ជាតិ
សេដ្ឋកិច្ច
លោក គង់ វិបុល ៖ ការបង្កើត​ពន្ធ​មូលធន មិនមែន​សង្កត់ «​ក​» ពលរដ្ឋ​ទេ តែ​សម្រាប់​ជួយ​«​អ្នកក្រ​»
01, Oct 2020 , 4:59 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនៅក្នុងកម្មវិធីពន្ធដារកម្ពុជា ស្តីពីពន្ធចំណេញលើមូលធន នៅថ្ងៃទី១ តុលា ២០២០
លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងនៅក្នុងកម្មវិធីពន្ធដារកម្ពុជា ស្តីពីពន្ធចំណេញលើមូលធន នៅថ្ងៃទី១ តុលា ២០២០
​ភ្នំពេញ​៖ បើ​គ្មានអ្វី​ប្រែប្រួល​ទេ ! រដ្ឋាភិបាល នឹង​អនុវត្ត​ការប្រមូល​ពន្ធ​មូលធន នៅ​ដើមឆ្នាំ​២០២១​ទៅ​។ គោលដៅ​នៃ​ការអនុវត្ត​ពន្ធ​នេះ គឺ​ដើម្បី​ប្រមូល​លុយ​ពី​អ្នកមានប្រាក់ចំណេញលើអចលនទ្រព្យ​ មកជួយ​«​អ្នកក្រ​»​។ លោក គង់ វិបុល អគ្គនាយកដ្ឋាន​ពន្ធដា​រ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ថ្លែង​បែបនេះ​នៅក្នុង​កម្មវិធី​ពន្ធដារ​កម្ពុជា ស្តីពី «​ពន្ធ​លើ​ចំណេញ​មូលធន​» នៅ​ថ្ងៃទី​១ តុលា​នេះ​។​



​មុន​ពន្ធ​មូលធន​នេះ លេចចេញ​ជា​រូបរាង សាធារណជន ជាពិសេស​អ្នករកស៊ី​អចលនទ្រព្យ កំពុង​បង្ហាញ​ក្តី​ព្រួយបារម្ភ​ពី​អាជីវកម្ម​ខ្លួន ស្រប​ពេលដែល​វិបត្តិ​កូ​វីដ​-១៩ កំពុង​អូស​បន្លាយពេល​។ ពួកគេ​មិនទាន់​ចង់ឱ្យ​រដ្ឋ ឆាប់​អនុវត្ត​ពន្ធ​ចំណេញ​លើ​មូលធន​នេះឡើយ​។ 
 
​ផ្ទុយ​ពី​ក្តី​ព្រួយបារម្ភ​នេះ លោក គង់ វិបុល អគ្គនាយកដ្ឋាន​ពន្ធដា​រ អះអាងថា ការអនុវត្ត​ពន្ធ​នេះ មិនមែន​ជាការ​សង្កត់​«​ក​» រាស្ត្រ​នោះទេ​។ បើតាម​លោក គង់ វិបុល ការបង្កើត​ពន្ធ​នេះ គឺ​ដើម្បី​យកប្រាក់​ចំណេញ​ពី​អ្នកលក់​អចលនទ្រព្យ មកជួយ​ពលរដ្ឋ​ក្រីក្រ​ប៉ុណ្ណោះ​។​
 
