ជាតិ
សេដ្ឋកិច្ច
ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​ចិន នឹង​ទាញ​វិនិយោគិន​អាមេរិក​មក​កម្ពុជា​បាន​ពិតមែន ឬទេ​?
02, Oct 2020 , 8:29 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​-​ចិន​បានបញ្ចប់​កិច្ចចរចា​ព្រមព្រៀង​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​សេរី​(FTA)​ជាមួយគ្នា​រួច​អស់ហើយ ដោយ​រង់ចាំតែ​ថ្ងៃ​ចុះហត្ថលេខា​ជា​ផ្លូវការ ប៉ុណ្ណោះ​។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​គ្រោង​ចូល​ជា​ធរមាន​នេះ កម្ពុជា​នឹង​អាច​ទាញ​វិនិយោគិន​ធំៗ​ពី​បណ្តា​ប្រទេស​ក្នុង​និង​ក្រៅ​តំបន់​។ ទន្ទឹមនឹង​គ្នា​នេះ មាន​មន្ត្រី​ជំនាញ អ្នកវិភាគ​សេដ្ឋកិច្ច កំពុង​មើលឃើញ​ពី​ភាព​ផ្ទុយគ្នា និង​ភាពមិនច្បាស់លាស់ ថា តើ​កម្ពុជា​អាច​ទាញ​អ្នក​វិនិយោគិន​របស់​សហរដ្ឋអាមេរិក​បានដែរ​ឬទេ តាមរយៈ​FTA​នេះ​?


​បន្ទាប់ពី​FTA​រវាង​ទាំង​២​ខាងលើ​បាន​ចូល​ជា​ធរមាន​ហើយ​នោះ ច្បាស់​ណាស់​នឹងមាន​វិនិយោគិន​ជាច្រើន​ពី​ប្រទេស​ចិន​មក​វិនិយោគ​លើ​វិស័យ​នានា​នៅ​កម្ពុជា ពិសេស​វិនិយោគ​លើ​វិស័យ​កសិកម្ម​។ ដោយឡែក តាមរយៈ​FTA​នេះ កម្ពុជា​មានឱកាស​តិច​តួច​ណាស់​សម្រាប់​វិនិយោគិន​របស់​សហរដ្ឋអាមេរិក​មក​វិនិយោគ​ក្នុង​ទឹកដី​របស់ខ្លួន ដោយសារតែ​កត្តានយោបាយ និង​ការខ្វះខាត​នៃ​កម្លាំង​ពលកម្ម​ជំនាញ​។ នេះ​ជា​លើកឡើង​របស់លោក គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច ដោយ​បញ្ជាក់ថា​ខ្សែចង្វាក់​ផលិតកម្ម​របស់​វិនិយោគិន​អាមេរិក គឺ​អត់​ត្រូវ​នឹង​កម្លាំង​ពលកម្ម​ដែល​កម្ពុជា​កំពុងមាន​ឡើយ​។ 
 
​បណ្ឌិត​ស្រាវជ្រាវ​សេដ្ឋកិច្ច​រូបនេះ និយាយប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​ជំនាញ​កម្លាំង​ពលកម្ម​ក្នុង​ក្រ​ទេស​យើង មិនទាន់​សមស្រប​ជាមួយ​ផលិតកម្ម​ធុន​មធ្យម​និង​ធុន​ធ្ងន់​របស់​សហរដ្ឋអាមេរិក​បានឡើយ ដោយសារតែ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​យើង​នៅមានកម្រិត​»​។ បើតាម​លោក គី សេរី​វឌ្ឍន៍  បច្ចុប្បន្ន​កម្ពុ​ជាមាន​ធនធានធម្មជាតិ និង​ធនធាន​មូលធន ប៉ុន្តែ​នូវ​ខ្វះខាត​នូវ​ឡើយនៃ​កម្លាំង​ពលកម្ម ហើយ​ការខ្វះខាត​នេះ​គឺជា​ការលំបាក​ណាស់​សម្រាប់​ការ​ទាញ​ធុរជន​អាមេរិក មក​វិយោគ​នៅ​កម្ពុជា​។ 
 
