១ឆ្នាំ។ ក្រោយបញ្ចប់ការសិក្សាបរិញ្ញាបត្រ កញ្ញា មករា ក៏មានឱកាសចូលធ្វើការ ជាអ្នកសម្របសម្រួលផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ និងអ្នកផលិតកម្មវិធីវិទ្យុ នៅស្ថាប័នសោតទស្សន៍ ABC អូស្ត្រាលី។
ឆ្លងកាត់បទពិសោធន៍ការងារ ពីមួយកន្លែងទៅមួយកន្លែង កញ្ញា ក៏អាចស្វែងរកនូវការងារដែលខ្លួនស្រឡាញ់ពេញចិត្ត នោះគឺការងារពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ផ្សព្វផ្សាយនេះឯង។ ក្រោយបំពេញការងារបានជាង៣ឆ្នាំ នៅវិទ្យុ ABC អូស្តា្រលី កញ្ញា មករា ក៏បានសម្រេចជោគជ័យមួយដំណាក់កាលទៀត ក្នុងជីវិតសិក្សា គឺទទួលបានអាហារូបករណ៍ទៅសិក្សាថ្នាក់អនុបណ្ឌិត ជំនាញគ្រប់គ្រង់ប្រព័ន្ធផ្សព្វផ្សាយ នៅសាកលវិទ្យាល័យ RMIT
ក្នុងប្រទេសអូស្ត្រាលី។
បញ្ចប់ការសិក្សានៅប្រទេសអូស្ត្រាលីភា្លម កញ្ញា ក៏ទទួលបានការងារជាអ្នកប្រឹក្សារយៈពេលខ្លី នៅអង្គការយូអិនឌីភី មុននឹងក្លាយជាអ្នកអនុវត្តគម្រោង អភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ នៅអង្គការយូណេស្កូ។
រកឲ្យឃើញនូវអ្វីខ្លួនស្រឡាញ់ ពង្រឹងចំណេះ និងខំធ្វើការឲ្យអស់សមត្ថភាព
រយៈពេលជាង១ឆ្នាំហើយ ដែលកញ្ញា វន មករា ដែលបច្ចុប្បន្នមានវ័យ៣១ឆ្នាំ បានចូលបំពេញការងារនៅអង្គការយូណេស្កូ ក្នុងតួនាទីជាមន្ត្រីគម្រោង ផ្នែកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា។ ដ្បិតជាការងារដែលកញ្ញា មករា ស្រឡាញ់ពេញចិត្ត ស្ត្រីរូបនេះរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗក្នុងសម្តីមួយៗថា ខ្លួនមិនដែលនឹកស្មានថា នឹងត្រូវធ្វើការនៅក្នុងស្ថាប័នអង្គការសហប្រជាជាតិនោះឡើយ។ មិនធ្លាប់គិតព្រោះថា កញ្ញា មករា តែងតែស្វះស្វែង ដាក់ការងារណា ដែលខ្លួនស្រឡាញ់តែប៉ុណ្ណោះ ទោះជានៅស្ថាប័នណាក៏ដោយ។ ការតាំងចិត្តយ៉ាងមុះមុតដូច្នេះ ព្រោះតែស្ត្រីរូបនេះ ជឿជាក់ថា នៅពេលដែលបានធ្វើការងារដែលខ្លួនស្រឡាញ់ នោះទើបអាចដាក់ចិត្តដាក់កាយ ធ្វើការបានយ៉ាងពេញទំហឹង។
