កីឡាអន្តរជាតិ
អន្តរជាតិ
Lewin ធ្វើបាន hat-trick លើក​ទី​២ ជួយ Everton ឡើងទៅ​វគ្គ​១/៤ EFL Cup
01, Oct 2020 , 10:15 am        
រូបភាព
Dominic Calvert-Lewin ធ្វើបាន hat-trick ជា​លើក​ទី​២​ហើយ សម្រាប់​រដូវ​កាល​នេះ បន្ទាប់ពី​ជួយ Everton យកឈ្នះ West Ham ៤-១ ដើម្បី​បន្តទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ​ពានរង្វាន់ EFL Cup​។​


​នា​ជំនួប​វគ្គ​១៦​ក្រុម EFL Cup នៅ​រាត្រី​ថ្ងៃទី​៣០ ខែកញ្ញា ខ្សែប្រយុទ្ធ Calvert-Lewin អាច​ស៊ុត​បញ្ចូល​ទី​ដល់​ទៅ​៣​គ្រាប់​ម្នាក់ឯង និង​ជា​លើក​ទី​២​ដែរ​រូបគេ​ធ្វើបាន hat-trick បន្ទាប់ពី​សម្រេចបាន​នៅ​ក្របខណ្ឌ Premier League ក្នុង​សប្តាហ៍​ទី​២​។ ៤​គ្រាប់​របស់ Everton ធ្វើបាន​ដោយ Calvert-Lewin នៅ​នាទី ១១, ៧៨, ៨៤ និង Richarlison នៅ​នាទី​៥៦ ចំណែក​១​គ្រាប់​របស់ West Ham សម្រេច​ទី​ដោយ Robert Snodgrass នៅ​នាទី​៤៦​។ 
 
Calvert-Lewin បានបង្ហាញ​ភាពលេច​ធ្លោ​យ៉ាងខ្លាំង​នៅ​ដើមរដូវ​កាល​ថ្មី ២០២០-២១​នេះ ដោយ​ជួយ​ក្រុម​លោក Carlo Ancelotti ឈ្នះ​ទាំង​៥​ប្រកួត​ជាប់​គ្នា ទាំង​ក្នុង​លី​គ និង EFL Cup​។ មិនតែប៉ុណ្ណោះ ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស វ័យ​២៣​ឆ្នាំ​រូបនេះ អាច​ស៊ុត​បញ្ចូល​ទី​បាន​ដល់​៨​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៥​លើក និង​ធ្វើបាន​នោះ​ធ្វើបាន hat-trick ២​លើក​ផងដែរ​។​
 
​លោក Ancelotti អ្នកចាត់ការ​ទូទៅ Everton ក៏បាន​សាទរ​ចំពោះ​ទម្រង់​លេង​របស់ Calvert-Lewin នេះដែរ ហើយ​ថែមទាំង​អះអាងថា​រូបគេ​សម​នឹង​ទទួលបាន​ការកោះហៅ​ពី​លោក Gareth Southgate ដើម្បី​ចូល​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ជា​លើកដំបូង​ទៀតផង​។​
 
«​គាត់ [Lewin] កំពុងធ្វើការ​ងារ​ដ៏​អស្ចារ្យ​ក្នុងពេល​បច្ចុប្បន្ននេះ​»​។ គាត់​កំពុងស្ថិត​នៅក្នុង​ពេលវេលា​ដ៏​ល្អ​មួយ​ក្នុង​ការរក​គ្រាប់​បាល់​ដ៏​ច្រើន​។ គាត់​សមជា​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​អង់គ្លេស​»​។ នេះ​ជាការ​សរសើរ​បស់​គ្រូ​សញ្ជាតិ​អ៊ីតាលី​ទៅ Calvert-Lewin ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​នា​ការប្រកួត​ជាមួយ West Brom និង​គ្រាប់​ទី​៥ នៅ Premier League​។​
 
​សម្រាប់​លទ្ធផល​ការប្រកួត​គូ​ដទៃ​ក្នុង​ពានរង្វាន់ EFL Cup នេះ Manchester United បាន​យកឈ្នះ Brighton ៣-០ ឯ Manchester City ឈ្នះ Burnley ៣-០ ដូចគ្នា​៕
 
 

Tag:
 Dominic Calvert-Lewin
  EFL Cup
© រក្សាសិទ្ធិដោយ thmeythmey.com