​អគ្គនាយកដ្ឋាន​ពន្ធដា​រ​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​ពន្ធ​នេះ ជា​ពន្ធ​ចំណេញ​មូលធន មានន័យថា បើសិនជា​ប្រជាពលរដ្ឋ លក់​(​អចលនទ្រព្យ​)​បាន​ចំណេញ​ត្រូវ​បង់ហើយ គឺ​អត់សង្កត់ ក ទេ​។ ហើយ​បើ​ប្រជាជន​(​លក់​អចលនទ្រព្យ​ខាត​) នៅក្នុង​កាលៈទេសៈ​ហ្នឹង ឧទាហរណ៍ គាត់​ត្រូវ​បង្ខំ​លក់​ដី​ហ្នឹង ដែល​បាន​ទិញ​ដី​មួយកន្លែង​សម្រាប់​ទុក​លក់ តែ​វិបត្តិ​កូ​វីដ​នេះ វា​លក់​ទៅ​ខាត គឺ​អត់​ត្រូវ​បង់​ទេ​។ អ៊ីចឹង​មិនមែន​ពន្ធ​នេះ ដាក់​មក​សម្រាប់​សង្កត់ ក រាស្ត្រ​ទេ គឺ​ដើម្បី​យកពន្ធ​ពី​អ្នក​ចំណេញ យកទៅជួយ​រាស្ដ្រ ដែល​ប៉ះពាល់​»​។ 
 
​លោក គង់ វិបុល បាន​សង្កត់ធ្ងន់ថា ពន្ធ​លើ​ចំណេញ​មូលធន​នេះ វា​នឹង​អត្ថប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ក្រក្រី រួមទាំង​ការអភិវឌ្ឍ​ជនបទ កសាង​មន្ទីរពេទ្យ សាលារៀន ផ្លូវ អណ្ដូងទឹក និង​ស្រះ​ទឹកជា​ដើម​។ «​បើសិនជា​យើង មិន​យក​(​ពន្ធ​)​ពី​អ្នក​ដែលមាន​ប្រាក់ចំណេញ វា​ហាកបីដូចជា​បាន​ពន្ធ​ពី​ណា​យក ។ ហើយ​រដ្ឋ​អត់​យកពន្ធ​ទេ ពី​អ្នក​ដែល​លក់​ខាត ហើយ​ប្រជាពលរដ្ឋ​ទូទៅ បើសិនជា​អត់​មានការ​លក់ ក៏​អត់​ជាប់ពន្ធ​ដែរ​។ ពន្ធ​មូលធន​នេះ បើ​លក់​ចំណេញ​ចាំ​បង់ បើ​លក់​មិន​ចំណេញ អត់​បង់ អត់​ត្រូវ​ជាប់​(​ពន្ធ​)​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គង់ វិបុល ។​
 
​លោក វ៉ាន់ ពុទ្ធិ​ពល អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​បន្ថែមថា ពន្ធ​នេះ មិន​គ្របដណ្ដប់​លើ​ពលរដ្ឋ​ទូទៅ​ទេ បើសិនជា​ពួកគេ គ្មាន​អចលនទ្រព្យ​លក់​នោះ​។ បើតាម​លោក ពុទ្ធិ​ពល អ្នក​ដែល​ជាប់ពន្ធ​ភាគច្រើន គឺ​អ្នករកស៊ី​អចលនទ្រព្យ​។ «​កន្លងមក​មានការ​យ​ល់​ច្រឡំ​ថា ប្រជាជន​គ្រប់រូប​ត្រូវ​បង់ពន្ធ​នេះ អ៊ីចឹង​ហើយ​បានជា​គាត់​ជ្រួលច្រាល​។ ខ្ញុំ​គិតថា​អ្នក​ដែល​បង់ពន្ធ​នេះ​ច្រើន​គេ ៩០​ភាគរយ គឺ​អ្នក​ដែលមាន​របរ​អាជីវក​ម្ម​ទៅលើ​ខាង​ផ្នែក​អចលនទ្រព្យ​នោះឯង​។​ប៉ុន្តែ​ចំពោះ​ប្រជាជន​ទូទៅ ច្បាស់​ជា​មិន​ជាប់​(​ពន្ធ​)​ទេ​»​។ នេះ​ជាការ​បញ្ជាក់​របស់​អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ 
 
