ជាតិ
«​មី​ដាម​» ផលិតផល​របស់​អតីត​និស្សិត​កសិកម្ម ដែល​ច្នៃ​សរសៃ​មី​ពី​ល្ពៅ ត្រាវ និង​ដំឡូង​
02, Oct 2020 , 8:59 am        
រូបភាព
ដោយ:
​លោក បេ អ៊ិ​ញ​ហ៊ាន ជា​កូន​កសិករ​ក្នុងស្រុក​ចំការលើ ខេត្តកំពង់ចាម​។ យុវជន​រូបនេះ បាន​ចំណាយពេល​ជាង​១​ឆ្នាំ នៅក្នុង​ការកែច្នៃ​ផលិតផល​មី ដែល​កែច្នៃ​ចេញពី​កសិផល​ក្នុងស្រុក រួមមាន​ផ្លែ​ល្ពៅ មើមត្រាវ និង​ដំឡូង​។ អតីត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម វ័យ​២៩​ឆ្នាំ​រូបនេះ បានដាក់​ឈ្មោះ ផលិតផល​របស់ខ្លួន​ថា «​មី​ដាម​» ហើយ​ដែលមាន​ទី​ផលិត​នៅក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ លោក បេ អ៊ិ​ញ​ហ៊ាន បាន​ប្រាប់​សារព័ត៌មាន Thmeythmey25 ថា​មូល​ហេតុដែល លោក​កែច្នៃ​សរសៃ​មី ពី​ដំណាំ​ក្នុងស្រុក​ស្រុក​នេះ ព្រោះតែ​លោក ចង់​ជំរុញ​ការកែច្នៃ​ផលិតផល​កសិកម្ម ដែលជា​ផ្នែក​មួយ​នៃ​ការលើកកម្ពស់​ទីផ្សារ​កសិកម្ម ក៏ដូចជា​ចង់​ផ្ដល់​អាហារ​កែច្នៃ ដែលមាន​សុវត្ថិភាព​សម្រាប់​ពលរ​ដ្ឋ​កម្ពុជា​។​

 
​លោក បេ អ៊ិ​ញ​ហ៊ាន ជា​ម្ចាស់​អាជីវកម្ម «​មី​ដាម​» ដែលជា​សរសៃ​មី កែច្នៃ​ពី​ផលិតផល​កសិកម្ម​ក្នុងស្រុក រួមមាន​ផ្លែ​ល្ពៅ ត្រាវ និង​ដំឡូង​។ ជា​អតីត​និស្សិត​ផ្នែក​ក្សេត្រសាស្ត្រ​នៃ​សាកល​វិទ្យា​ភូមិន្ទ​កសិកម្ម លោក បេ អ៊ិ​ញ​ហ៊ាន បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា​លោក​បានចាប់ផ្តើម​កែច្នៃ​សរសៃ​មី គឺ​ដោយសារ​លោក​មើលឃើញ​ពី​សំទុះ​ការគាំទ្រ​ផលិតផល​ក្នុងស្រុក របស់​ពលរដ្ឋ​ខ្មែរ​។ មិនតែប៉ុណ្ណោះ យុវជន​វ័យ​២៩​ឆ្នាំ មកពី​ស្រុក​ចំការលើ ខេត្តកំពង់ចាម​រូបនេះ បន្ថែមថា រូបគេ ចង់​ជំរុញ​ឲ្យ​ការកែច្នៃ​កសិផល​ខ្មែរ និង​ចង់​ផ្តល់​អាហារ​កែច្នៃ​ដែលមាន​សុវត្ថិភាព​សម្រាប់​អ្នកប្រើប្រាស់​។ បើតាម លោក​អ៊ិ​ញ​ហ៊ាន រូបគេ​បាន​ស្រាវជ្រាវ​ពី​របៀប​ផលិត​សរសៃ​មី តាម​អ៊ីនធឺណិត ហើយ​បរាជ័យ​ច្រើនលើកច្រើនសារ   ទម្រាំ​អាច​ផលិត​បាន មី ដែលមាន​រសជាតិ​ដែល​លោក​ចង់បាន​។ ក្នុងដំណាក់កាល​នេះ ខេត្តកំពង់ចាម​រូបនេះ បាន​ចំនាយ​ប្រើពេល​ប្រមាណ​កន្លះ​ឆ្នាំ​។​


