អន្តរជាតិ
រុស្ស៊ី​ចោទ​មេដឹកនាំ​ប្រឆាំង Navalny ធ្វើការ​ឲ្យ CIA អាមេរិក​
02, Oct 2020 , 11:39 am        
រូបភាព
មេដឹកនាំប្រឆាំង លោក Alexei Navalny (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន
មេដឹកនាំប្រឆាំង លោក Alexei Navalny (ឆ្វេង) និងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន
ដោយ:
​វិមាន​ប្រធានាធិបតី​រុស្ស៊ី បាន​ចោទប្រកាន់​មេដឹកនាំ​ប្រឆាំង លោក Alexei Navalny ថា ធ្វើការ​ឲ្យ​ភ្នាក់ងារ​ចារកម្ម​អាមេរិក (CIA) ហើយ​ចាត់ទុក​ការអះអាង​របស់លោក Navalny ថា ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ជា​អ្នក​នៅ​ពីក្រោយ​ផែនការ​ដាក់​ថ្នាំ​បំពុល​លោក គ្មាន​មូលដ្ឋាន ។ ជាការ​ឆ្លើយតប លោក Navalny បានទាមទារ​ឲ្យ​ក្រុង​មូ​ស្គូ​បញ្ចេញ​ភស្តុតាង​បង្ហាញថា​លោក​ពិតជា​បម្រើការ​ឲ្យ CIA អាមេរិក​។

 
​លោក Navalny បានដឹង​ស្មារតី​ឡើងវិញ​កាលពី​ថ្មីៗ ក្រោយ​ធ្លាក់ខ្លួន​ឈឺ​ភ្លាមៗ​អំឡុងពេល​ធ្វើដំណើរ​ក្នុង​ជើងហោះហើរ​មួយ​ក្នុង​ទីក្រុង Siberia ហើយ​ត្រូវបាន​ដឹក​ទៅ​ព្យាបាល​នៅ​ទីក្រុង បែរ​ឡាំង នៃ​ប្រទេស អាល្លឺម៉ង់​។ គ្រូពេទ្យ​អាល្លឺម៉ង់ អះអាងថា លោក​ត្រូវ​បំពុល​ដោយ​ថ្នាំ​ប្រភេទ Novichok ដែលជា​ថ្នាំពុល​កម្រិត​យោធា ហើយ​ត្រូវបាន​អភិវឌ្ឍ​ដោយ​អតីត​សហភាពសូវៀត​ក្នុង​ចន្លោះ​ទសវត្សរ៍​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៨០​។ 
 
«​ខ្ញុំ​ជឿជាក់ថា លោក ពូ​ទីន នៅ​ពីក្រោយ​ឧក្រិដ្ឋ​កម្មនេះ​»​។ លោក Navalny បាន​ប្រាប់​ទស្សនា​វ​ដ្តី​អាល្លឺម៉ង់ Der Spiege បែបនេះ ក្នុង​កិច្ច​សម្ភាស​មួយ ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី ១ ខែតុលា មុននឹង​បន្ថែមថា លោក​គ្មាន​គិត​ឃើញ​រូបភាព​អ្វី​ផ្សេង​ក្រៅពីនេះ​ទៀតឡើយ​។ 
 
​ជាការ​ឆ្លើយតប អ្នកនាំពាក្យ​វិមាន​ប្រធានាធិបតី​រុស្ស៊ី លោក Dmitry Peskov បាន​បញ្ជាក់ថា ការចោទប្រកាន់​របស់​មេដឹកនាំ​ប្រឆាំង Navalny ទៅលើ​លោកពូ​ទីន គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ មិនអាច​ទទួលយកបាន ហើយ​ជាការ​ប្រមាថ​ផងដែរ​។  ម្យ៉ាងវិញទៀត លោក Peskov ក៏បាន​ចោទប្រកាន់​ត្រង់ៗ​ថា លោក Navavny កំពុងធ្វើការ​ជាមួយ​ភ្នាក់ងារ​ចារកម្ម​អាមេរិក (CIA)​។ 
 