​កន្លងមក​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹ​ក សុខ​នី​ម ធ្លាប់បាន​និយាយថា បើ​រដ្ឋ​នឹង​អនុវត្ត​យកពន្ធ​មូលធន​នេះ​មែន នោះ​អ្នករកស៊ី​វិស័យ​អចលនទ្រព្យ នឹងរង​ផលប៉ះពាល់​។ លោក អះអាងថា ការយកពន្ធ​នេះ វា​គឺជា​ការបន្ថែម​បន្ទុក​ដល់​អ្នករកស៊ី​វិស័យ​អចលនទ្រព្យ​ទៅវិញ​ទេ ខណៈដែល​ពួកគេ​កំពុង​ប្រឈមមុខ​ធ្លាក់ចុះ​ចំណូល ដោយសារ​បញ្ហា​កូ​វីដ​-១៩​។​
 
​ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រូបនេះ បានលើកឡើង​ដូច្នេះ​ថា​៖«​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ រាល់ថ្ងៃ​ដំណើរការ​ដោយសារ​អ្នកទិញ​នៅក្នុង​ស្រុក​ទេ ពាក់ព័ន្ធ​នឹង​បរទេស​សឹងតែ​មិនសូវមាន​(​អ្នកទិញ​)​ហើយ​។ អ៊ីចឹង​បញ្ហា​ការអនុវត្ត​ពន្ធ​សម្រាប់​មូលធន​នេះ ខ្ញុំ​គិតថា វា​ជា​ពេលវេលា​ដែល​លំបាក​សម្រាប់​អ្នក​វិនិយោគិន​នៅក្នុង​ប្រទេស​របស់​យើង ដើម្បី​ទ្រទ្រង់​នូវ​វិស័យ​អចលនទ្រព្យ​នេះ​។ ហើយ​ប្រសិនជា​ពន្ធ​នេះ ត្រូវបាន​អនុវត្ត​ពិតប្រាកដ​មែន ខ្ញុំ​មើលឃើញថា​វា គឺជា​អ​ម្រែ​ក​យ៉ាង​ធ្ងន់​សម្រាប់​អ្នក​វិនិយោគិន​ទៅលើ​វិស័យ​អចលនទ្រព្យ ហើយ​រដ្ឋាភិបាល​ក៏​ជួប​ប្រឈម​នូវ​បញ្ហា​មួយចំនួន​ដែរ​។ ប្រសិនជា​ពន្ធ​នេះ​ចេញ​ឡើង ដូច្នេះ​ខ្ញុំ​គិតថា ការទិញ​ដូរ​(​អចលនទ្រព្យ​)​មួយចំនួន​នឹង​ធ្លាក់ចុះ​»​។​
 
​តែ​យ៉ាងណា​អ្នកជំនាញ​សេដ្ឋកិច្ច លោក គី សេរី​វឌ្ឍន៍ អះអាងថា វិស័យ​អចលនទ្រព្យ គឺ​មិន​ងាយ​ដួល​ឡើយ​។ អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ យល់ឃើញ​បែប​វិជ្ជមាន​វិញ​ថា ការអនុវត្ត​ពន្ធ​មូលធន គឺជា​ការទប់ស្កាត់​មិនឱ្យ​វិស័យ​អចលនទ្រព្យ​ប៉ោង​ផ្ទុះ​ទៅវិញ​ទេ​។ ត្រង់ចំណុច​នេះ​លោក សេរី​វឌ្ឍន៍ ពន្យល់ថា នៅពេល​ការអនុវត្ត​ពន្ធ​មូលធន​ចូល​ជា​ធរមាន វា​ធ្វើឱ្យ​ពលរដ្ឋ​ឈប់​នាំគ្នា​សម្រុក​ទិញ និង​លក់​ដី​ដូច​មុន ព្រោះ​តម្លៃ​អចលនទ្រព្យ​ឡើង​ខ្ពស់​ដោយសារ​កម្រិត​ពន្ធ ហើយ​ករណី​ចាក់ដី​លុប​បឹង ដើម្បី​លក់​ដី​នោះ ក៏​លែង​សូវ​មាន​ទៀត​ដែរ​។ ជាពិសេស​វា​នឹង​ជំ​រុញឱ្យ​ការប្រើប្រាស់​ដីធ្លី មាន​គោលដៅ​ច្បាស់លាស់ និង​បង្កើន​កំណើន​ផលិតកម្ម​ទៀតផង​។​
 