​អ្នកវិភាគ​សេដ្ឋកិច្ច​រូបនេះ​មើលឃើញ ក្នុង​រយៈពេល​ភ្លាមៗ​បន្ទាប់ពី​FTA​រវាង​កម្ពុជា​-​ចិន​បាន​ចូល​ជា​ធរមាន កម្ពុជា គឺ​មិនទាន់​ដល់​ការ​ទាញ​អ្នកវិនិយោគ​អាមេរិក​បានឡើយ​។ ប៉ុន្តែ បើ​មាន​អ្នក​វិយោគ​អាមេរិក​ចូលមក​កម្ពុជា ក៏មាន​ចំនួន​តិចតួច​ដែរ ខណៈ​វិនិយោគិន​ចិន  កូរ៉េ និង​ជប៉ុន ជាច្រើន បាន​ត្រៀមខ្លួន​និង​រៀបចំ​ជាស្រេច​ក្នុងការ​វិយោគ​នៅ​កម្ពុជា​។ ពិសេស​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​ជាមាន​សក្កា​នុព​ល​របស់​កម្ពុជា ក្នុងការ​នាំចេញ​ដោយ​មិន​ជាប់​របាំង​ពន្ធគយ​។ 
 
​លោក គី សេរី​វឌ្ឍន៍ បាន​បន្តថា កត្តា​ទម្រង់​ផលិតកម្ម​នៃ​វិស័យ​កសិកម្ម​នេះ ក៏​ជា​កត្តា​ចម្បង​មួយ សម្រាប់​ធុរជន​អាមេរិក មិន​អាចមក​វិនិយោគ​នៅ​កម្ពុជា​បាន​ភ្លាមៗ បន្ទាប់​FTA​កម្ពុជា​-​ចិន មាន​ជា​ផ្លូវការ​។ លោក និយាយ​ដូច្នេះ​៖«​ក្នុង​រយៈពេល​ភ្លាមៗ​ក្រោយ​FTA​រវាង​កម្ពុជា​-​ចិន បានជា​[​អាមេរិក​] មិន​អាចមក​វិនិយោគ​នៅ​កម្ពុជា​បាន ដោយសារតែ​គម្រោង​លើកលែង​ពន្ធ​ដែល​អនុវត្ត​ចាប់ពី​ឆ្នាំ​២០២១​តទៅ មាន​ភាគច្រើន​គឺ​លើ​វិស័យ​កសិកម្ម​។  ហើយ​អាមេរិក ភាគច្រើន​គឺ​មិន​វិនិយោគ​លើ​វិស័យ​កសិកម្ម​ទេ​»​។  
 
​ដោយឡែក លើ​កត្តានយោបាយ​រវាង​អាមេរិក និង​ចិន នៃ​ជម្លោះ​ពាណិជ្ជកម្ម​នឹង​គ្នា​ដែល​នឹង​ជះឥទ្ធិពល​លើ​កម្ពុជា  លោក គី សេរី​វឌ្ឍន៍ មិនអាច​វាយតម្លៃ​ឬ​កំណត់​បានឡើយ​។ «​ប្រសិនបើជា​រឿង​កត្តានយោបាយ​[​រវាង​អាមេរិក​និង​ចិន​] គឺ​យើង​អត់​មាន​ហេតុផល​មក​និយាយថា​អ្នកវិនិយោគ​អាមេរិក មក​ឬ មិន​មក​ទេ គឺ​អាស្រ័យ​និន្នាការ និង​របស់​នយោបាយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក គី សេរី​វឌ្ឍន៍ ដោយ​បន្តថា​៖«​ប្រសិនបើ​អ្នកនយោបាយ​យល់ឃើញថា​ឥឡូវ​យើង​ត្រូវ​គ្នា យើង​ជួយ​គ្នា​[​អាមេរិក និង​ចិន​] ដើម្បីឱ្យ​កម្ពុជា​នាំ​[​ផលិតផល​]​ទៅ​ចិន​បាន នោះគេ​នឹង​ទម្លាក់​អ្នក​វិយោគ​មក​។ ប៉ុន្តែ​បើ​គេ​[​អាមេរិក​]​យល់ឃើញថា​កម្ពុជា​នៅតែ​សេពគប់​ជាមួយ​ចិន និង​មានគំនិត​មិន​ចង់​ប៉ះពាល់​ជាមួយ​ចិន​ទេ ទោះបីជា​យើង​មាន​ស្ថានភាព​សេដ្ឋកិច្ច​ល្អប្រសើរ​យ៉ាងណាក៏ដោយ ក៏​ធុរជន​អាមេរិក​មិន​មក​ដែរ​»​។ 
 
