COVID-19
ជាតិ
ស្រ្តីជនជាតិខ្មែរម្នាក់មកពីអាមេរិក មានCOVID-19 ក្រោយធ្វើតេស្តលើកទី២វិជ្ជមាន
02, Oct 2020 , 8:20 am        
រូបភាព
ភ្នំពេញ៖ ក្រសួងសុខាភិបាលប្រកាសរកឃើញស្រ្តីជនជាតិខ្មែរម្នាក់មកពីសហរដ្ឋអាមេរិក បានឆ្លងជំងឺកូវីដ-១៩(COVID-19)ក្រោយធ្វើតេស្តលើកទី២ បង្ហាញលទ្ធផលវិជ្ជមាន កាលពីថ្ងៃទី៣០កញ្ញា។ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២តុលានេះ បានបញ្ជាក់ថា ស្ត្រីជនជាតិខ្មែរវ័យ៣៣ឆ្នាំ ដែលបានឆ្លងជំងឺនេះ គឺបានធ្វើដំណើរមកពីអាមេរិក ដោយបន្តជើងហោះហើរនៅតៃវ៉ាន់ ហើយមកដល់កម្ពុជា កាលពីថ្ងៃទី១៦កញ្ញាឆ្នាំ២០២០។ ក្រោយចត្តាឡីស័កបានចំនួន១៣ថ្ងៃ ស្ត្រីរូបនេះត្រូវបានធ្វើតេស្តឃើញ COVID-19។ កម្ពុជា បានកើនចំនួនករណីឆ្លងសរុប២៧៨នាក់ហើយ។



ស្ត្រីឆ្លងជំងឺកូវីដ-១៩ខាងលើនេះ មានអាសយដ្ឋាននៅភូមិក្តុល ឃុំក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ បច្ចុប្បន្ន នាងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។ 
 
បើសេចក្តីប្រកាសព័ត៌មានដដែលរបស់ក្រសួងសុខាភិបាល បន្ទាប់ពីដឹងថាស្រ្តីនេះ មានផ្ទុកជំងឺកូវីដ-១៩  ក្រសួងនិងមន្ទីរក្រសួងសុខាភិបាលខេត្តបាត់ដំបង បានស្រាវជ្រាវរកឃើញអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺចំនួន៧នាក់ ដោយក្នុងនោះ មាន៥នាក់ជាសមាជិកគ្រួសារ និង២នាក់ទៀតជាមិត្តភក្តិ។ រីឯ អ្នកប៉ះពាល់ជាមួយអ្នកជំងឺដោយប្រយោលមាន៤០នាក់។ បច្ចុប្បន្នអាជ្ញាធរកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយស្ត្រីរូបនេះ បន្តទៀត។ 
 
គិតត្រឹមថ្ងៃទី២តុលានេះ  កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន២៧៨នាក់។  ក្នុងនោះមានអ្នកជាសះស្បើយ២៧៥នាក់ ខណៈអ្នកជំងឺ៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរបង្អែក នៅរាជធានី ខេត្តសៀមរាប និងបាត់ដំបង៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com