អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ពង្រឹងការប្តេជ្ញាចិត្តចំពោះនិរន្តរភាពបរិស្ថាន និងកាត់បន្ថយការបញ្ចេញកាបូន
× ភ្នំពេញ ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២០៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍នៅកម្ពុជា ថ្មីៗនេះបានបង្ហាញពីការប្តេជ្ញាចិត្ត ចំពោះអនាគតនៃពិភពបៃតងប្រកបដោយនិរន្តរភាពជាថ្មីម្តងទៀត ជាមួយនឹងគំនិតផ្តួចផ្តើមនៃការកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងបរិយាកាស។ ការដាំកូនឈើចំនួន ៥០០ដើម ក្នុងខេត្តកែប ដែលជាកិច្ចខិតខំប្រឹងប្រែងមួយ ស្របតាមកម្មវិធីឆ្ពោះទៅរកពិភពពណ៌បៃតង របស់ក្រុមហ៊ុន អ៊ីដតខូ គ្រុប ត្រូវបានធ្វើឡើង ដើម្បីពង្រឹងគោលដៅរបស់ក្រុមហ៊ុនមួយនេះបន្ថែមទៀត ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញកាបូន ទៅក្នុងបរិយាកាស។
គំនិតផ្តួចផ្តើមនេះ ធ្វើឡើងស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ ដែលបានដាក់ចេញក្នុងគោលបំណង ធ្វើឱ្យអនាគតកាន់តែល្អប្រសើរ និងប្រកបដោយនិរន្តរភាព សម្រាប់មនុស្សជាតិទាំងអស់ ក្នុងសកលលោក។ កម្មវិធីដាំកូនឈើក្នុងខេត្តកែបនេះ មានអ្នកចូលរួមចំនួន ២២០នាក់ ក្នុងនោះក៏មានការចូលរួមពីលោក ភូ លិ អភិបាលរងខេត្តកែប លោកស្រី ទិត សុខា អភិបាលក្រុងកែប បុគ្គលិកក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា តំណាងក្រុមប្រឹក្សាខេត្ត សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សជាច្រើននាក់ទៀត។
លោក Phillip Wong នាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង (Asean North) នៃក្រុមហ៊ុន អ៊ីដតខូ គ្រុប បានមានប្រសាសន៍ឲ្យដឹងថា៖ «និរន្តរភាព គឺមិនត្រឹមតែជាទំនួលខុសត្រូវក្នុងសង្គមរបស់យើងទាំងអស់គ្នាប៉ុណ្ណោះទេ វាក៏ជាកម្លាំងចលករមួយដ៏ប្រសើរ និងសំខាន់មិនអាចខ្វះបានសម្រាប់អាជីវកម្មផងដែរ ព្រោះវាបានចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាព និងការប្រកួតប្រជែង ជាទូទៅរបស់អង្គភាពមួយ។ ការខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយ នៃការបំភាយឧស្ម័នកាបូន នាពេលបច្ចុប្បន្ន របស់ក្រុមហ៊ុន អ៊ីដតខូ រួមជាមួយនឹងការអនុវត្តវិស្វកម្មបៃតងរបស់ក្រុមហ៊ុននេះ អាចធានាបាននូវភាពរីកចម្រើន ក្នុងការធ្វើអាជីវកម្ម និងដំណោះស្រាយក្នុងសម័យទំនើប ដោយមិនបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថានឡើយ។ ស្របពេលដែលយើងបន្តចូលរួមចំណែក ក្នុងការបង្កើតភាពវិជ្ជមានចំពោះបរិស្ថាន យើងក៏មានបំណងកំណត់គោលដៅសម្រាប់ការធ្វើប្រតិបត្តិការវិស្វកម្មបៃតង នៅក្នុងឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នេះផងដែរ»។
ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ខ្លួន ចំពោះវិស្វកម្មបៃតង ក្រុមហ៊ុន អ៊ីដតខូ បានដាក់ចេញនូវវិធានការផ្សេងៗគ្នា និងដាក់ពង្រាយដំណោះស្រាយ ប្រកបដោយភាពច្នៃប្រឌិត និរន្តរភាព និងប្រសិទ្ធភាពដើម្បីកាត់បន្ថយការបំភាយកាបូន។ វិធីសាស្ត្រទាំង នោះរួមមាន៖ ការកាត់បន្ថយការប្រើប្រាស់ដែក សម្រាប់ផលិតបង្កោលអង់តែន និងការប្រើប្រាស់វត្ថុធាតុដើមមកជំនួស ដែកដោយប្រើប្រាស់ carbon fiber ឫស្សី រួមនឹងការប្រើប្រាស់ថាមពល កកើតឡើងវិញ ដើម្បីផ្តល់ថាមពលដល់ទីតាំងនានាជាដើម។
លោក ភូ លិ អភិបាលរងខេត្តកែប បានមានប្រសាសន៍ថា «បរិស្ថានពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់ជីវិតនៅលើភពផែនដីយើង។ សម្រាប់មនុស្សជាតិ យើងអាចនិយាយឃ្លាមួយថា “សួតរបស់យើងមួយចំហៀង គឺផ្ញើនៅលើដើមឈើ”។ ដូច្នេះ យើងត្រូវតែរួមគ្នាថែរក្សាបរិស្ថាន ហើយនាថ្ងៃអនាគតនឹងរក្សានិរន្តរភាពព្រៃឈើ ដែលគ្របដណ្តប់ទៅដោយបរិស្ថានល្អ ធ្វើឱ្យយើងមានសុខភាពល្អ ក៏ដូចជាមានធនធានប្រកបទៅដោយសក្តានុពលនៅក្នុងសហគមន៍របស់យើង ដោយហេតុថា ប្រជាពលរដ្ឋរបស់យើង បានយល់ដឹងពីសារសំខាន់ នៃបរិស្ថាន ហើយបានរួមគ្នាដាំកូនឈើជាបន្តបន្ទាប់ ទោះបីជាកូនឈើហូបផ្លែ នៅជុំវិញផ្ទះរបស់ពួកគាត់ក៏ដោយ។ ការដាំកូនឈើនាពេលនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងដ៏មានអត្ថន័យ ដើម្បីបង្កើនគុណភាពនៃបរិស្ថាន ក៏ដូចជាការរស់នៅរបស់ប្រជាជន ក្នុងសហគមន៍យើងទាំងមូល»។
នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការដាំដើមឈើរួមគ្នាមួយនេះ ដែលនាំឲ្យមានការផ្លាស់ប្តូរផ្នត់គំនិត ជះឥទ្ធិពលលើការសម្រេចចិត្ត និងជំរុញឱ្យមានឥទ្ធិពលវិជ្ជមាននៅទូទាំងតំបន់ប្រតិបត្តិការរបស់ខ្លួន ក្រុមហ៊ុន អ៊ីដតខូ បាននឹងកំពុងផ្តល់ជូននូវដំណោះស្រាយ ដ៏ចាំបាច់ប្រកបដោយភាពច្នៃប្រឌិត មិនប៉ះពាល់ដល់បរិស្ថាន និងសន្សំសំចៃ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងវិស័យហេដ្ឋរចនាសម្ព័ន្ធទូរគមនាគមន៍ (ecosystem) ក្នុងគោលបំណងឲ្យក្រុមហ៊ុនអាជីវកម្ម ទាំងឡាយអាចចាប់យកឱកាសដើម្បីកំណើនថ្មីៗបន្ថែមទៀត តាមរយៈការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ ផ្នែកបរិស្ថានប្រកបដោយចីរភាព របស់អ៊ីដតខូ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com