អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បរិច្ចាគ​សម្ភារ​សុ​វត្តិភាព​ជូន​ក្រសួងសុខាភិបាល និង​ប្តេជ្ញា​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា ទប់ស្កាត់​កូ​វីដ​-១៩
01, Oct 2020 , 4:21 pm        
រូបភាព
​រាជធានី​ភ្នំពេញ ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ៖ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បាន​បរិច្ចាគ​សម្ភារ​សុវត្ថិភាព ដែលមាន​គុណភាព​ខ្ពស់​នូវ​ម៉ាស់ 3M N95 ចំនួន ១២ ៥០០ ម៉ាស់ និង​ជេ​ល​លាងដៃ​គុណភាព​ខ្ពស់ ចំនួន​១ ២០០​ដប ដល់​ក្រសួងសុខាភិបាល ដើម្បី​ជួយ​ការពារ​មន្ត្រី​សុខាភិបាល ដែល​បម្រើការ​ជួរមុខ ក្នុង​រាជធានី​-​ខេត្ត ទូទាំងប្រទេស ដែលជា​មន្ទីរពេទ្យ ទទួល​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​។​
 
​ពិធី​ប្រគល់​សម្ភារ​សុវត្ថិភាព​នេះ ត្រូវបាន​រៀបចំឡើង កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ក្រោម​អធិបតីភាព លោក  ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល និង​អគ្គនាយក​ចាត់តាំង ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា លោក Sanjay Chakrabarty​។ 
 
​ក្រសួងសុខាភិបាល បាន​សំដែង​ការស្វាគមន៍ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ជំនួយ​មនុស្សធម៌​របស់​ក្រុមហ៊ុន ដែល​បញ្ជា​ក់នូវ​វប្បធម៌​នៃ​ការចែករំលែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជំរុញ​វិធាន​ការពារ ទប់ស្កាត់ និង​ឆ្លើយតប​ការ​រាល​ត្បា​ត នៃ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​កាន់​តែមាន​ប្រសិទ្ធភាព​។​
 
​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​មានប្រសាសន៍ថា​៖ «​វិស័យ​ឯកជន បាន​ជួយ​បរិច្ចាគ​បរិក្ខា​ពេទ្យ មធ្យោបាយ​ដឹកជញ្ជូន និង​ថ្នាំ​បាញ់សម្លាប់​មេរោគ​។ នេះ​គឺជា​កាយវិការ​មនុស្សធម៌​ល្អ​មួយ ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩»​។​
​លោក ម៉ម ប៊ុនហេង បន្ថែម​ដូច្នេះ​ថា​ការបរិច្ចាគ ពី​សំណាក់​ក្រុមហ៊ុន​ឯកជន​នានា រាប់បញ្ចូល​ទាំង​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា នាពេលនេះ​ផង គឺជា​ការរួមចំណែក​ធំ នៅក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។ រហូតមក​ទល់នឹង​ពេលនេះ យើង​ទទួលបាន​ជោគជ័យ ក្នុងការ​ទប់ទល់​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ ប៉ុន្តែ​កម្ពុជា​ត្រូវតែ​បន្ត​ប្រុងប្រយ័ត្ន និង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​ជំងឺឆ្លង​នេះ​តទៅទៀត​។ 
 
​លោក Sanjay Chakrabarty មានប្រសាសន៍ថា បេសកកម្ម​ចម្បង​របស់ ព្រូ​ដិ​នស​ល​កម្ពុជា គឺ​ជួយ​ការពារ​អតិថិជន និង​សហគមន៍​របស់ខ្លួន ប្រឆាំងនឹង​ព្រឹត្តិការណ៍​ដែល​មិនបាន​រំពឹងទុក​។ ស្រប​ជាមួយ​បេសកកម្ម​នេះ ព្រូ​ដិ​នស​ល​កម្ពុជា ក៏បាន​ជួយ​ការពារ​មន្ត្រី​សុខាភិបាល​ជួរមុខ តាមរយៈ​ការផ្ដល់​នូវ​សម្ភារ​ការពារ​ខ្លួន ដែលមាន​គុណភាព​ខ្ពស់​។ បើតាម លោក Sanjay Chakrabarty ការបរិច្ចាគ​នេះ គឺជា​គំនិត​ផ្ដួចផ្ដើម​មួយ ក្នុងចំណោម​គំនិត​ផ្ដួចផ្ដើម​ជាច្រើន​ទៀត ដែល​យើង​បាន​ដាក់ចេញ​ក្នុងឆ្នាំនេះ ដើម្បី​ជួយ​ដល់​អ្នកពាក់ព័ន្ធ​របស់​ព្រូ​ដិ​នស​ល​កម្ពុជា​។​


