ជាតិ
មហាផ្ទៃ កំពុង​រៀបចំ​ច្បាប់​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន តែ​គួរ​ចៀសវាង​លក្ខណៈ​រឹតត្បិត​សិទ្ធិ​ពលរដ្ឋ​
02, Oct 2020 , 11:20 am        
រូបភាព
លោក ណុប វី ប្រធានសម្ព័នអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា CamboJa (ខាងឆ្វេង) និង លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
លោក ណុប វី ប្រធានសម្ព័នអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថា CamboJa (ខាងឆ្វេង) និង លោក ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ
 ​ភ្នំពេញ​៖ សេចក្តីព្រាងច្បាប់​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ប្រជុំ​ពិគ្រោះ​យោបល់ នៅ​ក្រសួងមហាផ្ទៃ ។ សេចក្តីព្រាងច្បាប់​នេះ មាន​គោលបំណង​រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់​សង្គម នៃ​អន្តរកាល​បច្ចេកវិទ្យា​ទំនើប​។ សម្ព័ន្ធ​អ្នកសារព័ត៌មាន ហៅ​កាត់​ថា CamboJa គាំទ្រ​ឲ្យ​មានច្បាប់​នេះ តែ​មិនត្រូវ​បង្កើត​មក​ដើម្បី​រឹតត្បិត​សិទ្ធិសេរីភាព​ពលរដ្ឋ​ឡើយ​។​


​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក ប៊ុន ហុន បាន​បញ្ជាក់ថា ក្រសួង​បាន​ប្រជុំពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​បទល្មើស​បច្ចេកវិទ្យា​នេះ ចំនួន​៦៨​ហើយ បើ​គិត​ចាប់តាំងពី​ឆ្នាំ​២០១៦​មក​។ លោក អះអាងថា ការបង្កើត​ច្បាប់​មួយ​ឡើង​ត្រូវការ​ប្រជុំពិភាក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ទើប​ប្រើ​រយៈពេល​យូរ​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ប៊ុន ហុន បានបញ្ជាក់​ដូច្នេះ​ថា​៖« បង្កើត​ច្បាប់​មួយៗ​ត្រូវ​សិក្សា​ពាក់ព័ន្ធ​ពី​ផលប្រយោជន៍​សង្គម សិទ្ធិមនុស្ស​និង​សិទ្ធិសេរីភាព​បុគ្គល​...​អ្នក​មិន​យល់​គិតថា​ច្បាប់​នេះ​យូរ ហើយ​ខ្ញុំ​មិនអាច​កំណត់​បានទេ​ថា​ចប់​ពេលណា តែ​ឆន្ទៈ​របស់​រដ្ឋាភិបាល​ច​ង់​ចប់​រហ័ស ប៉ុន្តែ​ត្រូវ​គិត​គ្រប់​ជ្រុងជ្រោយ​ទាំងអស់​។ ប៉ុណ្ណឹង​ហើយ នៅមាន​អ្នក​រិះគន់​ ខ្វះ​នេះ​ខ្វ​នោះ​»​។ 
 
​បើតាម​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​រូបនេះ សេចក្ដីព្រាងច្បាប់​បទល្មើស​បច្ចេកវិទ្យា ក៏មាន​ការចូលរួម​ផ្ដល់​មតិយោបល់​ពី​ម​ន្រី្ត​ជំនាញ​យុត្តិធម៌​របស់​អាមេរិក និង​អ្នកជំនាញ​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក ដូចជា Facebook Google និង Amazon ជាដើម​។ 
 
​ប្រធាន​ស​ម្ព័​ន​អ្នកសារព័ត៌មាន​កម្ពុជា​(CamboJa) លោក ណុប វី គាំទ្រ​ឲ្យ​កម្ពុជា​មានច្បាប់​នេះ ប៉ុន្តែ​ច្បាប់​នេះ​មិន​ត្រូវមាន​លក្ខណៈ​រឹតត្បិត​សិទ្ធិសេរីភាព​ពលរដ្ឋ ឬ​អ្នក​ប្រើ​ប្រាប់​បណ្ដាញ​សង្គម​ឡើយ​។ 
 
