COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
ទោះ​មាន COVID-19 បក្ស​កាន់អំណាច​លោកស្រី ស៊ូ​ជី មិន​ចង់​ពន្យារពេល​បោះឆ្នោត​
02, Oct 2020 , 10:29 pm        
រូបភាព
លោកស្រីអ៊ុងសាន ស៊ូជី រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា។ រូបភាព៖ AFP
លោកស្រីអ៊ុងសាន ស៊ូជី រដ្ឋមន្រ្តីការបរទេសមីយ៉ាន់ម៉ា។ រូបភាព៖ AFP
​បើ​គ្មាន​ការប្រែប្រួល​ទេ ការបោះឆ្នោត​ថ្នាក់ជាតិ​នៅ​មី​យ៉ាន់​ម៉ា នឹងត្រូវ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​ខាងមុខ​។ ដំណើរការ​បោះឆ្នោត​នៅក្នុង​ឆ្នាំ​២០២០​នេះ មិនមែនជា​រឿង​ងាយស្រួល​ឡើយ​សម្រាប់​បក្សនយោបាយ ដ្បិតថា​មី​យ៉ាន់​ម៉ា កំពុង​រង​ការ​រាតត្បាត​ដោយ​មេរោគ COVID-19 យ៉ាងធ្ងន់ធ្ងរ​។ ប៉ុន្តែ​ការឈាន​ទៅលើ​ក​ពេល​បោះឆ្នោត ទំនងជា​មិនមែនជា​ជម្រើស​ល្អ​ដែល​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ចង់បាន​ឡើយ​។  ដ្បិតថា គេ​មើលឃើញថា ប្រជាប្រិយភាព​បក្ស​នេះ​អាច​នឹង​បន្ត​កាន់តែ​ធ្លាក់ចុះ​នៅពេល​ខាងមុខ និង​ក្លាយជា​ហានិភ័យ​នយោបាយ បើ​មានការ​ពន្យារពេល​បោះឆ្នោត​មែន​នោះ​។

 
​គិត​មក​ត្រឹម​ថ្ងៃទី​១ ខែតុលា មី​យ៉ាន់​ម៉ា​កំពុង​ប្រឈម​ខ្លាំង​ក្នុងករណី​ឆ្លង​ជំងឺ COVID-19 ដោយ​ប្រទេស​នេះ​មាន​អ្នក​ឆ្លង​សរុប​ចំនួន ១៤៣៨៣ ករណី អ្នកស្លាប់​មាន​ចំនួន ៣២១​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៤១៥៦​នាក់​។ មី​យ៉ាន់​ម៉ា​ឈរ​នៅ​លំដាប់​ទី​៤ នៃ​ប្រទេស​មាន​ករណី​ឆ្លង COVID-19 សរុប​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​
 
​តាម​កាលបរិច្ឆេទ​កំណត់ ការបោះឆ្នោត​សភា​នឹង​នៅតែ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​ខាងមុខ មី​យ៉ាន់​។ ការបោះឆ្នោត​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​ជ្រើសរើស​សមាជិកសភា​ជាន់ខ្ពស់​, សភាតំណាងរាស្ត្រ​, សភា​តំបន់​ឬ​រដ្ឋ​។ ចំណែក​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ជនជាតិភាគតិច ក៏​ត្រូវបាន​បោះឆ្នោត​នៅក្នុង​ថ្ងៃ​ដដែល​នេះដែរ ប៉ុន្តែ​មានតែ​ក្រុម​ជនជាតិភាគតិច​មួយចំនួន​ប៉ុណ្ណោះ ដែល​ត្រូវបាន​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​កំណត់ ឲ្យ​បោះឆ្នោត​រើស​រដ្ឋមន្ត្រី​ទទួលបន្ទុក​ជនជាតិភាគតិច​។  
 
​គ្រប់​គណបក្សនយោបាយ​ទាំងអស់ ត្រូវបាន​អនុញ្ញាត​ឲ្យ​ឃោសនា​រក​សម្លេងឆ្នោត តាំងពី​ថ្ងៃទី​៨ ខែកញ្ញា​មក​ម្លេះ ប៉ុន្តែ​គណបក្ស មិនអាច​ឃោសនា​រក​សម្លេងឆ្នោត​បា​ន​ដោយ​ទូលំទូលាយ​ឡើយ ព្រោះ​COVID-19 បានធ្វើ​ឲ្យ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​សហព័ន្ធ​មី​យ៉ាន់​ម៉ា​(UEC) បិទ​ក្រុង​មួយចំនួន ដូចជា​ក្រុង​យ៉ាំង​ហ្គោ​ន​ជាដើម​។​
 
