ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោកស្រី Devyani Uttam Khobragade ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​
02, Oct 2020 , 10:04 am        
រូបភាព
ដោយ: រួបរួម
​លោកស្រី​វេជ្ជបណ្ឌិត Devyani Uttam Khobragade ត្រូវបាន​រដ្ឋាភិបាល​ឥណ្ឌា​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ថ្មី​ប្រចាំ​កម្ពុជា ដែល​នឹងត្រូវ​ជំនួស​តំណែង​លោកស្រី Manika Jain​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ក្រសួងការបរទេស​ឥណ្ឌា (Ministry of External Affairs) កាលពី​ថ្ងៃទី​១ ខែតុលា​។​

 
​លោកស្រី Devyani Uttam Khobragade ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​លេខាធិការ (Joint Secretary) ក្រសួងការបរទេស​ឥណ្ឌា ជា​កូនស្រី​បង្កើត​របស់​អ្នកនយោបាយ​ជើងចាស់ លោក Uttam Khobragade​។ លោកស្រី​បាន​បម្រើការ​នៅ​ការិយាល័យ​ការបរទេស​ឥណ្ឌា​ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​។​
 
​តាម​បណ្តាញសារព័ត៌មាន​ឥណ្ឌា លោកស្រី Khobragade ជា​ជា​វេជ្ជបណ្ឌិត​ម្នាក់ ហើយ​កាលពី​ឆ្នាំ​២០១២ គាត់​ធ្លាប់​កាន់តំណែង​ជា​អគ្គ​រង​កុងស៊ុល​របស់​ឥណ្ឌា​ប្រចាំ​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ដោយ​ទទួលបន្ទុក​កិច្ចការនារី នយោបាយ និង​សេដ្ឋកិច្ច​។​
 
​កាលពី​ឆ្នាំ​២០១៣ លោកស្រី Khobragade ធ្លាប់​ត្រូវបាន​អាជ្ញាធរ​អាមេរិក​ឃាត់ខ្លួន​ទាក់ទង​នឹង​បញ្ហា​ទិដ្ឋាកា ដែល​នាំ​ឲ្យ​មាន​ការតវ៉ា​យ៉ាងខ្លាំង​នៅ​ឥណ្ឌា​នាពេលនោះ​។ យោងតាម​ការផ្សាយ​រប​ស់ SheThePeople លោកស្រី Khobragade បាន​វិលត្រឡប់​ទៅ​ឥណ្ឌា​វិញ កាលពី​ខែមករា ឆ្នាំ​២០១៤ ហើយ​ក្រសួងការបរទេស​បាន​ផ្តល់​ឯកសិទ្ធិ​ការទូត​ជូន​គាត់​វិញ ដោយបាន​លើកលែងទោស​ពី​រាល់​បណ្តឹង​ទាំងអស់​។​
 
​នៅ​ឆ្នាំ​ដដែល គាត់​ត្រូវបានតែងតាំង​ជា​ប្រធាន​រដ្ឋបាល​ដៃគូ​អភិ​វ​ឌ្ឃ (DPA) ដែលជា​ផ្នែក​មួយ​របស់​ក្រសួងការបរទេស​។ ក្រោយ​ឆ្លងកាត់​រឿងរ៉ាវ​ផ្ទាល់ខ្លួន​មួយចំនួន អ្នកស្រី Khobragade នៅតែ​រក្សា​ក្របខណ្ឌ​របស់ខ្លួន​នៅ​ក្រសួងការបរទេស រហូត​បាន​តំណែង​ជា​លេខាធិការ​។​
 
​លោកស្រី Khobragade ក៏​ជា​អ្នកនិពន្ធ​មួយរូប​ផងដែរ ដែល​ក្នុងនោះ​មានដូចជា «The White Sari» និង The Adventures of Young Ambedkar» ជាដើម​។

បើតាមក្រសួងការបរទេសឥណ្ឌា លោកស្រី Khobragade នឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ៕

Tag:
 ​ទូត​ឥណ្ឌា​
© រក្សាសិទ្ធិដោយ thmeythmey.com