​បើតាម​អ្នកជំនាញ​សេដ្ឋកិច្ច​រូបនេះ វិធានការ​ប្រមូល​ពន្ធ​មូលធន​នេះ វា​ផ្ដល់​ផល​វិជ្ជមាន​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។ សម្រាប់​លោក គី សេរី​វឌ្ឍន៍ ការយកពន្ធ​មូលធន​នេះ មិនមាន​អ្វី​ប្លែក​ទេ ខណៈ​បណ្ដា​ប្រទេស​អាស៊ាន និង​អឺរ៉ុប​ខ្លះ បាន​អនុវត្ត​ទៅហើយ​។​
 
​យ៉ាងណាក៏ដោយ ក៏​លោក ច្រឹ​ក សុខ​នី​ម យល់ឃើញថា ឆ្នាំ​២០២១​ខាងមុខនេះ មិនមែនជា​ពេលវេលា​ត្រូវ​កំណត់​យកពន្ធ​មូលធន ឬ​ពន្ធ​ផ្សេងៗ​លើ​អ្នករកស៊ី ឬ​ពលរដ្ឋ​នោះទេ ។ ប្រធាន​សមាគម​អ្នកវាយតម្លៃ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​រូបនេះ សង្កត់ធ្ងន់ថា រដ្ឋាភិបាល​គួរតែ​ជួយ​ដល់​វិស័យ​វិនិយោគ​នៅ​កម្ពុជា ជាពិសេស​វិស័យ​អចលនទ្រព្យ ដែល​ត្រូវការ​ទុនវិនិយោគ​បន្ថែម ក្រោយ​វិបត្តិ​កូ​វីដ​-១៩​ផុតរលត់​។​
 
​ជុំវិញ​បញ្ហា​នេះ លោក គង់ វិបុល ក៏​មិនទាន់​ប្រាកដ​ច្បាស់​ថា ពន្ធលើប្រាក់ចំណេញ​មូលធន​នេះ នឹងត្រូវ​អនុវត្ត​១០០​ភាគរយ នៅ​ថ្ងៃទី​១ មករា ឆ្នាំ​២០២១ ដែរ​។ បើតាម​អគ្គនាយកដ្ឋាន​ពន្ធដារ​រូបនេះ ការអនុវត្ត​ពន្ធ​មូលធន​នេះ គឺ​អាស្រ័យ​លើ​ការសម្រេច​ជា​ផ្លូវការ​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សិន​។​
 
​តាមពិតទៅ​រដ្ឋាភិបាល​បាន​បង្កើត​ពន្ធ​ប្រភេទ​នេះ នៅក្នុង​ច្បាប់​ថវិកាជាតិ តាំង​ឆ្នាំ​២០១០ មកម្ល៉េះ ហើយ​ឱ្យ​អនុវត្ត​ការយកពន្ធ​នេះ​នៅក្នុង ឆ្នាំ​២០២០​។ ប៉ុន្តែ ដោយសារ​ត្រូវការ​ពេលវេលា​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ដល់​អ្នកមាន​ជាប់​កាតព្វកិច្ច​បង់ពន្ធ​នេះ ទើប​រាជរដ្ឋាភិបាល​ស​ម្រេច​ពន្យារពេល​អនុវត្ត​នៅ​ដើមឆ្នាំ​២០២១​។ នេះ​បើតាម​លោក គង់ វិបុល​៕

Tag:
 គង់ វិបុល​
  ពន្ធដារ
© រក្សាសិទ្ធិដោយ thmeythmey.com