តាម​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​ ប្រធានាធិបតី រើស​ចេញពី​បេក្ខជន​អនុ​ប្រធានាធិបតី ដែល​ស្នើ​ដោយ​សភា​ទាំងពីរ និង​សមាជិកសភា​យោធា​។ សមាជិកសភា​ដែល​ទើប​ជាប់ឆ្នោត​ថ្មី ជា​អ្នកបោះឆ្នោត​គាំទ្រ​បេ​ក្ខ​ជ​ណាមួយ​ក្នុងចំណោម​បេក្ខជន​ទាំងអស​។ បេក្ខជន​ដែលមាន​សំឡេងគាំទ្រ​ច្រើនជាងគេ ក្លាយជា​ប្រធានាធិបតី បេក្ខជន​បន្ទាប់​ក្លាយជា​អនុ​ប្រធានាធិបតី​ទីមួយ និង​ទី​ពីរ​។ ប្រធានាធិបតី​អាច​កាន់តំណែង​បាន​៥​ឆ្នាំ និង​មិនអាច​កាន់តំណែង​បាន​លើស ពីរ​អាណត្តិ​ឡើយ​។ បន្ទាប់ពី​កាន់តំណែង​បាន​៥​ឆ្នាំ ប្រធានាធិបតី​ត្រូវ​ឈរឈ្មោះ​ម្តងទៀត​។ 
 
​ចំណែក​លក្ខខណ្ឌ​នៃ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា មានដូចជា ត្រូវតែ​ស្មោះត្រង់​ចំពោះ​សហព័ន្ធ និង​ប្រជាជន​, ជា​ប្រជាជន​មី​យ៉ាន់​ម៉ា​, មាន​ឪពុកម្តាយ​ជា​ជនជាតិ​មី​យ៉ាន់​ម៉ា​, មាន​អាយុ​យ៉ាងហោចណាស់​៤៥​ឆ្នាំ​, មិនមាន​សញ្ជាតិ​បរទេស មិនមាន​កូន ឬ​ភរិយា ឬ​ស្វាមី ឬ​ឪពុកម្តាយ​ជា​សញ្ជាតិ​បរទេស និង​។ ដោយសារ​លក្ខខណ្ឌ​នេះហើយ ទើប​លោកស្រី អ៊ុង​សាន ស៊ូ​ជី មិនអាច​កាន់តំណែង​ជា​ប្រធានាធិបតី​បាន ដោយសារ​មាន​ស្វាមី​ជា​ជនជាតិ​អង់គ្លេស​។​ស្វាមី​លោកស្រី​បាន​បាត់​បង់ជីវិត​នៅ​១៩៩៩​។ 
 
​បន្ទាប់ពី​កាន់តំណែង ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​នឹង​តែងតាំង​រដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ដោយមាន​ការយល់ព្រម​ពី​សភា​សហព័ន្ធ ដែលជា​កិច្ចប្រជុំ​រួម​រវាង​សភា​ជាន់ខ្ពស់ និង​សភា​ជាន់​ទាប​។ រដ្ឋមន្ត្រី​ការពារជាតិ មហាផ្ទៃ និង​កិច្ចការ​ព្រំដែន ត្រូវ​ជ្រើសរើស​ដោយ​ប្រមុខ​កងទ័ព​ជាមុន ទើប​ប្រធានាធិបតី​យល់ព្រម​តាម​ក្រោយ​។ 
​ត្រឡប់មក​និយាយ​ពី​ការបោះឆ្នោត​វិញ​។ ដោយសារតែ ស្ថានភាព​មិនសូវ​អំណោយផល​នេះ សំណួរ​មួយ​ផុស​ឡើង ថា​តើ​ការបោះឆ្នោត​សាកល​ដែល​កំណត់​មេដឹកនាំ​ថ្មី​សម្រាប់​រដ្ឋ​ប្រជាធិបតេយ្យ​ថ្មីថ្មោង​នេះ​នឹងត្រូវ​ពន្យារពេល​ឬ​អត់​យ៉ាងណា​។ សំណួរ​នេះ​ជា​សំណួរ​ដ៏​ពិបាក​ឆ្លើយ​សម្រាប់​អ្នកនយោបាយ​មី​យ៉ាន់​ម៉ា​ដ្បិត​វា​ពាក់ព័ន្ធ​នឹង​អនាគត​នយោបាយ​ផង និង​បញ្ហា​សុវត្ថិភាព និង​សុខុមាលភាព​សាធារណៈ​ផង​។ 
 
