ជាតិ
រដ្ឋបាលជលផលប្រកាសបើករដូវនេសាទវិញ ហើយអាជីវកម្មនេសាទត្រូវមានលិខិតអនុញ្ញាតត្រឹមត្រូវ
× ភ្នំពេញ៖ រដ្ឋបាលជលផល ប្រកាសបើកនេសាទនៅដែនទន្លេទឹកសាប សម្រាប់ឆ្នាំ២០២០-២០២១ ដោយចាប់ពីថ្ងៃទី១ ខែតុលានេះតទៅ រហូតដល់ខែមិថុនា នៅតំបន់ផ្សេងៗគ្នានៃដែនទន្លេសាប។ នេះតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល។
ដែននេសាទទឹកសាប ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុម្មុខ ដែលមានខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគីរី មណ្ឌលគីរី ព្រះវិហារ ប៉ៃលិន ឧត្តរមានជ័យ រាជធានីភ្នំពេញ និងខេត្តកណ្ដាលដែលនៅប៉ែកខាងជើងទន្លេចតុម្មុខ នឹងត្រូវបើកឱ្យនេសាទ ចាប់ពីថ្ងៃទី១ ខែតុលាតទៅ រហូតដល់ថ្ងៃទី ៣១ ខែឧសភា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល ដែលបានបន្តថា ដែននេសាទទឹកសាបនៅខេត្តស្ទឹងត្រែង ក៏បើកចាប់ពីថ្ងៃទី ១ខែតុលាដែរ តែត្រូវបញ្ចប់ត្រឹមថ្ងៃ ១ ខែឧសភា។
ដោយឡែកដែននេសាទទឹកសាប ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុម្មុខ រួមមាន ព្រៃវែង តាកែវ កំពង់ស្ពឺ ស្វាយរៀង និងមួយផ្នែកនៅភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្ដាល ដែលនៅប៉ែកខាងត្បូងទន្លេចតុម្មុខ បើកឱ្យនេសាទចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ដល់ថ្ងៃទី ៣០ មិថុនា។
រដ្ឋបាលជលផលបានសង្កត់ធ្ងន់ថា នៅរយៈពេលបើកនេសាទនេះ ពលរដ្ឋអាចធ្វើអាជីវកម្មនេសាទដោយឧបករណ៍ នេសាទជាលក្ខណៈ គ្រួសារ ដែលអនុញ្ញាតនៅក្នុងដែននេសាទទឹកសាប។ ក្រៅពីនេះ ការធ្វើនេសាទត្រូវ មានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទ, មានកាតព្វកិច្ចបង់ពន្ធ និងថ្លៃឈ្នួលនេសាទជូនរដ្ឋ ,គោរពតាមបទបញ្ជាដែលមានចែងក្នុងលិខិតអនុញ្ញាតឱ្យធ្វើនេសាទ។
ចំពោះអ្នកនេសាទដែលមានបំណងធ្វើនេសាទ ដោយប្រើប្រាស់ឧបករណ៍ «ម៉ាញ់ »នៅដងទន្លេមេគង្គ និងទន្លេសាប ក្នុងទីតាំងដែលរដ្ឋបានអនុញ្ញាត ត្រូវចុះឈ្មោះសុំលិខិតអនុញ្ញាត ឱ្យធ្វើនេសាទ នៅតាមខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
Tag:
នេសាទ
ទន្លេសាប
ជលផល
ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com