​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​មហាអំណាច​សេដ្ឋកិច្ច​អាមេរិក​និង​ចិន​នាពេល​បច្ចុប្បន្ន បានធ្វើឱ្យ​ក្រុមហ៊ុន​អាមេរិក​ជាច្រើន ដក​ការវិនិយោគ​របស់ខ្លួន​ពី​ប្រទេស​ចិន ហើយ​សម្លឹងមើល​ការ​វិយោគ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​វិញ​។ ប៉ុន្តែ​ចរន្ត​នៃ​ការវិនិយោគ​របស់​ក្រុមហ៊ុន​អាមេរិក​ទាំងនោះ នៅក្នុង​តំបន់​ភាគច្រើន​ឆ្ពោះទៅ​ប្រទេស​វៀតណាម​។ នេះ​ជា​លើកឡើង​របស់លោក  ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​វិទ្យាស្ថាន​ទស្សនវិស័យ​អាស៊ី ដោយ​បន្តថា ក្នុង​រយៈពេល​នេះ បើ​កម្ពុជា ខិតខំ​ជំរុញ​អភិបាលកិច្ច កាត់បន្ថយ​ភាពស្មុគស្មាញ​នៃ​ឯកសារ និង​អំពើពុករលួយ​ជាដើម គឺអាច​ទាញ​វិនិយោគិន​អាមេរិក​បាន​ខ្លះ​ដែរ តាមរយៈ​FTA​រវាង​កម្ពុជា​-​ចិន​។ 
 
​សម្រាប់​លោក ឈាង វណ្ណា​រិ​ទ្ធ មើលឃើញថា​FTA រវាង​កម្ពុជា​-​ចិន នឹង​អាចជួយ​កម្ពុជា ឱ្យមាន​លទ្ធភាព​ណាមួយ​សម្រាប់​ក្រុមហ៊ុន​ធំៗ​របស់​អាមេរិក​មក​សិក្សា​ក្នុងការ​វិនិយោគ​។ ហេតុផល​ដែល​FTA រវាង​កម្ពុជា​-​ចិន អាចជួយ​កម្ពុជា​ក្នុងការ​ទាញ​វិ​យោគិន​អាមេរិក​បាន គឺ​ព្រោះ​នៅពេលដែល​កម្ពុ​ជាមាន​FTA​ជាមួយ​ចិន នោះ​ការផ្លាស់ប្តូរ​ផលិត​រវាង​ប្រទេស​ទាំងនេះ​ទៅដោយ​រលូន​។ បើតាម​ប្រធាន​វិទ្យាស្ថាន​ទស្សនវិស័យ​អាស៊ី​រូបនេះ ក្រុមហ៊ុន​អាមេរិក​ដែល​មក​ផលិត​ទំនិញ​នៅ​កម្ពុជា​នោះ​គឺអាច​នាំ​ទំនិញ​ទៅ​អាមេរិក​បាន ហើយក៏​អាច​នាំទៅ​ប្រទេស​ចិន​បាន ដោយ​ផ្ទុយ​ពី​ក្រុមហ៊ុន​អាមេរិក​ដែល​កំពុង​វិនិយោគ​នៅ​ប្រទេស​ចិន​មិនអាច​នាំទៅ​សហរដ្ឋអាមេរិក​បាន ដោយសារតែ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ​នេះ​។ 
 