​ប៉ុន្តែ​ទោះជា​បែបណា​ក្តី សេណា​រី​យ៉ូ​មួយ​ដែល​កើតចេញពី​ការពន្យារពេល​បោះឆ្នោត​ដោយសារ​មេរោគ​ឆ្លង​នេះ​មិនមែនជា​អ្វីដែល​បក្ស​កំពុងកាន់​អំណាច សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី ចង់​បានទេ​។ តើ​មកពី​មូលហេតុ​អ្វី​?  
 
​តាមពិតទៅ កន្លងមក បក្ស​អភិវឌ្ឍន៍ និង​សាមគ្គីភាព​សហព័ន្ធ និង​គណបក្ស​ផ្សេងទៀត​ចំនួន​២៣ បានដាក់​លិខិត​ចំហ​មួយ​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ស្នើ​ឲ្យ​លើក​ពេល​បោះឆ្នោត ព្រោះ​ការ​រាតត្បាត​នៃ​COVID-19 នៅក្នុង​ប្រទេស​។ ជាការ​ឆ្លើយតប មន្ត្រីជាន់ខ្ពស់​របស់​UEC បាន​អះអាង ការបោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា នឹងមិន​លើក​ពេល​ឡើយ​។ 
 
​ផ្ទុយទៅវិញ បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ និង​លោកស្រី ស៊ូ​ជី មិន​ចង់​លើក​ពេល​នៃ​ការបោះឆ្នោត​ឡើយ បើទោះបីជា​គណបក្ស​នេះ ត្រូវគេ​ជឿថា នឹង​ឈ្នះឆ្នោត​ក្នុង​អាណត្តិ​ថ្មី​ក៏ដោយ​ក្តី​។ បើតាម​អ្នកនាំពាក្យ​របស់​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ការលើក​ពេល​បោះឆ្នោត នឹង​បង្ក​ឲ្យ​មាន​ភាពមិនច្បាស់លាស់​នៃ​អនាគត ជាពិសេស​នឹង​បង្ក​ឲ្យ​មាន​បញ្ហា​ជាច្រើន​នៅពេល​ខាងមុខ ក្នុងនោះ​មានដូចជា វិបត្តិ​នយោបាយ បញ្ហា​សេដ្ឋកិច្ច ឬ​សុខាភិបាល​ជាដើម​។ 
 
​ក្នុង​ពេលនេះ COVID-19 កាន់តែ​រាតត្បាត​កាន់តែខ្លាំង​នៅ​មី​យ៉ាន់​ម៉ា​។ ប្រសិនបើ​លើក​ពេល​បោះឆ្នោត បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ អាច​នឹង​បាត់បង់​ប្រជាប្រិយភាព​ជាង​ពេលនេះ ដោយសារ​ការគ្រប់គ្រង និង​ទប់ស្កាត់​COVID-19 មិនបាន​ល្អ​។ ម្យ៉ាងវិញទៀត នៅក្នុង​រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា មិនមាន​ចែង​ពី​នីតិវិធី​នៃ​ការលើក​ពេល​បោះឆ្នោត​ឡើយ ខណៈ​សភា​មី​យ៉ាន់​ម៉ា បាន​រំលាយ​រួចហើយ​។​
 
​បន្ទាប់ពី​ស្វែងយល់​ពី​ហេតុផល​ដែល​បក្ស​កាន់អំណាច​មិន​ចង់​ឲ្យ​មានការ​អូសបន្លាយ​ពេល​បោះឆ្នោត​ហើយ វា​ជា​រឿង​ចាំបាច់​ដែល​មិត្ត​អ្នកអាន​គួរស្វែងយល់​បន្ថែម​ពី ដំណើរ​ការរៀប​ចំការ​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​មី​យ៉ាន់​ម៉ា​ក្នុង​បរិបទ​COVID-19 បែបនេះ​។ 
 
