COVID-19
សេដ្ឋកិច្ច
អន្តរជាតិ
ធនាគារពិភពលោក ត្រូវការ​លុយ​១២​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ​វ៉ាក់សាំង COVID-19 ចែក​រដ្ឋ​ក្រីក្រ​
30, Sep 2020 , 5:39 pm        
រូបភាព
ធនាគារពិភពលោក។ រូបភាព៖AFP
ធនាគារពិភពលោក។ រូបភាព៖AFP
ដោយ:
​ធនាគារពិភពលោក នៅ​ថ្ងៃទី​២៩ ខែកញ្ញា បាន​អះអាងថា ខ្លួន​បាន​លើកសំណើ​ទៅកាន់​ក្រុមប្រឹក្សាភិបាល​ស្ថាប័ន​នេះ​ឲ្យ​អនុម័ត​កញ្ចប់​ថវិកា​ចំនួន​១២​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ប្រទេស​ក្រីក្រ​ក្នុង​ការទិញ និង​ចែកចាយ​វ៉ាក់សាំង COVID-19 នៅពេលដែល​វ៉ាក់សាំង​ទាំងនោះ​មាន​សុវត្ថិភាព ប្រសិទ្ធភាព និង​ចាប់ផ្តើម​ផលិត​។

 
​ធនាគារពិភពលោក ដែល​ធ្លាប់បាន​បញ្ចេញ​សាច់ប្រាក់​៤៥​ពាន់​លាន​ដុល្លារ​ចន្លោះ​ខែមេសា និង​មិថុនា​ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ចពិភពលោក បាន​អះអាង​នៅ​ថ្ងៃទី​២៩ ខែកញ្ញា​នេះ​ថា ខ្លួន​ត្រូវការ​ទឹកប្រាក់​១២​ពាន់​លាន​ដុល្លារ​បន្ថែមទៀត​ក្នុង​ការជួយ​ទិញ និង​ចែកចាយ​វ៉ាក់សាំង​COVID-19​។ បើសិនជា​ថវិកា​១២​ពាន់​លាន​ដុល្លារ​នេះ​ត្រូវបាន​អនុម័ត ថវិការ​ទាំងនោះ នឹងត្រូវ​បង្វែរ​ទៅ​ជួយ​ប្រទេស​មាន​ចំណូល​ទាប និង​មធ្យម​។​
 
«​សេដ្ឋកិច្ចពិភពលោក នឹង​មិនអាច​ស្រោចស្រង់​បានឡើយ​បើសិនជា​មនុស្ស​មិនអាច​រស់នៅ ធ្វើ​សកម្មភាព​សង្គម ធ្វើការ និង​ធ្វើដំណើរ​ដោយមាន​ទំនុកចិត្ត​»​។ នេះ​ជាការ​លើកឡើង​របស់​អ្នកនាំពាក្យ​ធនាគារពិភពលោក ដោយ​បន្ថែមថា វ៉ាក់សាំង COVID-19 ដែលមាន​ប្រសិទ្ធភាព និង​សុវត្ថិភាព ជា​វិធី​ដ៏​សក្ដិសម​ក្នុង​ការបើក​ដំណើរការ​ពិភពលោក​ឡើងវិញ​ដោយមាន​សុវត្ថិភាព​។​
 
​បើទោះបីជា​វ៉ាក់សាំង COVID-19 ពុំទាន់​មាន​វត្តមាន​ក្នុង​ទីផ្សា​យ៉ាងណាក្តី លោក David Malpass ប្រធាន​ធនាគារពិភពលោក បាន​អះអាងថា​៖« ដំណើរការ​ក្នុងការ​ចែកចាយ​វ៉ាក់សាំង​មាន​សភាព​ស្មុគស្មាញ ដូច្នេះហើយ​វា​ជា​រឿង​សំខាន់​ក្នុងការ​ប្រមើល​នូវ​អ្វីដែល​ត្រូវការ​»​។​
 
​លោក Malpass បន្ថែមថា ធនាគារពិភពលោក​ច​ង់​ឲ្យ​ប្រទេស​ក្រីក្រ​បំផុត​អាច​ទទួលបាន​វ៉ាក់សាំង ហើយ​នៅក្នុង​ប្រទេស​ទាំងនោះ អ្នក​ដែល​ងាយ​រងគ្រោះ​ខ្លាំង និង​គ្រូពេទ្យ​គួរ​ណាស់​តែ​ទទួលបាន​វ៉ាក់សាំង​។ ជា​ស្ថាប័នហិរញ្ញវត្ថុ​ក៏ពិតមែន ធនាគារពិភពលោក​ក៏មាន​បទពិសោធ​ផងដែរ​ក្នុង​កម្មវិធី​វ៉ាក់សាំង​សម្រាប់​ជំងឺ​គ្រុន​ស្វិតដៃជើង និង​កញ្ជ្រឹល ក៏ដូចជា​ការគ្រប់គ្រង​ការផ្ទុះ​ជំងឺ​អេ​បូ​ឡា​ផងដែរ​។​
 
​ស្របពេល​ជាមួយគ្នានេះ អង្គការសហប្រជាជាតិ​វិញ ក៏មាន​គម្រោង​ផ្ទាល់​ឈ្មោះ COVAX សម្រាប់​ចែកចាយ​វ៉ាក់សាំង​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ​ផងដែរ ដែល​ត្រូវការ​ថវិកា​ដល់​ទៅ​៣៥​ពាន់​លាន​ដុល្លារ​។ អង្គការ​សុខភាព​ពិភពលោក​(WHO) និង អង្គការ​យូ​នី​សេ​ហ្វ​(UNICEF) ដែល​គ្រប់គ្រង​គម្រោង COVAX អះអាងថា ក្នុងដំណាក់កាល​ដំបូង ប្រទេស​នីមួយៗ​គួរ​ទទួលបាន​វ៉ាក់សាំង​២០​ភាគរយ​នៃ​ចំនួន​ប្រជាជន​របស់ខ្លួន​ដោយ​ចាប់ផ្តើម​ពី​ក្រុម​ដែល​ងាយ​រងគ្រោះ​។ 
 
​ការទទួលបាន​វ៉ាក់សាំង​សម្រាប់​ប្រទេស​តូច និង​កំពុង​អភិវឌ្ឍ បាន​ក្លាយជា​បញ្ហា​ប្រឈម និង​ការបារម្ភ​របស់​អង្គការ​អន្តរជាតិ​។ ជាក់ស្តែង របាយការណ៍​របស់​អង្គការ Oxfam បាន​បង្ហាញថា​ក្រុម​ប្រទេស​អ្នកមាន ដែល​តំណាង​ឲ្យ​ត្រឹមតែ​១៣​ភាគរយ​នៃ​ប្រជាជន​ទូទាំង​ពិភពលោក បាន​កក់​វ៉ាក់សាំង COVID-19​ចំនួន​ពាក់កណ្តាល ដែល​នឹងត្រូវ​ផលិត​នៅពេល​អនាគត​៕
 
 
 
 

Tag:
 ធនាគារពិភពលោក​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com