ការចាប់ឆ្នោតរើសពូលការប្រកួតពានរង្វាន់ UEFA Champions League រដូវកាល ២០២០-២១ នឹងធ្វើឡើងនៅឯ RTS studios ក្នុងក្រុង Geneva ប្រទេសស្វ៊ីស នៅថ្ងៃទី១ ខែតុលា វេលាម៉ោង ១១យប់ [ម៉ោងនៅកម្ពុជា]។ ក្នុងកម្មវិធីនេះ ក៏ជាពិធីប្រកាសជ័យលាភី កីឡាករ កីឡាការិនី និងគ្រូបង្វឹកឆ្នើមប្រចាំទ្វីបអឺរ៉ុប (UEFA) ផងដែរ។
បច្ចុប្បន្នមានក្រុមចំនួន២៦ហើយដែលមានសិទ្ធិចូលរួមក្នុងវគ្គចែកពូលដោយស្វ័យប្រវត្តិ ខណៈ៦ក្រុមទៀតត្រូវប្រកួតក្នុងវគ្គជម្រុះ Play-off ដើម្បីបង្គ្រប់៣២ក្រុម សម្រាប់ការចាប់ឆ្នោតចែកពូលនេះ។
ក្នុងការចាប់ឆ្នោតរើសពូលនេះ តម្រូវឲ្យក្រុមទាំង៣២ត្រូវដាក់ក្នុងក្រឡចំនួន៤ ដោយក្នុងមួយក្រឡមាន៨ក្រុម រួចចាប់ទៅកាន់ពូលចំនួន៨ ពី A ដល់ H ដោយក្នុងមួយពូលមាន៤ក្រុម។
ក្រុមជើងឯកលីគកំពូលទាំង៦ រួមទាំងម្ចាស់ជើងឯក Champions League និង Europa League នឹងស្ថិតក្នុងក្រឡទី ១ ដោយស្វ័យប្រវត្តិ។ ដោយសារ Bayern Munich ជាម្ចាស់ជើងឯកលីគផងនិងពានអឺរ៉ុបផង ដូច្នេះក្រុមជើងឯកលីគរុស្ស៊ី Zenit St. Petersburg ក៏ទទួលបានសិទ្ធិចូលរួមក្នុងក្រឡទី១ដែរ។
ក្រឡ ២ ៣ និង ៤ ត្រូវបានកំណត់ដោយចំណាត់ថ្នាក់កូតានៃកម្រិតលីគនៅអឺរ៉ុប។ ឯក្រុមដែលឈ្នះនៅប្រកួតជម្រុះចំនួន៦ ដែលត្រូវបញ្ចប់ការប្រកួតទាំងស្រុងនៅរាត្រីថ្ងៃទី៣០ ខែកញ្ញា នឹងបញ្ចូលទៅក្នុងក្រឡទី៣ និងទី ៤។
ក្រឡទី១ មាន Bayern Munich, Sevilla, Real Madrid, Liverpool, Juventus, Paris Saint-Germain, Zenit Saint Petersburg និង Porto។
ក្រឡទី២ Barcelona, Atletico Madrid, Manchester City, Manchester United, Shakhtar Donetsk, Borussia Dortmund, Chelsea និង Ajax។
ឯក្រឡទី៣ និង៤ មាន Dynamo Kyiv, RB Leipzig, Inter Milan, Olympiacos, Lazio, Atalanta, Lokomotiv Moskva, Marseille, Club Brugge, Borussia Mönchengladbach, İstanbul Başakşehir, Rennes, Ferencváros និង៣ក្រុមទៀតដែលត្រូវជម្រុះជើងទី២នៅរាត្រីថ្ងៃទី៣០ ខែកញ្ញានេះ៕