​វិធានការ​បោះឆ្នោត​ក្នុង​វិបត្តិ COVID-19
 
​តាមពិតទៅ ក្នុងដំណាក់កាល COVID-19 មី​យ៉ាន់​ម៉ា មិន​អនុញ្ញាត​ឲ្យ​មានការ​ឃោសនា​ដូច​ធម្មតា​ឡើយ​។ តាម​ការកំណត់​របស់​គណៈកម្មការ​រៀបចំ ការឃោសនា មិន​អនុញ្ញាត​ឲ្យ​មាន​ក្នុង​តំបន់​ជាប់​បម្រាម​ឲ្យ​ប្រជាជន​ស្នាក់​នៅផ្ទះ​ឡើយ ហើយ​អ្នក​ឈរឈ្មោះ ដែល​រស់នៅក្នុង​តំបន់​ជាប់​បម្រាម​ស្នាក់​នៅផ្ទះ និង​មាន​ឈរឈ្មោះ​នៅ​តំបន់​ផ្សេង ក៏ត្រូវ​រឹតត្បិត​ការ​យុទ្ធនាការ​ដែរ​។ រថយន្ត​ឃោសនា តម្រូវ​ឲ្យ​ដាក់​មនុស្ស​ពាក់កណ្តាល ហើយ​អ្នកចូលរួម​ត្រូវតែមាន​កម្តៅ​ក្រោម​៣៨​អង្សា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Irrawady​។​
 

​រូបភាព​៖ ប្រជាជន​មី​យ៉ាន់​ម៉ា​ឈរ និង​អង្គុយ​នៅក្រោម​បដា​របស់​បក្ស​សម្ព័ន្ធជាតិ ដើម្បី​ប្រជាធិបតេយ្យ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២០​។ រូបភាព​៖ AFP
 
​បន្ថែម​ពីលើ​នេះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​មី​យ៉ាន់​ម៉ា ហាម​ការជួបជុំ​លើសពី​៥០​នាក់ ហើយ​អ្នកចូលរួម​ត្រូវ​រក្សា​គម្លាត​ជិត​ពីរ​ម៉ែត្រ ពាក់​ម៉ាស់ របាំងមុខ និង​ត្រូវមាន​ទឹក​សម្លាប់​មេរោគ​។ ការ​ចាប់ដៃ និង​ឱប​ក្នុងអំឡុង​ពេលនេះ ត្រូវ​ហាមឃាត់​។ 
 
​យ៉ាងណាមិញ មណ្ឌលបោះឆ្នោត នឹងត្រូវ​បង្កើន​ឲ្យ​ច្រើនជាង​មុន ដើម្បី​កាត់បន្ថយ​ចំនួន​មនុស្ស​ក្នុង​មណ្ឌល​នីមួយៗ​។ UEC អះអាងថា មណ្ឌលបោះឆ្នោត​អាច​នឹងត្រូវ​បង្កើន​ពី​៤​ម៉ឺន ទៅ​៥​ម៉ឺន​មណ្ឌល ដើម្បី​កាត់បន្ថយ​ភាព​ណែនណាន់​ខ្នាន់ខ្នាប់​នៃ​អ្នកបោះឆ្នោត​។ ការបង្កើន​មណ្ឌលបោះឆ្នោត​នេះ អាច​កាត់បន្ថយ​អ្នកបោះឆ្នោត​ពី​១៥០០​នាក់ ទៅ ៣០០០​នាក់​។ 
 
​គណបក្ស​ចូលរួម​ការបោះឆ្នោត​ថ្នាក់ជាតិ​
​នៅក្នុង​ឆ្នាំ​២០២០ បក្សនយោបាយ​ចំនួន​១២៨ បាន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត ប៉ុន្តែ​បក្ស​ចំនួន​៣១ ត្រូវ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​លុបចោល និង​៣​បក្ស​ផ្សេងទៀត ផ្អាក​សកម្មភាព​បណ្តោះអាសន្ន​។ ចំនួន​បក្ស​ដែល​នៅសល់ មាន​ចំនួន​៩៧ ដោយ​ក្នុងនោះ បក្ស​ចំនួន​៧៩ នឹង​ឃោសនា​នៅ​ទូទាំងប្រទេស ស្របពេល​បក្ស​ចំនួន ១៨​ផ្សេងទៀត នឹង​ឃោសនា​នៅក្នុង​តំបន់ ឬ​រដ្ឋ​មួយ​ប៉ុណ្ណោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Eleven Myanmar ​។ នៅក្នុង​ឆ្នាំ​២០១៥ មាន​បក្សនយោបាយ​ចំនួន​១០០ បាន​ចុះឈ្មោះ​ចូលរួម​ការបោះឆ្នោត​។ 
 