ហេតុដូច្នេះហើយ បានជារយៈពេលជាង២ឆ្នាំ ក្នុងការបំពេញការងារនៅអង្គការយូណេស្កូ កញ្ញា មករា ដែលមាន មិនដែលទុកបញ្ហាដែលកើតឡើង ឲ្យមករារាំងដល់គម្រោងរបស់ខ្លួនឡើយ។ កញ្ញា វន មករា រៀបរាប់ដូច្នេះ៖«បើយើងជួបឧបសគ្គជាមួយនឹងការងារដែលយើងស្រឡាញ់ ខ្ញុំគិតថាយើងអត់ធ្មត់ យើងឈ្មុលទៅមុខ ដើម្បីដោះស្រាយឧបសគ្គទាំងនោះ។ [...] ដូចគ្នាជាមួយនឹងការងារនៅយូណេស្កូ ដោយសារចិត្តយើងស្រឡាញ់ យើងអត់ធ្មត់ ហើយយើងព្យាយាមធ្វើការឲ្យអស់ពីសមត្ថភាពរបស់យើង អីចឹងកន្លងមកឧបសគ្គទាំងអម្បាលម៉ាន យើងអាចដោះស្រាយបានដោយរលូន»។
កញ្ញា មករា ចង់ឃើញស្ត្រីខ្មែរកាន់តែច្រើន ឈរក្នុងតួនាទីអ្នកដឹកនាំនៅស្ថាប័នអន្តរជាតិ
ទោះជាបានឲ្យតម្លៃខ្ពស់ និងបញ្ជាក់អំពីសារៈ សំខាន់នៃការធ្វើការដែលខ្លួនស្រឡាញ់ក៏មិនមែន ក៏ប៉ុន្តែពាក្យ«ស្រឡាញ់»តែពីម៉ាត់នៅមិនទាន់គ្រប់គ្រាន់ ដែលយឺតយោងឲ្យជីវិតការងាររីកចម្រើននោះ។ សមត្ថភាព និងអត្តចរិត ក៏ត្រូវដើរទន្ទឹមគ្នានឹងការស្រឡាញ់ការងារដែរ នោះទើបអ្នកអាចបំពេញការងារប្រកបដោយគុណភាព។ កញ្ញា មករាបន្ថែម៖ «គុណភាពនៃការងារ គឺខ្ញុំមានតែពីរពាក្យទេ។ មិនថាយើងជាមនុស្សដែលធ្វើការល្អទេ ប៉ុន្តែព្យាយាមធ្វើជាមនុស្សម្នាក់ដែលអត់ធ្មត់ ហើយធ្វើការឲ្យអស់ពីសមត្ថភាព មិនមែនគ្រាន់តែធ្វើការឲ្យបានត្រឹមតែថា ខ្ញុំធ្វើការចប់ហើយ ការងារប៉ុណ្ណឹងហើយចង់ដាក់ចោលទេ។ [...]។ ឧទាហរណ៍ថា យើងដាក់ការងារនៅយូអិន គឺដោយសារតែយើងចង់ធ្វើការនៅអង្គការសហប្រជាជាតិទេ។ យើងអត់ស្រឡាញ់ទេ យើងគ្រាន់តែដាក់ ខ្ញុំគិតថាហ្នឹង គឺជាផលលំបាកសម្រាប់ខ្លួនយើង ដែលយើងរកខ្លួនយើងអត់ឃើញ ហើយយើងអត់អាចលូតបានលឿនទេ»។
ស្ត្រីឆ្នើម ដែលកំពុងបម្រើការងារនៅអង្គការយូណេស្កូ ដែលជាស្ថាប័នមួយនៃស្ថាប័នជាច្រើន នៃអង្គការសហប្រជាជាតិរូបនេះ ក៏ចង់ឃើញយុវជនខ្មែរ ជាពិសេសស្ត្រីជំនាន់ក្រោយ ឲ្យ ស្វែងរកឱកាសការងារ នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិឲ្យបានកាន់តែច្រើនផងដែរ។ អ្វីដែលសំខាន់ ស្ត្រីដែលជាអ្នកដឹកនាំជំនាន់ក្រោយ ត្រូវតែស្វែងរកការស្រឡាញ់របស់ខ្លួនឲ្យឃើញ ហើយដាច់ខាតត្រូវពង្រឹងសមត្ថភាព និងដុសខាត់ជំនាញនោះឲ្យបានច្បាស់លាស់ តាមរយៈការអនុវត្តន៍ការងារពាក់ព័ន្ធនានា។ មិនត្រឹមតែជំរុញឲ្យស្ត្រី សំឡឹងមើលឱកាសការងារនៅស្ថាប័នអង្គការសហប្រជាជាតិ ដែលមានការិយាល័យនៅប្រទេសកម្ពុជានោះទេ ប៉ុន្តែកញ្ញា វន មករា ចង់ឃើញប្រជាជនខ្មែរ ជាពិសេសស្ត្រី មានវត្តមាននិងតួនាទីដឹកនាំ នៅក្នុងស្ថាប័នអន្តរជាតិនៅក្រៅប្រទេស ឲ្យកាន់តែច្រើនបន្ថែមទៀត៕