ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
តំណាង​កម្ពុជា តប​ថា តំណាង​អង្គការសហប្រជាជាតិ ច្បិច​តែមួយ​ជ្រុង​នៃ​របាយការណ៍​សិទ្ធិមនុស្ស យកទៅ​ផ្សាយ
01, Oct 2020 , 6:29 pm        
រូបភាព
លោក អាន សុខខឿន ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ បានចូលរួមកិច្ចប្រជុំលើកទី៤៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the UN Office at Geneva)
លោក អាន សុខខឿន ឯកអគ្គរាជទូតនិងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ បានចូលរួមកិច្ចប្រជុំលើកទី៤៥នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ (រូបពីទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the UN Office at Geneva)
​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បាន​ប្រតិកម្ម​មកកាន់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា (OHCHR) ជុំវិញ​ការ​ស្រង់​របាយការណ៍​របស់​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) អគ្គលេខាធិការ​អង្គការ​សហ​ប្រជ​ជាតិ ស្តីពី​បញ្ហា​សិទ្ធិមនុស្ស ទៅ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​ប៊ុ​ក​។


​តាមរយៈ​សេចក្តីថ្លែងការណ៍​ពី​ទីក្រុង​ហ្សឺ​ណែវ នា​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ តំណាង​កម្ពុជា បង្ហាញ​ការខកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ ដ្បិត​មើលឃើញថា តំណាង​អង្គការសហប្រជាជាតិ​ដ៏​ធំ​មួយ​នេះ ស្រង់​ព័ត៌មាន «​តែមួយ​ជ្រុង​និង​មិនមាន​តុល្យភាព​» ចេញពី​របាយការណ៍រ​ប​ស់លោក ហ្គូ​តេ​រ៉េ​ស យកទៅ​ផ្សព្វផ្សាយ​។ 
 
​នៅ​ថ្ងៃទី​៣០ ខែកញ្ញា​ម្សិលមិញ លោក ហ្គូ​តេ​រ៉េ​ស បានធ្វើ​បទ​បង្ហាញ​ពី​របាយការណ៍​ប្រចាំឆ្នាំ​របស់លោក ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​តាម​បណ្តា​នានា រួមទាំង​កម្ពុជា​ផងដែរ ទៅកាន់​កិច្ចប្រជុំ​លើក​ទី​៤៥ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​។ របាយការណ៍​របស់លោក គឺ​ស្តីពី​ការបំភិតបំភ័យ និង​ការសង​សឹក​របស់​អាជ្ញា​ធរ ទៅលើ​អ្នក​ដែល​បាន​សហការ​ជាមួយ​អង្គការសហប្រជាជាតិ​។​
 
​ប៉ុន្តែ មុនពេល​លោក ហ្គូ​តេ​រ៉េ​ស ធ្វើ​បទ​បង្ហាញ ទៅកាន់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ បាន​យក​បាយ​ការណ៍របស់លោក ទៅ​បង្ហោះ​ជា​សាធារណៈ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ សរសេរ​សង្ខេប​ពី​របាយការណ៍​នោះ​ថា លោក ហ្គូ​តេ​រ៉េ​ស បាន​គូសបញ្ជាក់​ពី​ការ​សងសឹក​និង​ការបំភិតបំភ័យ​នៅ​កម្ពុជា ដែល​ធ្វើឡើង​ដោយ​មន្ត្រី​សន្តិសុខ ប្រឆាំងនឹង​អ្នកចូលរួម​ធ្វើ​ការងារ​ជាមួយ​អង្គការសហប្រជាជាតិ ឬ​តំណាង​របស់ខ្លួន​។ 
 
​ចំណែក អ្នក​អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា បង្ហោះ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ចាប់ពី​ម៉ោង​៨ ដល់ ម៉ោង​១១​យប់ (​ម៉ោង​នៅ​កម្ពុជា​) នា​ថ្ងៃទី​១ ខែតុលា​នេះ អ្នកស្រី នឹង​បង្ហាញ​របាយការណ៍​រប​ស់​អ្នកស្រី ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា ទៅកាន់​កិច្ចប្រជុំ​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​។​
 