​យ៉ាងណាមិញ លោក Navalny នៅតែ​មិន​អស់ចិត្ត​ហើយ​បន្ត​ប្រតិកម្ម​ចំពោះ​ការចោទប្រកាន់​ពី​សំណាក់​រដ្ឋាភិបាល​រុស្ស៊ី​មកលើ​លោ​កថា​បម្រើការ​ឲ្យ​ភ្នាក់ងារ​បរទេស​។ ត្រង់នេះ​លោក​សរសេរ​លើ​វេ​ប​សាយ​ផ្ទាល់ខ្លួន​ថា​៖«​ជាដំបូង ខ្ញុំ​នឹង​ប្ដឹង​លោក Peskov​។ ហើយ​រឿង​ទី​២ គឺ ខ្ញុំ​ទាមទារ​ឲ្យ​មានការ​បង្ហាញ​ភស្តុតាង​និង​ការពិត​បញ្ជាក់ថា ខ្ញុំ​ពិតជា​ធ្វើការ​ជាមួយ CIA មែន​»​។ លោក​ថែមទាំង​ឌឺដង​ទៀតថា លោក​អនុញ្ញាត​ឲ្យ​ក្រុង​មូ​ស្គូ​ចាក់ផ្សាយ​ភស្តុតាង​លើ​ទូរទស្សន៍​។ 
 
​លោក Navalny បាន​ប្រាប់​ទស្សនា​វ​ដ្តី Der Spiege ពី​ការតាំង​ចិត្ត​វិល​ទៅកាន់​ប្រទេស​រុស្ស៊ី​ផងដែរ​។ លោក​និយាយ​ដូច្នេះ​ថា​៖«​កិច្ចការ​ខ្ញុំ​ឥឡូវនេះ គឺ​រក្សា​ស្មារតី​មិន​ភ័យខ្លាច​។ ហើយ​ខ្ញុំ​អត់​ខ្លា​ចឡើយ​! ប្រសិនបើ​ដៃ​ទាំង​ទ្វេ​ខ្ញុំ​ញ័រ វា​ព្រោះតែ​ថ្នាំពុល​ប៉ុណ្ណោះ​, មិនកើត​ចេញពី​ភាពភ័យខ្លាច​ឡើយ​។ ខ្ញុំ​នឹងមិន​ឲ្យ​អំណោយ​ទៅ​លោកពូ​ទីន ដោយ​ការមិន​វិល​ត្រលប់​ទៅ​រុស្ស៊ី​វិញ​ឡើយ​»​។​
 
​ពាក់​ព័ទ្ធ​នឹង​ការវិវត្ត​ចុងក្រោយ​ក្នុងករណី​បំពុល​លោក Navalny ទីក្រុង​មូ​ស្គូ បាន​អញ្ជើញ​អ្នកជំនាញ​ពី​អង្គការ​បង្ការ​អាវុធ​គីមី​(OPCW)​ឲ្យ​ទៅកាន់​ប្រទេស​រុស្ស៊ី​ដើម្បី​សហការ​ស៊ើបអង្កេត​លើ​បញ្ហា​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី RIA ។ ការអញ្ជើញ​នេះ ធ្វើឡើង​ក្រោយ​អាល្លឺម៉ង់​កាលពី​ខែ​មុន​បានស្នើ​សុំ​ជំនួយ​ពី​អង្គការ OPCW លើ​ករណី​បំពុល​លោក Navalny​។ 
 
​ទាំង​អាល្លឺម៉ង់ និង​បណ្ដា​ប្រទេស​លោកខាងលិច​ផ្សេងទៀត បានទាមទារ​ការបកស្រាយ​ពី​សំណាក់​រដ្ឋាភិបាល​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​ការឈឺ​ថ្កាត់​របស់លោក Navalny ខណៈ​រុស្ស៊ី​អះអាងថា​ខ្លួន​គ្មាន​រកឃើញ​ភស្តុតាង​ណាមួយ​បញ្ជាក់ថា​មេដឹកនាំ​ប្រឆាំង​ត្រូវ​ថ្នាំពុល​ឡើយ ហើយក៏​បដិសេធ​ជាប់ទាក់ទង​ក្នុងករណីនេះ​៕
 
 
 

Tag:
 រុស្ស៊ី​
  Alexei Navalny
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com