​អាមេរិក ក្រៅពី​ខ្លាំង​លើ​វិស័យ​តិច​ណូ​ឡូ​ជី​ហើយ​នោះ ក៏​ខ្លាំង​លើ​បច្ចេកវិទ្យា​ក្នុង​វិស័យ​កសិកម្ម​ផងដែរ​។ លោក ឈាង វណ្ណា​រិ​ទ្ធ និយាយ​ដូច្នេះ​៖«​ប្រសិនបើ​យើង​ទាញយក​ការវិនិយោគ​បច្ចេកវិទ្យា​ផលិតកម្ម​ផ្នែក​កសិកម្ម​ពី​សហរដ្ឋអាមេរិក​បាន​នោះ គឺ​ល្អ​សម្រាប់​កម្ពុជា​»​។ លោក​បាន​បន្តថា​៖«​បច្ចុប្បន្ននេះ វិស័យ​កសិកម្ម​យើង គឺ​ត្រូវការ​តែ​តិច​ណូ​ឡូ​ជី  និង​ចង្វាក់​ផលិតកម្ម​ទេ​។ ដោយឡែក ទីផ្សារ គឺ​យើង​មាន​ហើយ បន្ទាប់ពី​កម្ពុជា​-​ចិន ចុះហត្ថលេខា​លើ​FTA នាពេល​ខាង​មុននេះ​»​។ 
 
​លោក ឈាង វណ្ណ​រិ​ទ្ធ បាន​បញ្ជាក់ថា ភាពខ្លាំង​នៃ​បច្ចេកវិទ្យា​ផលិតកម្ម​ផ្នែក​កសិកម្ម​របស់​សហរ​ដ្ឋ​អាមេរិក ជា​ឱកាស​មួយ​សម្រាប់​អាមេរិក ក្នុងការ​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ពីព្រោះ​កម្ពុ​ជាមាន​ផ្ទៃដី​កសិកម្ម​ធំ ដី​មាន​ជីវជាតិ ពិសេស​គឺមាន​ទីផ្សារ​ពិភពលោក​មួយ​ដ៏​ធំជាងគេ ជា​ប្រទេស​ចិន​។  ថ្វី​ដ្បិត​FTA​រវាង​កម្ពុជា​-​ចិន​នេះ ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​អាមេរិក​មក​វិនិយោគ​នៅ​កម្ពុជា​ក៏ដោយ  ប៉ុន្តែ​លោក ឈាង វណ្ណ​រិ​ទ្ធ មិនអាច​កំណត់​នូវ​ភាពច្បាស់លាស់​ណាមួយ​បានឡើយ ថា អាមេរិក​ប្រាកដ​នឹង​មក​វិនិយោគ​នៅ​កម្ពុជា​តាមរយៈ​FTA​នេះ​។ ពោលគឺ​អាស្រ័យ​លើ​ភាព​មើលឃើញ​ឱកាស​របស់​វិនិយោគិន​អាមេរិក​ផ្ទាល់​តែម្តង​។​
 
​ជាមួយនឹង​គ្នា លោក  ឆេង គឹម​ឡុង នាយក​មជ្ឈមណ្ឌល​នវានុវត្តន៍​ផ្នែក​អភិបាលកិច្ច នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី មើលឃើញថា បន្ទាប់ពី​កម្ពុជា​-​ចិន មាន​FTA​ផ្លូវការ​ជាមួយគ្នា នោះ​វិនិយោគ​ធំៗ​របស់​សហរដ្ឋអាមេរិក នឹង​ចូលមក​កម្ពុជា​។ លោក បាន​បន្តថា បានជា​FTA​រវាង​កម្ពុជា​-​ចិន នឹងធ្វើ​ឱ្យ​ធុរជន​អាមេរិក មក​កម្ពុជា ព្រោះ​បច្ចុប្បន្ន ចិន និង​អាមេរិក​កំពុង​ប្រកួតប្រជែង​ផ្នែក​សេដ្ឋកិច្ច​ជាមួយគ្នា ហើយ​ប្រសិនបើ​អាមេរិក មិន​មក​វិយោគ​នៅ​កម្ពុជា​ក្នុងឱកាស​នេះ​ទេ នោះ​ទីផ្សារ​កម្ពុជា​ភាគច្រើន នឹង​បាន​ទៅលើ​ប្រទេស​ចិន​។ 
 