 
​រហូតមកដល់​ពេលនេះ គឺ​ប្រមាណ​១​ឆ្នាំ​ហើយ ដែល​អាជីវកម្ម​កែច្នៃ​របស់ខ្លួន បាន​ចាប់ដំណើរការ​។ យុវជន​រូបនេះ អះអាងថា ផលិតផល​របស់ខ្លួន មានការ​គាំទ្រ​ច្រើន​គួរសម​ដោយសារ​ការផលិត​មិន​ប្រើ​សារធាតុ​គីមី ឬ​សារធាតុ​រក្សាទុក​បានយូ​រ និង​មាន​រសជាតិ​ទទួលយកបាន​។ លោក បេ អ៊ិ​ញ​ហ៊ាន រៀបរាប់ថា​៖«​មី​ដាម នេះ បាន​យក​ល្ពៅ ដំឡូង ត្រាវ មក​ច្នៃ​ធ្វើជា​មី ដែល​មិនមាន​ដាក់​សារធាតុ​គីមី ឬ​សារធាតុ​រក្សាទុក​នោះទេ​។ ដូច្នេះ​មី នេះ​ទុក​បាន​ត្រឹម​រយៈពេល ២​ទៅ ៣​ខែ​ប៉ុណ្ណោះ តែ​ត្រូវ​ទុក​នៅ​កន្លែង​ត្រឹមត្រូវ​»​។ 


 
​សម្រាប់​ទីផ្សារ​មី​របស់លោក បេ អ៊ិ​ញ​ហ៊ាន បច្ចុប្បន្នកំពុង​ចរាចរណ៍​នៅតាម​ហាង​បន្លែ ផ្លែឈើ​ធម្មជាតិ ក៏ដូចជា តាម​ម៉ា​ត​ផ្សេងៗ ប្រមាណ​ជាង ២០​ក្នុង​រាជធានី​ភ្នំពេញ​។ ហើយ​លោក ក៏​កំពុង​ស្វែងរក​ដៃគូ​សហការ​បន្ថែម ដើម្បី​ពង្រីក​ការផលិត​របស់លោក​ប​ន្ថែ​ម​ទៀត​។ ក្រៅពីនេះ​លោក​ក៏បាន​បំណង​បង្កើត​អាហារ​ដ្ឋា​ន​នៅតាម​សាលា​មធ្យមសិក្សា ដើម្បី​ឲ្យ​ក្មេងៗ មានលទ្ធភាព​ទទួលបាន​អាហារ​មាន​សុវត្ថិភាព និង​តម្លៃ​សមរម្យ​ផងដែរ​។ សម្រាប់​«​មី​ដាម​»​របស់លោក​ក្នុង​មួយកញ្ចប់​មានតម្លៃ ១​ម៉ឺន​រៀល និង​មាន​ទម្ងន់ ៥០០​ក្រាម​។​


 
​យុវជន​ដែល​កើត​ក្នុង​ត្រកូល​កសិករ​រូបនេះ  ក៏បាន​ចែករំលែក​ត្រួសៗ​ពី​ដំណើរការ នៃ​ការផលិត​មី ដើម្បី​ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​នោះ​នោះ ។ តាម​លោក អ៊ិ​ញ​ហ៊ាន ដើម្បី​ទទួលបាន​សរសៃ​មី​ដែលមាន​គុណភាព ត្រូវ​គិត​លើ​វត្ថុធាតុដើម និង​បច្ចេកទេស​ផលិត​។ សម្រាប់​ការជ្រើសរើស​វត្ថុធាតុដើម (​ល្ពៅ​,​ត្រាវ​,​ដំឡូង​) ត្រូវមាន​គុណភាព មិន​គ្រឹ​ង និង​ទើប​ប្រមូល​ពី​ចម្ការ​ថ្មីៗ​។ ដោយឡែក​សម្រាប់​ធាតុ​ផ្សំ​មី​ល្ពៅ មានដូចជា ល្ពៅ​, ស្រូវ​សាលី​,​និង​ទឹក​ជាដើម​។ ក្រៅពី​មី​ទាំងបី​រសជាតិ​នេះ លោក​អ៊ិ​ញ​ហ៊ាន ក៏​កំពុង​សិក្សា​ចំណង់​ចំណូលចិត្ត របស់​អ្នក​បរិភោគ ខណៈ​បច្ចុប្បន្ន មី​រសជាតិ​ល្ពៅ ទទួលបាន​ការគាំទ្រ​ខ្លាំងជាងគេ​៕
 






 
 
 

Tag:
 មី​ល្ពៅ​
 ​មី​ត្រាវ​
 ​មី​ដំឡូង
© រក្សាសិទ្ធិដោយ thmeythmey.com