ជាតិ
ស្វែងយល់​ពី​វិធីសាស្ត្រ​ងាយៗ នៃ​ការចិញ្ចឹម​កង្កែប​ក្នុង​អាង​
30, Sep 2020 , 10:59 pm        
រូបភាព
ការចិញ្ចឹមកង្កែបក្នុងអាង (រូបភាពពីលោក វេង សាខុន)
ការចិញ្ចឹមកង្កែបក្នុងអាង (រូបភាពពីលោក វេង សាខុន)
ដោយ:
​ការចិញ្ចឹម​កង្កែប ជា​របរ​ដែល​និយម​ដែរ​សម្រាប់​ប្រជាកសិករ​។ ការចិញ្ចឹម​កង្កែប​ក្នុង​អាង ជា​វិធីសាស្ត្រ​ថ្មី​មួយ ដែល​ផ្តល់​ភាពងាយស្រួល​ចិញ្ចឹម និង​ថែទាំ និង​ផ្តល់​ទិន្នផល​ច្រើន​ដល់​កសិករ​។ កសិករ​ដែលមាន​ទីធ្លា​តូច ក៏​អាច​ចិញ្ចឹម​កង្កែប​ក្នុង​អាង​បានដែរ​។ ថ្ងៃនេះ​សារព័ត៌មាន ThmeyThmey25 សូម​លើកយក​របៀប​ចិញ្ចឹម​កង្កែប​ក្នុង​អាង ដែល​ដកស្រង់​ពី​សៀវភៅ​បច្ចេកទេស​ក​សិ​ម្ម មក​ចែកជូន​ដល់​កសិករ​។​

 
​ដើម្បី​ចិញ្ចឹម​កង្កែប​ក្នុង​អាង ស្របតាម​បច្ចេកទេស និង​ទទួលបាន​ទិន្នផល​ខ្ពស់​នោះ​កសិករ​ត្រូវ​គិតគូរ​ទៅលើ​ចំណុច​មួយចំនួន​៖
 
​ការរៀបចំ​អាង​៖  យើង​អាច​សង់​អាង​ស៊ី​ម៉ត៍ ឬ​ជីក​ស្រះ​ដាក់​ក្រាល​ប្លា​ស្ទិ​ក​។ ទីតាំង​អាង​ត្រូវ​នៅ​ជិត​ផ្ទះ មិន​លិច​ទឹក និង​មាន​ពន្លឺ​គ្រប់គ្រាន់​។ ដោយឡែក​ទំហំ​អាង អាស្រ័យ​លើ​លទ្ធភាព​។ ចំពោះ​បាត​អាង​ត្រូវ​រៀបចំ​ឲ្យ​រាបស្មើ និង​រលោង និង​ត្រូវ​រៀបចំ​ឲ្យ​មាន​បំពង់​បង្ហូរ សម្រាប់​ទឹក​ចេញ​-​ចូល​។ ហើយក៏​ត្រូវ​រៀបចំ​ដំបូល​អាង​ផងដែរ​។ ជាទូទៅ កូន​កង្កែប​ពី​៨០ ទៅ ១០០​ក្បាល គេ​ចិញ្ចឹម​ក្នុង​មួយ​ម៉ែត្រការ៉េ​។​
 
​ការផ្ដល់​ចំណី​៖ សម្រាប់​ចំណី​កង្កែប​មាន​ចំណី​ស្រស់ និង​ចំណី​ផ្សំ​។ ចំណី​ស្រស់​មានដូចជា ត្រី​ល្អិត​គ្រប់​ប្រភេទ សាច់​គ្រំ ខ្យង កូន​ក្ដាម ជន្លេន​។ ចំណែក​ចំណី​ផ្សំ ជាការ​ផ្សំ​បញ្ចូល​គ្នា នូវ​សមាសធាតុ ច្រើន​មុខ​ដូចជា ម្សៅ​ត្រី ឬ​ត្រី​ល្អិតៗ សណ្ដែកសៀង កន្ទក់ ពោតក្រហម ជាដើម​។ រីឯ​ការផ្ដល់​ចំណី​កង្កែប​គឺ​ខុសៗ​គ្នា​តាម​អាយុកាល​របស់​កង្កែប​។ 
 
​បើតាម​សៀវភៅ​បច្ចេកទេស​ចិញ្ចឹម​កង្កែប​ក្នុង​អាង នៃ​ក្រសួងកសិកម្ម កង្កែប​ងាយ​ចិញ្ចឹម​ក៏ពិតមែន តែ​ក៏​អាច​ជួប​បញ្ហា​មួយចំនួន ដែល​កសិករ​ត្រូវ​យល់ដឹង ដែល​ធ្វើ​ឲ្យ​កង្កែប​ហើមពោះ រលាក​ស្បែក​ជាដើម​។ ដើម្បី​ជៀសវាង​នូវ​បញ្ហា​ទាំងនេះ កសិករ​ត្រូវ​ផ្លាស់ប្ដូរ​ទឹក និង​សម្អាត​អាង​ឲ្យ​ទៀងទាត់​។​
 
​ជាទូទៅ កង្កែប​អាច​ប្រមូល​ផល​បាន ក្នុង​រយៈពេល ២ ទៅ ៣​ខែ ដែល​មានន័យថា​ក្នុង​មួយឆ្នាំ​កសិករ​អាច​ចិញ្ចឹម​កង្កែប​ពី ៣ ទៅ ៤​ដង​៕

Tag:
 ការចិញ្ចឹម​កង្កែប
© រក្សាសិទ្ធិដោយ thmeythmey.com