​ទន្ទឹមនឹង​ស​ម្លឹ​ក​មើល​ភាព​ប្រកួតប្រជែង​នៃ​ការវិនិយោគ​របស់​អាមេរិក​នៅ​កម្ពុជា ក្រោម​FTA​រវាង​កម្ពុជា​-​ចិន​នេះ វិនិយោគិន​ទាំងនោះ ក៏​ប្រឈម​នឹង​បញ្ហា​ជាច្រើន​ផងដែរ​។ ពិសេស​បញ្ហា​ពាក់ព័ន្ធ​រឿង​អំពើពុករលួយ​, បញ្ហា​បង់ពន្ធ​, ការចុះបញ្ជី​ការវិនិយោគ​មាន​ភាពស្មុគស្មាញ​, ភាពទន់ខ្សោយ​នៃ​ត​ម្ល​ភាព​នៅ​កម្ពុជា​...​ជាដើម​។ នេះ​ជាការ​លើកឡើង​របស់លោក គឹម​ឡុង ដោយ​បន្តថា​បញ្ហា​ទាំងនេះ គឺ​ភាពជា​ឧបសគ្គ​ដ៏​ធំ ដើម្បីឱ្យ​ធុរជន​អាមេរិក​ឱ្យមក​វិនិយោគ​នៅ​កម្ពុជា​។ 
 
​លោក​បណ្ឌិត ឆាយ គឹម​ឡុង បាន​និយាយ​ដូច្នេះ​៖«​ប្រសិនបើ​ប្រទេស​យើង​មាន​គោលនយោបាយ​មួយទៀត​ដោយ​ធ្វើកំណែទម្រង់​លើ​បញ្ហា​ខាងលើ​ទាំងនេះ សម្រាប់​ទីផ្សារសេរី​កុំ​ឱ្យមាន​ភាពស្មុគស្មាញ និង​បំបាត់​អំពើពុករលួយ​ឱ្យបាន​ច្រើន​ជា​អតិប្បរិមា​នោះ ខ្ញុំ​គិតថា​អ្នកវិនិយោគ​សេរី​មកពី​អាមេរិក គេ​មិន​ខ្លាច​ប្រជែង​នឹង​ជាទី​ផ្សារសេរី​របស់​ចិន​ឡើយ​»​។ ព្រោះ​បច្ចុប្បន្ននេះ យើង​មិនទាន់​អាច​គ្រប់គ្រង​នឹង​បញ្ហា​ទាំងអស់នេះ​បាន ដោយសារ​មន្ត្រី​អនុវត្ត​គោលនយោបាយ​ទាំងនេះ នៅមានកម្រិត​»​។ 
 
​ជាមួយនឹង​គ្នា​នេះ លោក មាស សុខ​សេន​សាន្ត អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  បាន​លើកឡើងថា ចិន​នឹង​ក្លាយជា​ទីផ្សារ​មួយ​យ៉ាង​ធំ​សម្រាប់​កម្ពុជា ក្រោយពេល​FTA​កម្ពុជា​-​ចិន បាន​ចូល​ធរមាន​។ តាមរយៈ​FTA នេះ កម្ពុជា​នឹង​ស្រូបយក​ក្រុមហ៊ុន​ធំៗ ក្នុង​នៅក្រៅ​តំបន់ រាប់ទាំង​សហរដ្ឋ​អ​មេ​រិ​ក ដើម្បី​វិយោគ​លើ ចង្វាក់​ផលិតកម្ម​នានា ពិសេស​ចង្វាក់​ផលិត​វិស័យ​កសិកម្ម សម្រាប់​នាំចេញ​ទៅ​ប្រទេស​ចិន ដែលជា​ទីផ្សារ​ដ៏​ធំជាងគេ ក្នុង​ពិភពលោក​។  
 