​លោក ណុប វី ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​យ៉ាង​ដូច្នេះ​ថា​៖ «​សម្រាប់​ខ្ញុំ​ផ្ទាល់​ធ្វើការ​ក្នុង​វិស័យ​ព័ត៌មាន មានការ​ប្រើប្រាស់​និង​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត យើង​គិតថា​វា​ជា​អ្វីដែល​យើង​ត្រូវ​ទទួលបាន​ដឹង​ពី​ដំណើរការ​សេចក្ដីព្រាងច្បាប់​នេះ​។ ប៉ុន្តែ​ជា​លើកទីមួយ​សម្រាប់​ខ្ញុំ​ដែល​បានដឹងថា មាន​កិច្ចប្រជុំ​ជា​ផ្លូវការ​នៅ​ក្រសួង​...​។ ច្បាប់​នេះ​កម្ពុជា​ក៏​គួរតែមាន ក៏ប៉ុន្តែ​ចំណុច​សំខាន់​គឺ​គួរតែមាន​ច្បាប់​ដែលមាន​គុណភាព ឆ្លើយតប​នឹង​បញ្ហា​ដែល​កើតមានឡើង ជាជាង​ច្បាប់​មួយ​ដែលមាន​ទំនោរ​ក្នុងការ​រឹតត្បិត​ទៅដល់​សិទ្ធិសេរីភាព​ពលរដ្ឋ​ឬ​អ្នកប្រើប្រាស់​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត​»​។ 
 
​ទន្ទឹមនឹងនេះ លោក ណុប វី ស្នើ​ឲ្យ​ក្រសួង​បើក​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ដូចជា​អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន ដើម្បី​បានផ្ដល់​យោបល់ និង​មាន​ធាតុ​ចូលរួម​ផ្សេងៗ​ទៀត ទៅក្នុង​ខ្លឹមសារ​នៃ​សេចក្ដីព្រាងច្បាប់​។ 
 
«​ខ្ញុំ​យល់ឃើញថា គួរតែមាន​ការបើកចំហ​រ​ឲ្យ​មាន​កិច្ចពិភាក្សា​ឲ្យ​បាន​ទូលំទូលាយ ជាមួយ​តំណាង​អង្គការ​សង្គម​ស៊ីវិល ដែលជា​អ្នកធ្វើការ​ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ពលរដ្ឋ អ្នកប្រើប្រាស់​បណ្ដាញ​អ៊ី​ន​ធឺ​ណេ​ត ជា​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេ​ត​ជាដើម​។ ដើម្បី​យើង​ធានា​ឲ្យ​មានគុណ​ភាព​នៃ​ច្បាប់​ហ្នឹង ជាជាង​ការជួបប្រជុំ​តែ​ផ្ទៃក្នុង​របស់​ក្រសួង​។ ខ្ញុំ​គិតថា​វា​អាច​តិច​ឬ​ច្រើន​ប៉ះពាល់​ដល់​ផលប្រយោជន​ពលរដ្ឋ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់ លោក ណុប វី ដែល​បាន​បន្ថែមថា ខាង​ស​ម្ព័​ន​អ្នកសារព័ត៌មាន​កម្ពុជា​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ចូលរួម​កិច្ចពិភាក្សា ប្រសិនបើ​មានការ​អនុញ្ញាត​ឬ​អញ្ជើញ​ឲ្យ​ចូលរួម​។ 
 
​បច្ចុប្បន្ន​សេចក្ដីព្រាងច្បាប់​នេះ មាន​៩​ជំពូក ៥០​មាត្រា ប៉ុន្តែ​អាច​នឹងមាន​ការប្រែប្រួល​បន្តទៀត តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​កិច្ចប្រជុំ ។ នេះ​បើតាម​លោក ប៊ុន ហុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​៕ 
 

Tag:
 ច្បាប់​
  បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com