​តំណាង​ម្ពុ​ជា អះអាងថា របាយការណ៍​របស់លោក ហ្គូ​តេ​រ៉េ​ស គឺ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការអត្ថាធិប្បាយ​របស់​អ្នកស្រី រ៉ូ​ណា ស្មី​ត ដែល​ផ្តោតលើ​ភាគី «​តែ​ម្ខាង​និង​ពុំបាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​»​។ តំណាង​កម្ពុជា បកស្រាយ​ថា រដ្ឋាភិបាល​កម្ពុជា តែង​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​បំផុត​ចំពោះ​រាល់​ការចោទប្រកាន់​នានា​។ 
 
​តំណាង​កម្ពុជា សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​ថា​៖«​ក្នុងន័យនេះ គេ ត្រូវ​ចោទសួរ​ភាពស្មោះត្រង់​និង​ហេតុផល​របស់​ការិយាល័យ​នេះ ដែល​ច្បិច​យកតែ​មួយផ្នែក​នៃ​របាយការណ៍ ហើយ​ពុំ​បង្ហាញ​ផ្នែក​ពាក់ព័ន្ធ​នឹង​ការឆ្លើយតប​របស់​រាជ​រដ្ឋាភិបាល [​កម្ពុជា​]​។ ទង្វើ​បែបនេះ នឹងធ្វើ​ឲ្យ​ចុះខ្សោយ​នូវ​សុចរិត​ភាព ឯករាជ្យភាព និង ភាព​ទុកចិត្តបាន​របស់​ស្ថាប័ន​អង្គការសហប្រជាជាតិ​មួយ​នេះ​»​។   
 
​របាយការណ៍​របស់លោក ហ្គូ​តេ​រ៉េ​ស សរសេរ​ដូច្នេះ​ថា​៖«​តំណាង​អង្គការ​សង្គម​ស៊ីវិល​ខ្លះ មិន​ហ៊ាន​បង្ហាញ​អត្តសញ្ញាណ​ទៅ​ក្រសួងមហាផ្ទៃ ថា​ពួកគេ ធ្វើ​ការងារ​ជាមួយ​អង្គការសហប្រជាជាតិ​ឡើយ ដោយសារតែ​ពួកគេ បារម្ភ​ពី​ការសង​សឹក​។ ជនរងគ្រោះ​មួយចំនួនទៀត ដែល​ជាប់ឃុំ មិន​ហ៊ាន​ទទួល​ជំនួយ​ពី​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​អង្គការ​សហ​ប្រជា​តិ ហើយ​ពួកគេ ក៏​មិន​ហ៊ាន​រាយការណ៍​ពី​ករណី​របស់​ពួកគេ ទៅកាន់​តំណាង​អង្គការសហប្រជាជាតិ​ដែរ​»​។​
 
​ការចោទប្រកាន់ថា បុគ្គល ដែល​បាន​សហការ​ជាមួយ​យន្តការ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ត្រូវបាន​បំភិតបំភ័យ​ឬ​សងសឹក «​គឺជា​ការ​បំផ្លើស​ទាំងស្រុង​»​។ នេះ​ជាការ​ឆ្លើយតប​របស់​តំណាង​កម្ពុជា​ដដែល ដោយ​បន្ថែមថា អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា បាន​អនុវត្ត​សកម្មភាព ស្របតាម​ច្បាប់ ដោយ​គ្មាន​ការយាយី​ឬ​ការសង​សឹក​អ្វី​ឡើយ​។ តំណាង​កម្ពុជា បន្តថា អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ត្រូវបាន​ណែនាំ​ឲ្យ​ប្រកាន់ខ្ជាប់​តាម​សេចក្តីណែនាំ​របស់​ក្រសួងមហាផ្ទៃ ស្តីពី​ការធ្វើសកម្មភាព​ស្របច្បាប់​។  
 
​សារ​ចុងក្រោយ​របស់​តំណាង​កម្ពុជា ជូន​ដល់​ឧ​ត្ត​ម​ស្នងការ​ស​ង្គ​ការ​សហប្រជាជាតិ គឺ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម ដែល​អង្គការ​សង្គម​ស៊ីវិល​ជួបប្រទះ​៕ 

Tag:
 តំណាង​កម្ពុជា​នៅ​ហ្សឺ​ណែវ​
  សិទ្ធិមនុស្ស​
  OHCHR
  រ៉ូ​ណា ស្មី​ត​
  ហ្គូ​តេ​រ៉េ​ស
© រក្សាសិទ្ធិដោយ thmeythmey.com