​បច្ចុប្បន្ន កម្ពុ​ជាមាន​សក្កា​នុព​ល​ផ្នែក​កសិកម្ម ហើយ​ក្រុមហ៊ុន​ធំៗ​មិន​ថា​ក្រុមហ៊ុន​របស់​ចិន ក្រុមហ៊ុន​របស់​អាមេរិក ក្រុមហ៊ុន​របស់​ជប៉ុន ក្រុមហ៊ុន​របស់​កូរ៉េ និង​ក្រុមហ៊ុន​របស់​សិង្ហ​បុរី​ទេ  តែ​ក្រុមហ៊ុន​ទាំង​មើលឃើញ​ពី​ផលចំណេញ​នៃ​ពាណិជ្ជកម្ម នោះគេ​នឹង​ចូល​កម្ពុជា​ដើម្បី​វិនិយោគ​លើ​ផ្នែក ក​សិ​-​ឧស្សាហកម្ម​ហើយ​។ នេះ​ជា​លើកឡើង​របស់ លោក មាស សុខ​សេន​សាន្ត ដោយ​បន្តថា សម្រាប់​ក្រុមហ៊ុន​វិនិយោគ​របស់​សហ​អាមេរិក គឺមាន​លទ្ធភាព​ក្នុងការ​វិនិយោគ​លើ​ផ្នែក​ក​សិ​-​ឧស្សា​កម្មនេះ តាមរយៈ​ការនាំ​ចូល​នូវ​បច្ចេកទេស​កែច្នៃ និង​ចង្វាក់​ផលិតកម្ម​ទំនើប​ចូល​កម្ពុជា​។ 
 
​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន នាពេល​បច្ចុប្បន្ន បានធ្វើឱ្យ​កម្ពុជា​ទទួលផល​ប្រយោជន៍​មួយផ្នែក ពី​ការវិនិយោគ​របស់​ក្រុមហ៊ុន​របស់​ប្រទេស​នានា ពិសេស​ក្រុមហ៊ុន​របស់​អាមេរិក ដែល​បាន​បង្វែរ និង​រើរុះ​ចង្វាក់​ផលិតកម្ម​នានា​ពី​ប្រទេស​មក​តំបន់​អាស៊ីអាគ្នេយ៍​។ បើតាម​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​រូបនេះ ប្រទេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ មាន​កម្ពុជា ថៃ និង​វៀតណាម គឺមាន​ឱកាស​ច្រើន​ក្នុង​ស្រូបយក​ក្រុមហ៊ុន​ធំៗ​ដែល​ចេញពី​ចិន​មក​វិនិយោគ ហើយ​ក្នុងចំណោម​ទាំង​៣​នេះ កម្ពុ​ជាមាន​សក្កា​នុព​ល​ខ្ពស់​សម្រាប់​ការ​និ​យោគ​របស់​ក្រុមហ៊ុន​ទាំងនោះ ពិសេស​អា​មេ​រិ ដោយសារ​កម្ពុជា​និង​ចិន មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយគ្នា​។ 
 
​កាលពី​ថ្ងៃទី​២១​កញ្ញា ឆ្នាំ​២០២០ ក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ ជាមួយ​លោក អា​ឡិច​សាន់​ដឺ ហ្វែ​ល​ម៉េ​ន (Alexander Feldman) ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន សម្ដេច ហ៊ុន សែន បាន​រំពឹងទុក​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​នេះ នឹង​អាច​ទាញ​ក្រុមហ៊ុន​អាមេរិក មក​វិនិយោគ​នៅ​កម្ពុជា​។ 
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​និយាយ​ដូច្នេះ​៖«​ខ្ញុំ​សង្ឃឹមថា ច្បាប់​និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នឹង​ដើរតួ​ជា​កត្តា​ដ៏​សំខាន់​មួយ ជួយ​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​សម្រាប់​ក្រុមហ៊ុន​អាមេរិក ដែល​កំពុង​រក​ទីតាំង​ផលិតកម្ម​ថ្មី នៅ​តំបន់​អាស៊ីអាគ្នេយ៍​»៕ 

Tag:
 FTA
  វិនិយោគ​
  កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com