ជាតិ
សង្គមជាតិ
សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនបង្ក​ហិង្សា​លើ​អ្នកកាសែត ខណៈ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បង្ហាញ​ក្តី​ព្រួយបារម្ភ​
01, Oct 2020 , 9:29 pm        
រូបភាព
អ្នកកាសែតរងគ្រោះ ដោយសាជនមិនស្គាល់មុខមួយក្រុម បានប្រើហិង្សាលើពួកគេ នៅពេលធ្វើដំណើរមកភ្នំពេញ
អ្នកកាសែតរងគ្រោះ ដោយសាជនមិនស្គាល់មុខមួយក្រុម បានប្រើហិង្សាលើពួកគេ នៅពេលធ្វើដំណើរមកភ្នំពេញ
​ភ្នំពេញ​៖ សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្តក្រចេះ កំពុង​ស្រាវជ្រាវ​រក​ជនបង្ក​ហិង្សា​លើ​ក្រុម​អ្នកសារព័ត៌មាន​មួយក្រុម ដែល​បាន​ចុះ​ប្រមាញ់​ព័ត៌មាន​ទាក់ទង​នឹង​ការដឹកឈើ​ខុសច្បាប់​។ សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​(CamboJa)​បង្ហាញ​ការព្រួយបារម្ភ​កាន់តែខ្លាំង លើ​ការប្រើ​ហិង្សា​លើ​អ្នកសារព័ត៌មាន​កើត​ឡើងជា​បន្តបន្ទាប់​នេះ​។


​ការស្រាវជ្រាវ​រកមុខ​ជនបង្ក​ហេតុនេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​អ្នកសារព័ត៌មាន​មួយក្រុម​បាន​ចុះ​តាមដាន​ករណី​ព្រៃឈើ​នៅ​ខេត្តក្រចេះ ហើយក៏​ត្រូវ​មិន​ជន​មិន​ស្គាល់មុខ​ប្រើ​អំពើហិង្សា​ដាក់​ក្រុម​អ្នកសារព័ត៌មាន​។ 
 
​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ លោក ប៉ែន រ័ត្ន អះអាង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅថ្ងៃនេះ​ថា ករណី​ប្រើ​អំពើហិង្សា​លើ​អ្នកកាសែត​នៅ​ស្រុក​មេមត់ អាច​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ព្រៃឈើ​នៅ​ខេត្តក្រចេះ​។ លោក​ថា បច្ចុប្បន្ន​សមត្ថកិច្ច​ខេត្តត្បូងឃ្មុំ​និង​ខេត្តក្រចេះ កំពុង​ស្រាវជ្រាវ​រក​អ្នកបង្ក​ហិង្សា​នេះ​។ 
 
«​ករណី​អ្នកកាសែត​នេះ អាច​ជាប់​ពាក់ព័ន្ធ​តាំងពី​ខេត្តក្រចេះ​មក ព្រោះ​ពួកគាត់​តាមដាន​រឿង​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ ហើយ​ក្រុមការងារ​កំពុង​សហកា​រ​ជាមួយ​សមត្ថកិច្ច​ខេត្តក្រចេះ​ដើម្បី​រក​អ្នកបង្ក​ហេតុនេះ​។ ករណីនេះ ជា​ករណី​ហិង្សា មិនមែនជា​ករណី​គ្រោះថ្នាក់​ឡើយ ប៉ុន្តែ​បើតាម​មើលទៅ​វា​(​ជនបង្ក​ហេតុ​)​គ្រាន់តែ​វាយ​ឡាន​ទេ បើ​វាយ​មនុ​ស្សងាប់​បាត់​ហើយ តែ​នេះ​វាយ​ឡាន​និង​បែក​កញ្ចក់​របួស​តិចតួច​អី​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ប៉ែន រ័ត្ន​។ 
 
​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​(CamboJa) បានចេញ​សេចក្ដីថ្លែងការណ៍​មួយ កាលពី​ថ្ងៃទី​៣០ កញ្ញា ដោយ​បង្ហាញ​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ករណី​ហិង្សា​លើ​អ្នកសារព័ត៌មាន រួមទាំង​ថ្កោលទោស​ចំពោះ​ជនល្មើស​ទាំងនោះ​ថា​មិន​ខ្លាច​ច្បាប់​ទៀតផង​។ 
 
​អ្នកសារព័ត៌មាន​៤​រូប ត្រូវបាន​ជន​មិន​ស្គាល់មុខ​មួយក្រុម​ប្រដាប់​ដោយ​កាំបិត​ពូថៅ​វាយ​នៅ​ស្រុក​មេមត់ ខណៈ​ធ្វើដំណើរ​មក​ភ្នំពេញ​នៅ​យប់​ថ្ងៃទី​២៨​កញ្ញា​។ ការបង្ក​ហិង្សា​លើ​អ្នកសារព័ត៌មាន​៤​រូបនេះ ធ្វើ​ឲ្យ​អ្នកសារព័ត៌មាន​ម្នាក់​រងរបួស​ធ្ងន់​និង​ម្នាក់ទៀត​រងរបួស​ស្រាល​។ នៅ​យប់​ថ្ងៃទី​២៨​ដដែល អ្នកសារព័ត៌មាន​ម្នាក់ទៀត ត្រូវបាន​អាជ្ញាធរ​ប្រទេះ​ឃើញ​សាកសព នៅតាម​ផ្លូវ​បេតុង ក្នុង​សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ការស្លាប់​នេះ គឺ មិនទាន់មាន​ការស៊ើបអង្កេត​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ​។ នេះ​បើតាម​ការ​សេចក្ដីថ្លែងការណ៍​របស់ CamboJa ដោយ​បញ្ជាក់ថា ក្នុង​រយៈពេល​បី​ខែ​ចុងក្រោយ​នេះ មាន​អ្នកសារព័ត៌មាន​១៥​នាក់ រង​ការ​ធ្វើទុក្ខបុកម្នេញ មាន​អំពើហិង្សា ចាប់ខ្លួន និង​ពាក្យបណ្ដឹង​ពី​តុលាការ​ជាដើម​។ 
​លោក ណុប វី នាយក​ប្រតិបត្តិ​CamboJa កត់សម្គាល់​ក្រុម​អ្នក​ធ្វើទុក្ខបុកម្នេញ​ដល់​អ្នកសារព័ត៌មាន​ថា​៖ «​ពួកគេ​ចាត់ទុក​អ្នកសារព័ត៌មាន​ដែល​ហ៊ាន​រាយការណ៍​ពីបទ​ល្មើស​ដែល​ពួកគេ​កំពុង​ប្រព្រឹត្ត ជាស​ត្រូវ ហើយ​បង្ក​ការ​គម្រាមកំហែង​ដោយ​ប្ដឹង និង​សម្លាប់​ដោយ​មិន​ញញើត​»​។ 
 
​ទន្ទឹមនឹងនេះ លោក ស្នើ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​ករណី​ទាំងនេះ ដើម្បី​ទទួល​យុត្តិធម៌​។ CamboJa បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ធានា​សុវត្ថិភាព និង​សន្តិភាព ដល់​អ្នកសារព័ត៌មាន​គ្រប់រូប ដើម្បី​អនុវត្ត​សិទ្ធិសេរីភាព​និង​រាយការណ៍​បញ្ហា​សង្គម​ដោយ​គ្មាន​ភាពភ័យខ្លាច​៕ 

Tag:
 អ្នកសារព័ត៌មាន​
  ហិង្សា​
© រក្សាសិទ្ធិដោយ thmeythmey.com