អន្តរជាតិ
កូនស្រី​លួចលាក់​អតីត​ស្ដេច​បែលហ្ស៊ិក ឈ្នះក្ដី​ក្លាយជា​ព្រះ​នាង​ពេញសិទ្ធិ​
02, Oct 2020 , 1:59 pm        
រូបភាព
ព្រះនាង Delphine ដែលឈ្នះក្ដីក្លាយជាបុត្រីស្របច្បាប់របស់អតីតស្ដេចបែលហ្ស៊ិក Albert II ។ រូបភាព The Telegraph
ព្រះនាង Delphine ដែលឈ្នះក្ដីក្លាយជាបុត្រីស្របច្បាប់របស់អតីតស្ដេចបែលហ្ស៊ិក Albert II ។ រូបភាព The Telegraph
​នៅ​បែលហ្ស៊ិក វិចិត្រករ​គំនូរ​ម្នាក់​ឈ្មោះ Delphine Boel បាន​ក្លាយជា​ព្រះ​នាង​របស់​ប្រទេស​តំបន់​អឺរ៉ុប​មួយ​នេះ បន្ទាប់ពី​ឈ្នះក្ដី​ដ៏​យូរអង្វែង​មួយ​។

 
Delphine Boel វ័យ​៥២ នឹង​ក្លាយទៅជា​ព្រះ​នាង Delphine Saxe-Cobourg នៃ​រាជាណាចក្រ​បែលហ្ស៊ិក បន្ទាប់ពី​តុលាការ​ទីក្រុង​ព្រុ​ច​សែ​ល​ឯកភាព​លើ​លទ្ធផល​ធ្វើតេស្ត DNA រវាង​នាង និង​អតីត​មហាក្សត្រ​បែលហ្ស៊ិក Albert II នៅ​ថ្ងៃទី​១ ខែតុលា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Marc Uyttendaele ដែលជា​មេធាវី​របស់លោក​ស្រី Boel ដែល​ក្លាយជា​ព្រះ​នាង​ហើយ​នោះ​។​
 
​ការសម្រេច​របស់​តុលាការ​ទីក្រុង​ព្រុ​ច​សែ​ល ទំនងជា​បញ្ចប់​សំណុំរឿង​មិន​ទទួលស្គាល់​ខ្លួនឯង​របស់​អតីត​ប្រមុខរដ្ឋ​បែលហ្ស៊ិក ដែល​បានដាក់​រាជ្យ​កាលពី​ឆ្នាំ​២០១៣ ។ សំណុំ​រឿងនេះ ផ្ទុះឡើង​នៅ​ឆ្នាំ​១៩៩៧ ពេលដែល Boel អះអាងថា​ជា​កូនស្រី​លួចលាក់​របស់​ស្ដេច Albert II ។ ទើប​ដល់​ឆ្នាំ​២០១៩ ប៉ុណ្ណោះ ដែល​តុលាការ​សម្រេច​ឲ្យ​មានការ​ធ្វើតេស្ត DNA ដើម្បី​រក​ការពិត​។​
 
«​តុលាការ​បញ្ជាក់ថា ស្ដេច Albert II ពិតជា​ឪពុក​នាង​មែន​។​» លោក Uyttendaele ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP បែបនេះ​។ ជាមួយគ្នា​នោះ តុលាការ​បែលហ្ស៊ិក ក៏បាន​យល់ព្រម​តាម​សំណើ​ផ្សេងទៀត​រាប់ទាំង​ការទទួលបាន​ការយក​ចិត្ត​ទុកដាក់​ដូច​បុត្រាបុត្រី​ឯទៀត​ដែរ​។ 
 
​មហាក្សត្រ​បែលហ្ស៊ិក​សព្វថ្ងៃ Phillip ជា​បុត្រា​ស្របច្បាប់​របស់​ទ្រង់ Albert II នឹង​ក្លាយជា​ព្រះរាម​របស់​ព្រះ​នាង​ថ្មី​៕ 

Tag:
 បែលហ្ស៊ិក​
  Delphine Boel
© រក្សាសិទ្ធិដោយ thmeythmey.com