​មានតែ​បក្ស​ពីរ​ប៉ុណ្ណោះ​ដែល​សំខាន់​មាន​បក្ស​កាន់អំណាច សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) របស់លោក​ស្រី ស៊ូ​ជី និង​បក្ស​អភិវឌ្ឍន៍ និង​សាមគ្គីភាព​សហព័ន្ធ​(USDP) ដែលជា​បក្សប្រឆាំង​ដ៏​សំខាន់​នៅក្នុង​សភា​។ ចំណែក​គណបក្ស​ផ្សេងទៀត ដែលមាន​សម្លេង​តាម​ពីក្រោយ​បក្ស​ខាងលើ​នៅក្នុង​សភា មានដូចជា បក្ស​ជាតិ Arakan (ANP), បក្សសម្ព័ន្ធ​សញ្ជាតិ​ដើម្បី​ប្រជាធិបតេយ្យ Shan (SNLD), បក្ស​ជាតិ Ta’ang និង​គណបក្ស​ផ្សេងទៀត​។ 
 

​រូបភាព​៖ AFP
 
​ការរៀបចំ​ឲ្យ​បោះឆ្នោត​នៅក្រៅ​ប្រទេស​
​មិន​ត្រឹមតែ​រៀបចំ​ឲ្យ​ប្រជាជន​ក្នុងប្រទេស​អាច​បោះឆ្នោត​បា​ន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មី​យ៉ាន់​ម៉ា ក៏បាន​រៀបចំ​ឲ្យ​ប្រជាជន​រស់នៅ​បរទេស អាច​បោះឆ្នោត​បាន​ផងដែរ​។ ដោយមាន​ស្ថានទូត ស្ថាន​កុងស៊ុល​ចំនួន​៤៥ មី​យ៉ាន់​ម៉ា​បាន​បញ្ជូន​សន្លឹកឆ្នោត​ចំនួន ១០១៥២៦​សន្លឹក​ទៅ​បរទេស​។ ចំនួន​សន្លឹកឆ្នោត​នេះ គឺ​ច្រើនជាង ៣​ដង បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ដែលមាន​ចំនួន​ត្រឹមតែ ៣៥០០០​សន្លឹក​ប៉ុណ្ណោះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Channel News Asia​។ 
 
​សម្រាប់​ករណី​នៅក្នុង​ប្រទេស​សិង្ហ​បុរី ទូត​មី​យ៉ាន់​ម៉ា បាន​បញ្ជាក់ថា ប្រជាជន​មី​យ៉ាន់​ម៉ា​ចំនួន ៣៤០០០​នាក់ បាន​ចុះឈ្មោះ​បោះឆ្នោត ប៉ុន្តែ​មានតែ​ប្រជាជន​ចំនួន ៣២០០០​នាក់​ប៉ុណ្ណោះ ដែល​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​សហព័ន្ធ​មី​យ៉ាន់​ម៉ា​រកឃើញថា មាន​សិទ្ធិ​បោះឆ្នោត​។ ស្ថានទូត​មី​យ៉ាន់​ម៉ា នឹង​អនុញ្ញាត​ឲ្យ​មានការ​បោះឆ្នោត​ចំនួន ១៨​ថ្ងៃ ហើយ​អ្នកបោះឆ្នោត ត្រូវ​រៀបចំ​ពេលវេលា​ឲ្យ​បោះឆ្នោត ដើម្បី​គោរព​តាម​វិធាន​ទប់ស្កាត់​COVID-19 របស់​សិង្ហ​បុរី​។ ការឃោសនាបោះឆ្នោត ការ​ពាក់អាវ​បក្ស​ផ្សេងៗ​នៅ​សិង្ហ​បុរី គឺ​មិន​អនុញ្ញាត​ឡើយ​៕

Tag:
 មី​យ៉ាន់​ម៉ា​
  បោះឆ្នោត​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com