សង្គមអន្តរជាតិ​
អន្តរជាតិ
ក្រសួងការបរទេស​អា​មេ​រិ​ក អនុម័ត​គម្រោង​លក់​យន្តហោះ​ចម្បាំង​និង​ប្រព័ន្ធ​មី​ស៊ី​ល​ឲ្យ​ស្វ៊ី​ស
01, Oct 2020 , 3:19 pm        
រូបភាព
យន្តហោះចម្បាំង F35-A Lightning II របស់ Lockheed Martin ។ រូបភាព៖ military.com
យន្តហោះចម្បាំង F35-A Lightning II របស់ Lockheed Martin ។ រូបភាព៖ military.com
ដោយ:
​ក្រសួងការបរទេស​អា​មេ​រិ​ក បានអនុម័ត​គម្រោង​លក់​យន្តហោះ​ចម្បាំង និង​ប្រព័ន្ធ​មី​ស៊ី​ល​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​១៦​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​ស្វ៊ី​ស ខណៈ​ប្រទេស​នេះ​ចង់​ធ្វើ​ទំនើបកម្ម​យោធា​។ មន្ទីរ​បញ្ច​កោណ​អាមេរិក បញ្ជាក់​បែបនេះ នៅ​ថ្ងៃទី ៣០ ខែកញ្ញា ប៉ុន្តែ​ពុំ​បញ្ជាក់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការចុះកិច្ចសន្យា​ទិញ ឬ​សម្រេច​ចរចា​ពី​សំណាក់​ភាគី​ទាំងពីរ​ឡើយ​។​

 
 
​ពលរដ្ឋ​ស្វ៊ី​ស នៅ​ថ្ងៃទី​២៧ ខែកញ្ញា បាន​បោះឆ្នោត​គាំទ្រ​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​ថ្មី​ក្នុង​ទំហំ​ទឹកប្រាក់ ៦,៥​ពាន់​លាន​ដុល្លារ​របស់​រដ្ឋាភិបាល​។ យន្តហោះ​ចម្បាំង ដែល​ស្វ៊ី​ស​គ្រោង​ទិញ​នេះ នឹង​ជំនួស​យន្តហោះ​ចាស់ៗ ស៊េរី​F/A-18 Hornets ៣០​គ្រឿង ដែល​នឹង​ប្រើ​លែងកើត​នា​ឆ្នាំ​២០៣០​ខាងមុខ​។ 
 
​ក្រោយ​ទទួលបាន​ភ្លើង​បៃតង​ពី​ការបោះឆ្នោត​ប្រជាមតិ​នេះ រដ្ឋាភិបាល​ស្វ៊ី​ស នឹង​សម្រេច​រើស​ទិញ​យន្តហោះ​ចម្បាំង​ក្នុងចំណោម​យន្តហោះ​ដូចជា Eurofighter ផលិត​ដោយ​ក្រុមហ៊ុន Airbus, Rafale របស់​បារាំង​,  F/A-18 Super Hornet របស់់ Boeing  ឬក៏ F35-A Lightning II របស់ Lockheed Martin ។​
 
​ដើម្បី​សម្រួល​ដល់​ការនាំចេញ​យន្តហោះ​ចម្បាំង​អាមេរិក​នាពេល​អនាគត ក្រសួងការបរទេស​អា​មេ​រិ​ក បានអនុម័ត​លទ្ធភាព​លក់​គ្រឿងបន្លាស់ គ្រាប់ ព្រមទាំង​ការហ្វឹកហ្វឺន​សម្រាប់​យន្តហោះ​ចម្បាំង F-35A ចំនួន​៤០​គ្រឿង ដែល​គិត​ជា​ទឹកប្រាក់​សរុប ៦,៥៨​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ក្រសួងការបរទេស​អា​មេ​រិ​ក ក៏​អនុម័ត​លទ្ធភាព​លក់​យន្តហោះ​ចម្បាំង F/A-18E/F Super Hornet ចំនួន​៤០​គ្រឿង គ្រាប់ និង​ការហ្វឹកហ្វឺន ក៏ដូចជា​សម្ភារ​យោធា​ពាក់ព័ន្ធ ដែល​គិត​ជា​ទឹកប្រាក់​ប្រមាណ ៧,៤៥​ពាន់​លាន​ដុល្លារ​។ 
 
​ការអនុម័ត​នេះ ជាការ​ជូនដំណឹង​ដល់​សភា​អាមេរិក​ថា ការលក់​សព្វាវុធ​ទាំងនេះ​ទៅកាន់​បរទេស ទទួលបាន​ភ្លើង​បៃតង​ហើយ តែ​ពុំមាន​ការបញ្ជាក់​ពី​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការចុះកិច្ចសន្យា​ទិញ ឬ​សម្រេច​ចរចា​ពី​សំណាក់​ភាគី​ទាំងពីរ​ឡើយ​។ បន្ថែម​ពី​យន្តហោះ​ចម្បាំង​ស៊េរី​ទំនើបៗ ក្រសួងការបរទេស​អា​មេ​រិ​ក ក៏បាន​បើកផ្លូវ​ឲ្យ​លក់​ប្រព័ន្ធ​មី​ស៊ី​ល​Patriot ៥ គ្រឿង​ទៀត ព្រមទាំង​សម្ភារ​យោធា​ពាក់ព័ន្ធ ក្នុង​ទំហំ​ទឹកប្រាក់ ២,២​ពាន់​លាន​ដុល្លារ​៕
 
 
 

Tag:
 សហរដ្ឋអាមេរិក​
  ស្វ៊ី​ស​
  សព្វាវុធ​
  ក្រសួងការបរទេស
© រក្សាសិទ្ធិដោយ thmeythmey.com