 
​លោក Sanjay Chakrabarty បាន​រំឭកថា កន្លងមក ព្រូ​ដិ​នស​ល កម្ពុជា  បាន​ចូលរួម​ក្នុង​សម្ព័ន្ធ​ធានារ៉ាប់រង​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ជួយផ្តល់​ការការពា​ផ្នែក​ហិរញ្ញវត្ថុ ដល់​អ្នកដំណើរ​មកកាន់​ប្រទេស​កម្ពុជា ដោយ​មិនចាំបាច់​បារម្ភ​លើ​ការចំណាយ​ផ្នែក​វេជ្ជសាស្ត្រ​។ លោក Sanjay Chakrabarty បន្ថែមថា​៖«​យើង​បាន​ដាក់ចេញ នូវ​វិធាន​នួ​យ​សង្គ្រោះបន្ទាន់ ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ជួយ​ដល់​អតិថិជន​របស់​យើង ដែលមាន​បញ្ហាលំបាក ផ្នែក​ហិរញ្ញវត្ថុ​។ យើង​ក៏បាន​បន្ថែម និង​ពង្រីក​វិសាលភាព នៃ​ការការពារ​របស់​យើង សម្រាប់​អតិថិជន និង​បុគ្គលិក​របស់​យើង​ផងដែរ​។ យើង​សូម​កោតសរសើរ ចំពោះ​វិធានការ​ឆ្លើយតប ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។  យើង​នៅតែ​បន្ត​គាំទ្រ ដល់​ក្រសួង​នានា និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការបន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​»​។​
 
​ការបរិច្ចាគ​នេះ គឺជា​ផ្នែក​មួយ នៃ​មូលនិធិ ព្រូ​ដិ​នស៍ ដែលមាន​ទឹកប្រាក់ ២.៥ លាន​ដុល្លារ សហរដ្ឋអាមេរិក ដែល​មូលនិធិ​នេះ ត្រូវបាន​បែងចែក​ទៅតាម​ប្រទេស ដែលជា​ទីផ្សារ របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ក្នុង​គោលដៅ​គាំទ្រ​ដល់​គម្រោង​មនុស្សធម៌ និង​សហគមន៍ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​ភ្លាមៗ ពី​ជំងឺ​រាតត្បាត​នេះ ក៏ដូចជា​ដោះស្រាយ​ផលវិបាក​ផ្នែក​សង្គម និង​សេដ្ឋកិច្ច ដែល​កើតចេញពី​ជំងឺ​នេះ​។ 


 
​ទន្ទឹមនឹងនេះ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា នឹង​បរិច្ចាគ​មូលនិធិ​មួយចំនួនទៀត ដែល​បានមកពី​មូលនិធិ​ព្រូ​ដិ​នស៍ ដែលជា​ដៃគូ​អភិវឌ្ឍន៍​សហគមន៍ របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល ក្នុង​ទ្វីបអាស៊ី និង​អាហ្វ្រិក ដើម្បី​គាំទ្រ​ដល់​អង្គការ​ដៃគូ មិន​រកប្រាក់​ចំណូល​នានា  សម្រាប់​កិច្ចការ​របស់​អង្គការ​ទាំងនោះ ក្នុងការ​សម្រាល​ផលប៉ះពាល់ ពី​សំណាក់​ជំងឺ​រាតត្បាត​នេះ មកលើ​សហគមន៍​នានា ក្នុងប្រទេស​កម្ពុជា​។ 
 
​មូលនិធិ​ព្រូ​ដិ​នស៍ បាន​អនុវត្ត​គម្រោង​មួយចំនួន​ផងដែរ នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​បំណង​លើកកម្ពស់​ការអប់រំ សុខភាព និង​សុវត្ថិភាព ចាប់តាំងពី​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បានចាប់ផ្ដើម​ប្រតិបត្តិការ​អាជីវកម្មរ​បស់​ខ្លួន ក្នុងប្រទេស​កម្ពុជា នៅក្នុង​ឆ្នាំ ២០១៣ មក​។ ក្នុងនោះ រួមមាន​កម្មវិធី​អប់រំ​ហិរញ្ញវត្ថុ សម្រាប់​កុមារ ឆា​-​ឈី​ង (Cha-Ching Money Smart Kids) សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​អង្ក​ការ សិទ្ធិ​កុមារ (Child Right Foundation); កម្មវិធី​ជំហាន​សុវត្ថិភាព (SAFE STEPS) ដែល​ផ្ដល់ព័ត៌មាន​សំខាន់ៗ ឲ្យ​សាធារណជន បានដឹង​អំពី​សុវត្ថិភាព​នៅតាម​ដងផ្លូវ និង​ការត្រៀម​លក្ខណៈ សម្រាប់​គ្រោះមហន្តរាយធម្មជាតិ​ជាដើម​។ កម្មវិធី អំ​ណាន ដំបូង (First Read) ដែលជា​កម្មវិធី​អប់រំ​កុមារ​តូច សហការ​ជាមួយ​អង្គការ​សង្គ្រោះ​កុមារ (Save the Children) កម្មវិធី​សាលារៀន​សុវត្ថិភាព សហការ​ជាមួយ​អង្គការ ផ្លេ​ន អន្តរជាតិ (Plan International) និង​កម្មវិធី​ជាច្រើន​ផ្សេងទៀត​ទាក់ទង​នឹង​សុខភាព អប់រំ និង​ហិរញ្ញវត្ថុ ជាដើម​។ គម្រោង​ទាំងអស់នេះ ទទួល​បានការ​ទ្រទ្រង់​ពី​សំណាក់​បុគ្គលិក ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា  ដែល​ស្ម័គ្រចិត្ត​ចំណាយ​ពេលវេលា និង​កម្លាំងកាយ​ចិត្ត ដើម្បី​ធានាថា គម្រោង​នេះ ទទួលបាន​លទ្ធផល និង​ប្រសិទ្ធភាព​ក្នុង​កម្រិត​អតិបរមា​៕
 



(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com